Close

សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីសាទរចំពោះការផ្ដល់កម្ចីដល់កសិករ និងរំពឹងពង្រីកទីផ្សារកាន់តែធំ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ សង្គម
សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីសាទរចំពោះការផ្ដល់កម្ចីដល់កសិករ និងរំពឹងពង្រីកទីផ្សារកាន់តែធំ សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីសាទរចំពោះការផ្ដល់កម្ចីដល់កសិករ និងរំពឹងពង្រីកទីផ្សារកាន់តែធំ

ស្របទៅនឹងគោលដៅក្លាយខ្លួនទៅជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីរបស់រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្ដល់កម្ចីក្នុងអាត្រាការប្រាក់ទាបទៅដល់កសិករដែលដាំដុះ ដំណាំស្វាចន្ទី។

ការផ្ដល់កម្ចីនោះគឺធ្វើឡើងដោយកសិករគ្រាន់តែយកស្តុកគ្រាប់ស្វាយចន្ទីស្ងួត មកដាក់ធ្វើជាទ្រព្យធានា​បំណុល។ ករណីនេះ ធនាគារអាចផ្តល់ឥណទាន ជូនរហូតដល់៧០ភាគរយនៃតម្លៃគ្រាប់ស្វាយចន្ទី ក្នុងឃ្លាំងស្តុក។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកនៃធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម។

យ៉ាងណាមិញ សម្រាប់សហគ្រាសកែច្នៃ ឬកសិករដែលដាំដុះផ្ទាល់ នេះគឺជាដំណឹងដ៏ល្អមួយ។ ដំណឹងល្អព្រោះថា កន្លងមកពួកគេតែងតែជួបប្រទះនូវបញ្ហាខ្វះដើមទុនក្នុងការដាំដុះ ជាពិសេសការ ដាំដុះដែលត្រូវតាមស្តង់ដារ។ ករណីមួយចំនួនក៏បានទាញឱ្យកសិករឈានទៅប្រើប្រាស់កម្ចីក្រៅផ្លូវ ការ ឬកម្ចីពីមីក្រូហិរញ្ញវត្ថុដែលមានអាត្រាការប្រាក់ខ្ពស់ និងប៉ះពាល់ដល់លទ្ធភាពសងត្រឡប់មក​វិញ។

ដោយឡែក សហគ្រាស Handcrafted Cashew nuts stung treng (HCST) ជាសហគ្រាសមួយ ដែលផ្ដោតលើការកែច្នៃគ្រាប់ស្វាយចន្ទីទៅជាផលិតផលសម្រេចផ្សេងៗ។ បច្ចុប្បន្ន សហគ្រាសមួយនេះ បានរួមចំណែកជួយកសិករជាច្រើនគ្រួសារឱ្យមានទីផ្សារលក់គ្រាប់ស្វាយចន្ទីរបស់ពួកគេ។

មិនត្រឹមតែលក់នៅក្នុងស្រុកនោះទេ ផលិតផលសម្រេចរបស់សហគ្រាសមួយនេះ ក៏កំពុងមានវត្តមាន​នៅលើទីផ្សារអន្តរជាតិមួយចំនួនដូចជា អង់គ្លេស អាមេរិក ជប៉ុន​ ចិន និងកូរ៉េជាដើម។

កញ្ញា សឿន សុទ្ធនីតា ដែលជាអ្នកតំណាងសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីនាខេត្តស្ទឹងត្រែងនេះបាន ឱ្យដឹងថា៖ « ពួកយើងសប្បាយចិត្តច្រើនបន្ទាប់ពីបានលឺពីកម្ចីដែលធនាគារផ្ដល់ឱ្យ នេះក៏ជាការងារ​មួយ​ដែលសហគ្រាសធ្លាប់បានគិតរកវិធីថាចង់ជួយកសិករលើការដាំដុះដំណាំផងដែរ។»

កញ្ញាបន្តថា ដោយសារតែផលិតផលចេញពីសហគ្រាសនឹងត្រូវនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូច្នេះហើយស្តង់ដារផលិតគឺជារឿងមួយដែលកញ្ញាមានការយកចិត្តទុកដាក់ខ្ពស់។ បើតាមការបញ្ជាក់ របស់កញ្ញា ដើម្បីអាចសម្រេចបានស្តង់ដារដែលទីផ្សារអន្តរជាតិចង់បាន គឺត្រូវរាប់ចាប់តាំងពីការដាំដុះ ទៅ។ ហើយកន្លងមកកសិករតែងមានការខ្វះខាតដើមទុនសម្រាប់ទិញជីដែលមានគុណភាពល្អមកដាក់ ដំណាំ ព្រោះជីនោះមានតម្លៃថ្លៃជាងជីធម្មតា។

កញ្ញាបន្តទៀតថា៖ «ដើមទុនគឺមានសារៈសំខាន់ណាស់សម្រាប់កសិករ ជាពិសេសកសិករដាំស្វាយចន្ទី ដោយសារតែយើងចង់ធ្វើឱ្យត្រូវតាមស្តង់ដារ ណាមួយសហគ្រាសខ្ញុំក៏មានគម្រោងចង់នាំចេញទៅកាន់ ទីផ្សារផ្សេងៗទៀតដែរដូចជាទៅ តៃវ៉ាន់ សហភាពអ៊ឺរ៉ុប និងអូស្ត្រាលីជាដើម។»

កញ្ញាបន្តរៀបរាប់ទៀតថា៖ «ខ្ញុំមានបំណងចង់ពង្រីកទីផ្សារឱ្យកាន់តែធំទៀត ព្រោះចំនួននាក់ទិញ​មានកាន់តែច្រើន ហើយទីផ្សារ អាមេរិក និងចិន ពួកគាត់តែងតែចង់បានក្នុងទំហំច្រើន ចំណែកឯ​លទ្ធភាពក្នុងការកែច្នៃរបស់សហគ្រាសនៅមានកម្រិតនៅឡើយទេ ដូច្នេះយើងមិនទាន់អាចផ្គត់​ផ្គង់តាមតម្រូវការរបស់អ្នកទិញធំៗនោះទេ ម្យ៉ាងទៀត បើសង្វាក់ផលិតកម្មពួកយើងកាន់តែធំ​ វានឹងជួយកាត់បន្ថយថ្លៃដើម ដែលធ្វើឱ្យយើងងាយចាប់ឱកាសទីផ្សារអន្តរជាតិផងដែរ។»

ជាចុងក្រោយ កញ្ញាក៏បាន​សំណូមពរកសិករដែលកំពុងដាំដុះស្វាយចន្ទីឱ្យយកចិត្តទុកដាក់រៀនបច្ចេក ទេសដាំដុះថ្មីៗ រៀនមើលតាមការដាំដុះដែលជោគជ័យ ហើយយកមកអនុវត្ត ព្រោះការដាំបែបស្តង់ដារ កសិករនឹងអាចលក់គ្រាប់ស្វាយចន្ទីបានក្នុងតម្លៃថ្លៃផងដែរ៕

អត្ថបទទាក់ទង