ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយរបស់អាមេរិក បោះទុន ២៥ពាន់លានដុល្លារ ពង្រីកទីផ្សារបន្ថែមទៀតនៅអ៊ីស្រាអែល
បរទេស: នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Intel Corp នឹងបោះទុនប្រមាណ ២៥ពាន់លានដុល្លារ លើរោងចក្រថ្មីមួយនៅក្នុងប្រទេសអ៊ីស្រាអែល ដែលវាគឺជាការវិនិយោគអន្តរជាតិដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេស។
ក្រសួងហិរញ្ញវត្ថុរបស់អ៊ីស្រាអែលបាននិយាយថា រោងចក្រនៅ Kiryat Gat នឹងបើកដំណើរការនៅឆ្នាំ២០២៧ ដែលនឹងផ្តល់ការងារដល់មនុស្សរាប់ពាន់នាក់។ ក្រសួងបានបន្ថែមថា នៅក្រោមកិច្ចព្រមព្រៀង ក្រុមហ៊ុន Intel នឹងបង់ពន្ធ ៧.៥% ខណៈដែលបច្ចុប្បន្ន រដ្ឋាភិបាលតម្រូវឱ្យបង់ពន្ធត្រឹម ៥% ប៉ុណ្ណោះ។
លោក Netanyahu បានហៅកិច្ចព្រមព្រៀងនេះថា “សមិទ្ធិផលដ៏អស្ចារ្យសម្រាប់សេដ្ឋកិច្ចអ៊ីស្រាអែល (២៥ពាន់លានដុល្លារអាមេរិក) ដែលជាការវិនិយោគដ៏ធំបំផុតមិនធ្លាប់មានដោយក្រុមហ៊ុនអន្តរជាតិនៅអ៊ីស្រាអែល” ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Intel បាននិយាយថាប្រតិបត្តិការអ៊ីស្រាអែលរបស់ខ្លួនបាន “ដើរតួនាទីយ៉ាងសំខាន់” នៅក្នុងភាពជោគជ័យជាសកលរបស់ក្រុមហ៊ុន។
Intel បានបន្ថែមទៀតថា “ចេតនារបស់យើងក្នុងការពង្រីកសមត្ថភាពផលិតកម្មនៅក្នុងប្រទេសអ៊ីស្រាអែលត្រូវបានជំរុញដោយការប្តេជ្ញាចិត្តរបស់យើងក្នុងការបំពេញតម្រូវការផលិតកម្មនាពេលអនាគត … ហើយយើងសូមកោតសរសើរចំពោះការបន្តគាំទ្ររបស់រដ្ឋាភិបាលអ៊ីស្រាអែល” ។
ក្នុងអំឡុងពេលប្រតិបត្តិការជិត ៥ទសវត្សរ៍របស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល ក្រុមហ៊ុន Intel បានរីកចម្រើនក្លាយជានិយោជក និងអ្នកនាំចេញឯកជនដ៏ធំបំផុតរបស់ប្រទេស និងជាអ្នកដឹកនាំឧស្សាហកម្មអេឡិចត្រូនិក និងព័ត៌មានក្នុងស្រុក។
គួរបញ្ជាក់ផងដែរថាក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន Intel បានទិញក្រុមហ៊ុនអ៊ីស្រាអែល Mobileye Global Inc ដែលជាក្រុមហ៊ុនបង្កើត និងដាក់ពង្រាយប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ក្នុងតម្លៃ ១៥ពាន់លានដុល្លារ៕