Close

អត្តពលិករត់ប្រណាំងកម្ពុជា យី សុខសាន្ត ទទួលបានការឧបត្ថម្ភចំនួន ១០០០ដុល្លារ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតពីសប្បុរសជន

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ សង្គម
អត្តពលិករត់ប្រណាំងកម្ពុជា យី សុខសាន្ត ទទួលបានការឧបត្ថម្ភចំនួន ១០០០ដុល្លារ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតពីសប្បុរសជន អត្តពលិករត់ប្រណាំងកម្ពុជា យី សុខសាន្ត ទទួលបានការឧបត្ថម្ភចំនួន ១០០០ដុល្លារ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតពីសប្បុរសជន

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ភារៈកិច្ចនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ អត្តពលិករត់ប្រណាំងកម្ពុជា លោក យី សុខសាន្ត បន្តទទួលបានការឧបត្ថម្ភជួយបន្ថែមពីបណ្តាសប្បុរសមួយទៀតដើម្បីអាចមានលទ្ធភាពផ្គត់ផ្គង់ជីវភាពគ្រួសារបានកាន់តែប្រសើរជាងពេលបច្ចុប្បន្ននេះ។

ជាក់ស្ដែង នៅព្រឹកថ្ងៃ ចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោយមើលឃើញពីការលំបាក និងការតស៊ូរបស់អត្តពលិករត់ប្រណាំងកម្ពុជា លោក យី សុខសាន្ត ព្រមទាំងកូនប្រុសឈ្មោះ សាន រតនៈ ដែលទើបតែមានអាយុ ០៨ឆ្នាំ ត្រូវបានលោក អ៊ិន សុភវិទ្យា ព្រមទាំងញាតិមិត្តដែលជាសប្បុរសជន ជួយឧបត្ថម្ភថវិកាចំនួន ១០០០ដុល្លារអាមេរិក អមជាមួយអង្ករចំនួន ៥បេ, មីជាតិចំនួន ៥កេស, ត្រីខ ចំនួន ៥យួរ , ទឹកត្រីចំនួន ៥យួរ និងទឹកស៊ីអ៊ីវចំនួន ៥យួរផងដែរ។


បន្ថែមពីលើនេះ លោក អ៊ិន សុភវិទ្យា ក៏បានសន្យាជួយឧបត្ថម្ភដល់ការរៀនសូត្ររបស់កូនប្រុសរបស់លោក យី សុខសាន្ត គឺកុមារា សាន រតនៈ នូវទឹកប្រាក់ក្នុងមួយខែចំនួន ៥០ម៉ឺនរៀល រយៈពេលពេញមួយឆ្នាំផងដែរ។

គួរបញ្ជាក់ថា យី សុខសាន្ត ជាអត្តពលិករត់ប្រណាំងរបស់កម្ពុជាមួយរូប ដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយលោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនជាតិ និងអន្តរជាតិ ដោយសារការផ្ដល់កំលាំងចិត្តរបស់កូនប្រុសទៅកាន់ឪពុកបើទោះបីជាមិនបានទទួលជ័យជំនះក៏ដោយ។ ក្រៅពីនេះ លោកក៏ធ្លាប់ចូលរួមប្រកួតប្រជែងជាច្រើនព្រឹត្តិការណ៍ជាមួយនឹងការទទួលបានជ័យលាភីជាបន្តបន្ទាប់ផងដែរ។

​សម្រាប់បងប្អូន និងបណ្តាសប្បុរសជននានាដែលមានបំណងចូលរួមជួយឧបត្ថន្ភគាំទ្រដល់ជីវភាពគ្រួសាររបស់អត្តពលិក យៅ សុខសាន្ត អាចទាក់ទងផ្ទាល់ជាមួយលោកបាន តាមរយៈទូរស័ព្ទលេខ ៖ ០៩៦ ៩៧៩ ៦៦ ០៨ ៕

អត្ថបទទាក់ទង