Close

លោក ទុំ សារ៉ាយ ចេញមុខបញ្ជាក់ច្បាស់ៗ ពីមូលហេតុដែលក្លិបបាល់ទាត់អគ្គិសនី សម្រេចរំសាយក្រុម

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ កីឡា
លោក ទុំ សារ៉ាយ ចេញមុខបញ្ជាក់ច្បាស់ៗ ពីមូលហេតុដែលក្លិបបាល់ទាត់អគ្គិសនី សម្រេចរំសាយក្រុម លោក ទុំ សារ៉ាយ ចេញមុខបញ្ជាក់ច្បាស់ៗ ពីមូលហេតុដែលក្លិបបាល់ទាត់អគ្គិសនី សម្រេចរំសាយក្រុម

នៅទីបំផុត! គ្រូបង្វឹកក្លិបបាល់ទាត់អគ្គិសនី លោក ទុំ សារ៉ាយ បានចេញមុខបញ្ជាក់ច្បាស់ៗពីមូលហេតុ ដែលក្លិបម្ចាស់ជើងឯកពានរង្វាន់កម្ពុជាលីគ២ ឆ្នាំ២០២៣ សម្រេចធ្វើការរំសាយក្រុមយ៉ាងសោកស្ដាយ។

លោក ទុំ សារ៉ាយ បានប្រាប់មកកាន់សារព័ត៌មាន ENN News នៅរសៀល ថ្ងៃពុធ ទី២៤ ខែឧសភានេះ ថា៖« បន្ទាប់ពីប្រជុំជាមួយថ្នាក់ដឹកនាំកាលពីម្សិលមិញនេះ គឺក្លិបបាល់ទាត់អគ្គិសនីកម្ពុជា សម្រេចរំសាយក្រុមហើយ ដោយក្លិបបានអនុញ្ញាតឲ្យកីឡាកររបស់យើងស្វែងរកក្លិបថ្មីលេងដោយខ្លួនឯង»។

លោកបានបន្តថា ៖« ចំពោះមូលហេតុដែលក្លិបសម្រេចចិត្តរំសាយនេះ គឺដោយសារតែកីឡាករល្អៗមួយចំនួនធំ សម្រេចចាកចេញទៅចូលរួមជាមួយក្លិបផ្សេង ធ្វើឲ្យក្លិបខ្វះកីឡាករសម្រាប់លេង ដូច្នេះហើយទើបថ្នាក់ដឹកនាំមិនចង់រើសកីឡាករបន្ថែម ព្រោះរើសកីឡាករថ្មី ត្រូវចំណាយពេល ៣ ទៅ ៤ឆ្នាំ ដើម្បីលេងត្រូវជើងវិញ។ មួយវិញទៀត ថ្នាក់ដឹកនាំកំពុងរវល់ដោយលោកចង់ដកឃ្លាខ្លះ ដើម្បីផ្ដោតលើការងារផ្សេង»។

បើតាមលោក ទុំ សារ៉ាយ មកទល់ពេលនេះ មិនទាន់មានក្លិបណាទាក់ទងរូបលោកចូលដឹកនាំក្លិបថ្មីនោះទេ ហើយពេលនេះ លោកសម្រេចចូលធ្វើការងារបណ្ដោះអាសន្នសិន ដើម្បីដោះស្រាយជីវភាព។

គួរបញ្ជាក់ថា ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា គឺជាក្លិបបាល់ទាត់មួយដែលត្រូវបានគេទទួលស្គាល់ថា ជាកន្លែងបណ្ដុះធនធានយុវជន ដែលក្លិបនេះមិនយកកីឡាករបរទេសមកចូលរួមឡើយ ពោលគឺសុទ្ធតែជាកីឡាករខ្មែរ។ អគ្គិសនី បានឈ្នះពានរង្វាន់កម្ពុជាលីគ២ ក្នុងរដូវកាល ២០២៣ និងធ្លាប់បានចំណាត់ថ្នាក់លេខ៣ និងលេខ៤ ក្នុងពានរង្វាន់ Hun Sen Cup ថ្នាក់ជាតិផងដែរ៕

អត្ថបទទាក់ទង