Close

រដ្ឋាភិបាលទទួលបានជាង ១០៦លានដុល្លារ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ពីរថយន្តគ្មានពន្ធ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋាភិបាលទទួលបានជាង ១០៦លានដុល្លារ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ពីរថយន្តគ្មានពន្ធ រដ្ឋាភិបាលទទួលបានជាង ១០៦លានដុល្លារ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ពីរថយន្តគ្មានពន្ធ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលពន្ធលើយានយន្តដែលមិនទាន់បានបង់ពន្ធទទួលបានទឹកប្រាក់ចំនួន ១០៦ លានដុល្លារអាមេរិកបន្ទាប់ពីយុទ្ធនាការជាងមួយឆ្នាំ។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែមករា ថា គិតមកទល់ពេលនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធពីរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កូតឆ្វេង និងចង្កូតស្តាំ បានជាង១០៦លានដុល្លារពីរថយន្តចំនួនជិត ២០ ០០០គ្រឿង។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍ថា ៖ «បិទបញ្ចប់ការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធក្នុងប្រទេស ដែលយុទ្ធនាការនេះត្រូវបានបញ្ចប់ដោយជោគជ័យ ដោយសារកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងរយៈពេលជាងមួយឆ្នាំនៃយុទ្ធនាការ» ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថាក្នុងយុទ្ធនាការប្រមូលពន្ធពីរថយន្តគ្មានពន្ធដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ត្រូវបានបែងចែកជាពីរដំណាក់កាល ដោយមានរថយន្តទាំងចង្កូតស្តាំ និងឆ្វេងចំនួន ២០ ០៤៩គ្រឿងបានមកបង់ពន្ធ កក់ប្រាក់ និងចុះបញ្ជី តែក្នុងនោះមានតែរថយន្តចំនួន ១៨ ៤១៤គ្រឿងទេ ដែលបានបង់ពន្ធតាមនិតិវិធីច្បាប់ ដោយទទួលបានប្រាក់ពន្ធអាករចំនួន ១០៦លានដុល្លារ និងនៅសល់ជិត ២ ០០០គ្រឿងទៀត ដែលមិនបានមកបង់ពន្ធតាមនិតិវិធី។

ឯកឧត្តមបណ្ឌិតបន្តថា ក្នុងយុទ្ធនាការដំណាក់កាលទី១ មានរថយន្តសរុបចំនួន៩,៧៥៣គ្រឿងបានមកបំពេញកាតព្វកិច្ចពន្ធ និងកក់ប្រាក់ ដោយទទួលបានចំណូលប្រមាណជាង៧៦លានដុល្លារ។ ចំណែកក្នុងយុទ្ធការដំណាក់កាលទី២ ដែលចាប់ផ្តើមពីថ្ងៃ៧ ដល់ថ្ងៃទី៣១ ខែកក្កដា និងបានពន្យារពេលរហូតដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២២ គយប្រមូលពន្ធជាង ៣០លានដុល្លារពីរថយន្តចង្កូតស្តាំ និងចង្កូតឆ្វេង។

គិតមកដល់ថ្ងៃឱសានគឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានរថយន្តចំនួន ៧ ៩១០គ្រឿង ដែលម្ចាស់បានមកបំពេញកាតព្វកិច្ចពន្ធ ដោយប្រមូលបានថវិកាជាង ២៦លានដុល្លារ ដូច្នេះនៅសល់ ១ ៩៤៥គ្រឿងទៀតមិនបានមកបំពេញកាតព្វកិច្ចពន្ធទេ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា គោលការណ៍ ឬកិច្ចការរបស់គយ គឺធ្វើការនៅព្រំដែន ចំពោះទំនិញនាំចូល ត្រូវបំពេញកាតព្វកិច្ចពន្ធអាករនៅមាត់ច្រក មិនមែនមកដល់ក្នុងស្រុកហើយ បាននឹកឃើញថា មកបង់ពន្ធគឺអត់ទេ ដូច្នេះសម្រាប់ម្ចាស់រថយន្តទាំងស្ដាំ-ទាំងឆ្វេង ដែលនៅសេសសល់កំពុងប្រើក្នុងស្រុក អត់មានជម្រើសទេ ពីព្រោះឱកាសបានផ្តល់ជូនហើយ។

ឯកឧត្តមបណ្ឌិត បានចាត់ទុកថា លទ្ធផលដ៏ល្អនៃការប្រមូលពន្ធលើយានយន្តគេចពន្ធគឺដោយសារកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង GDCE និងអាជ្ញាធរពាក់ព័ន្ធ និងបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ GDCE ក្នុងការរឹតបន្តឹងការបង្រ្កាប និងទប់ស្កាត់យានយន្តដែលនាំចូលខុសច្បាប់។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងចាប់ផ្តើមបង្រ្កាបយានយន្តដែលនាំចូលខុសច្បាប់ និងរថយន្តគេចពន្ធដោយគ្មានករណីលើកលែង។

ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានវាយតម្លៃយុទ្ធនាការប្រមូលពន្ធពីរថយន្ត ដែលគ្មានពន្ធទាំងពីរដំណាក់កាលនេះ ជាជោគជ័យមួយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានប្រមូលចំណូលចូលរដ្ឋ ពោលគឺយុទ្ធនាការនេះ ចំណេញទាំងអស់គ្នា ដោយរដ្ឋទទួលបានចំណូល ចំណែកអ្នកកាន់កាប់រថយន្តខុសច្បាប់ ទទួលបាននូវការប្រើប្រាស់រថយន្តដែលស្របតាមផ្លូវច្បាប៕

អត្ថបទទាក់ទង