ណាតូបញ្ជូនកម្លាំងជាង៧០០នាក់ទៅ Kosovoក្រោយប៉ះទង្គិចរបួសកងកម្លាំងច្រើននាក់
បរទេស៖ អង្គការណាតូកាលពីថ្ងៃម្សិលមិញនេះបានប្រកាសថាខ្លួននឹងដាក់ពង្រាយកងកម្លាំងយោធាបន្ថែមប្រមាណជា៧០០នាក់ទៀតទៅកាន់តំបន់ Kosovo ដែលទើបទទួលរងនូវហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមជនជាតិស៊ែប៊ីដែលរស់នៅក្នុងតំបន់។
តាមសេចក្តីប្រកាសបានឲ្យដឹងដែរថា ហេតុការណ៍ប៉ះទង្គិចគ្នាដែលធ្វើឲ្យរងរបួសដល់កងកម្លាំងសន្តិសុខរបស់អង្គការណាតូប្រមាណជា៣០នាក់លើកនេះនឹងក្លាយទៅជាមូលហេតុដែលកងកម្លាំងបន្ថែមថ្មីនេះនឹងត្រូវត្រៀមខ្លួនក្នុងកម្រិតហានិភ័យខ្ពស់ដើម្បីទប់ទល់នឹងហេតុការណ៍ផ្សេងទៀតនៅពេលខាងមុខ។
អគ្គលេខាធិកាអង្គការសហប្រជាជាតិ លោក Jens Stoltenberg បានប្រកាសមុននេះផងដែរថាការដាក់ពង្រាយកងកម្លាំងយោធាទាំង៧០០នាក់នេះគឺត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងការវាយប្រហារចុងក្រោយនេះមកលើកងកម្លាំងរបស់ខ្លួន ហើយលោកពណ៍នាវាថាគឺជាព្រឹត្តិការណ៍ដែលមិនអាចទទួលយកបានឡើយ។
គួរឲ្យដឹងដែរថា ការប៉ះទង្គិចគ្នាដោយហឹង្សារវាងជនជាតិស៊ែបក្នុងតំបន់ និងកងកម្លាំងkosovo នៃអង្គការណាតូ ឬKFORបានផ្ទុះឡើងបន្ទាប់ពីក្រុមរក្សាសន្តិភាពព្យាយាមបំបែកក្រុមបាតុករដែលតវ៉ានឹងការឡើងកាន់តំណែងអភិបាលក្រុងជនជាតិអាល់បានីនៅក្នុងតំបន់ដែលគេមើលឃើញថាមានពលរដ្ឋភាគច្រើនជាជនជាតិស៊ែប៊ីនេះហើយ ការប្រឈមមុខដាក់គ្នានេះបានបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួសទាំងសងខាងផងដែរ។
កងកម្លាំងKFOR ត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំ ១៩៩៩ បន្ទាប់ពីការអន្តរាគមន៍របស់ណាតូក្នុងជម្លោះក្នុងតំបន់ Kosova ក្នុងនាមជនជាតិអាល់បានី និងយុទ្ធនាការទម្លាក់គ្រាប់បែករយៈពេលជាច្រើនខែរបស់ប្លុកនៅក្នុងប្រទេសស៊ែប៊ីហើយកាលពីគ្រានោះកងកម្លាំងនេះមានយោធាទៅដល់ ៥០០០០ នាក់ប៉ុន្តែចាប់តាំងពីពេលនោះមកបានធ្លាក់ចុះមកត្រឹមប្រហែល៣៧០០នាក់ប៉ុណ្ណោះក្នុងពេលបច្ចុប្បន្ន៕