Close

គួរឲ្យសោកស្ដាយ! លោក Keisuke Honda ប្រកាសបិទក្លឹប Soltilo Angkor FC ជាផ្លូវការក្រោយបើកអស់រយៈពេល ៧ឆ្នាំ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ កីឡា
គួរឲ្យសោកស្ដាយ! លោក Keisuke Honda ប្រកាសបិទក្លឹប Soltilo Angkor FC ជាផ្លូវការក្រោយបើកអស់រយៈពេល ៧ឆ្នាំ គួរឲ្យសោកស្ដាយ! លោក Keisuke Honda ប្រកាសបិទក្លឹប Soltilo Angkor FC ជាផ្លូវការក្រោយបើកអស់រយៈពេល ៧ឆ្នាំ

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក Keisuke Honda អតីតអ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិ និងជាប្រធានក្លិបបាល់ទាត់ Soltilo Angkor FC សមាជិកកម្ពុជាលីគ២ បានប្រកាសថា លោកបានសម្រេចបិទក្លិប Soltilo Angkor FC ហើយ បន្ទាប់ពីបើកបានរយៈពេល ៧ឆ្នាំ។

បើតាមការបញ្ជាក់របស់លោក ហុងដា មូលហេតុចម្បងនៃការឈានទៅបិទក្លិបទាំងសោកស្ដាយនេះ គឺដោយសារតែលោកមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភដល់ក្លិបបាន ដូច្នេះហើយទើបលោកបង្ខំចិត្តធ្វើបែបនេះ។

លោក Keisuke Honda បានសរសេរបែបនេះតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ៖« ប្រជាជនកម្ពុជា និងខេត្តសៀមរាប! ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លិប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។ ពួកយើងបានដំណើរការក្លិបនេះអស់រយៈពេលប្រាំមួយឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ»។

អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជារូបនេះ បានបន្តថា៖ «ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់និត ដែលបានគាំទ្រខ្ញុំក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះ»។

យ៉ាងណាម៉ិញ បើទោះបីជាអស់ភារកិច្ចនៅក្រុមជម្រើសជាតិកម្ពុជា និងរំសាយក្លិប Soltilo Angkor FC ក៏ដោយ តែលោក ហុងដា នៅតែគាំទ្រវិស័យបាល់ទាត់នៅកម្ពុជាដូចមុន។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថា ថ្ងៃណាមួយ កម្ពុជា នឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។ សូមសំណាងល្អកម្ពុជា! ពីខ្ញុំ Keisuke Honda»។

គួរបញ្ជាក់ថា ក្លិបបាល់ទាត់ Soltilo Angkor FC គឺជាសមាជិកមួយ ក្នុងចំណោមសមាជិកទាំង១២ ដែលបានចូលរួមធ្វើការប្រកួតប្រជែងក្នុងពានរង្វាន់កម្ពុជាលីគ២ រដូវកាល ២០២២-២៣។ ក្នុងរដូវកាលមុន ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧ ក្នុងតារាង៕

អត្ថបទទាក់ទង