Eden Hazard ចេញមុខឆ្លើយតបនឹងពាក្យចចាមអារ៉ាមចូលនិវត្តន៍ បន្ទាប់ពីចាកចេញពី Real Madrid
ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិក កីឡាករ Eden Hazard បានលើកឡើងថា រូបគេមិនទាន់ត្រៀមខ្លួនចូលនិវត្តន៍ទេ បន្ទាប់ពីចាកចេញពី Real Madrid។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Metro។
កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានយល់ព្រមបញ្ចប់កិច្ចសន្យា ដែលមានតម្លៃ ៤00,00អឺរ៉ូ ក្នុងមួយសប្តាហ៍ជាមួយក្លិបអធិរាជស Real Madrid ដែលមានន័យថា គេអាចរកក្លិបថ្មីលេងបាន នៅរដូវក្តៅនេះ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ថ្មីៗនេះ បានអះអាងថា Hazard កំពុងពិចារណាចូលនិវត្តន៍ពីបាល់ទាត់ ខណៈដែលគាត់ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅលីគកំពូលអាមេរិក MLS និងការវិលត្រឡប់ទៅកាន់ប្រទេសបែលហ្ស៊ិកវិញផងដែរ។
Hazard ត្រូវបានផ្តល់នូវការកោតសរសើរ នៅកីឡដ្ឋាន King Baudouin កាលពីល្ងាចថ្ងៃសៅរ៍ ខណៈបែលហ្ស៊ិក ស្មើជាមួយអូទ្រីស ក្នុងការប្រកួតជម្រុះ Euro 2024 របស់ពួកគេ។
នៅពេលសួរអំពីការទទួលស្វាគមន៍ ដែលគាត់ទទួលបានពីអ្នកគាំទ្ររបស់បែលហ្ស៊ិក និងអតីតមិត្តរួមក្រុមអន្តរជាតិរបស់គាត់ Hazard បានប្រាប់ RTBF ថា៖« វាធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់ វាជាអារម្មណ៍ដ៏អស្ចារ្យ។ វាក៏បញ្ជាក់ថា ខ្ញុំបានធ្វើរឿងល្អច្រើនដែរ។ ខ្ញុំមិនចូលចិត្តមើលការប្រកួតទេ ហើយវាជាការខកចិត្ត ខ្ញុំចង់ជួយក្រុម… ប៉ុន្តែជាអកុសល ខ្ញុំមិនអាចទេ»។
នៅពេលសួរអំពីការផ្លាស់ប្តូរបន្ទាប់របស់គាត់ Hazard បានឆ្លើយតបថា៖ «និយាយដោយស្មោះត្រង់ ខ្ញុំមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថា អាចក្លាយជាកីឡាករបាល់ទាត់អាជីព ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ខ្ញុំបានសម្រាកពីរឬបីឆ្នាំហើយ។ ខ្ញុំនៅតែមានថាមពលបន្តិចបន្តួច»៕