លោក Jose Mourinho ចង់បាន Harry Maguire មកពង្រឹងតំបន់ការពារ
បន្ទាប់ពីជោគជ័យជាមួយនឹងករណីរបស់ Chris Smalling ពេលនេះ គ្រូបង្វឹកដែលមានរហស្សនាមថា “Special One” លោក Jose Mourinho មានបំណងនាំយកខ្សែការពារ Harry Maguire របស់ក្លិបបិសាចក្រហម Manchester United មកកាន់ AS Roma នៅរដូវក្តៅនេះ។
Chris Smalling បានចាកចេញពីការអង្គុយកៅអីបម្រុង ត្រលប់មកក្លាយជាកីឡាករដ៏សំខាន់បំផុតមួយរូបដែលមិនអាចខ្វះបាន សម្រាប់ Roma ក៏ដូចជានៅ Serie A ផងដែរ។
កាលពីពេលថ្មីៗនេះ លោក Mourinho បានសរសើរគុណសម្បត្តិរបស់ Maguire។ ដូច្នេះហើយ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានទាក់ទងទៅក្រុមចាស់ ដើម្បីពិភាក្សាអំពីគម្រោងខ្ចីជើងអតីតកីឡាករ Leicester រូបនេះ។
ភាគីខាងក្លិបបិសាចក្រហម ក៏បានសហការផងដែរ ដើម្បីឱ្យ Maguire ចាកចេញពី Old Trafford ក្នុងកិច្ចសន្យាខ្ចីជើង។ លោក Erik ten Hag ចង់បង្កើតកន្លែង សម្រាប់ខ្សែការពារថ្មីដែលសាកសមនឹងទម្រង់លេងរបស់គាត់។
ទោះជាយ៉ាងណាក៏ដោយ ប្រាក់ខែខ្ពស់របស់ Maguire គឺជាឧបសគ្គក្នុងការចរចា។ នៅ Man United ខ្សែការពារអង់គ្លេស រូបនេះ ទទួលបានប្រាក់ពលកម្ម ១៨៩,៩០០ ផោន / សប្តាហ៍ ដែលស្មើនឹង ៩,៨៧៥,០០០ផោន / ឆ្នាំ៕