Juventus ត្រូវបានកាត់ចេញ ១០ពិន្ទុពីក្របខណ្ឌ Serie A ជុំវិញរឿងអាស្រូវហិរញ្ញវត្ថុ
ក្លិបសេះបង្កង់ Juventus ត្រូវបានកាត់ចេញ ១០ពិន្ទុ នៅក្នុងសេចក្តីសម្រេចថ្មីមួយដោយតុលាការអុីតាលីដែលស៊ើបអង្កេតលើកិច្ចព្រមព្រៀងផ្ទេររបស់ក្លឹប និងរឿងអាស្រូវហិរញ្ញវត្ថុ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports។
មែនទែនទៅ មុនការសម្រេចថ្មីនេះ ក្លិបយក្សអុីតាលីមួយនេះ ស្ថិតនៅលេខរៀងទី២ មាន ៦៩ពិន្ទុ តាមពីក្រោយម្ចាស់ជើងឯក Serie A មា Napoli ប៉ុន្តែពេលនេះ ធ្លាក់មកឈរនៅលេខ៧ មាន ៥៩ពិន្ទុ ពោលគឺ មាន ៥ពិន្ទុដាច់ពីក្រុមឈរនៅតំបន់ Top 4 ដែលមានកៅអីលេង Champions League។
ការសម្រេចចិត្តនេះ ត្រូវបានប្រកាសនៅក្នុងពេលនៃការប្រកួតជាមួយ Empoli កាលពីយប់ថ្ងៃចន្ទ ហើយប្រហែលជាត្រូវបានជះឥទ្ធិពលដោយព័ត៌មាននេះ ទើបសេះបង្កង់ Juventus បរាជ័យក្រោមថ្វីជើង Empoli ក្នុងលទ្ធផល ៤-១។ លទ្ធផលនោះ រួមបញ្ចូលជាមួយនឹងការដាក់ទណ្ឌកម្មថ្មី បានបន្សល់ទុកនូវក្តីអស់សង្ឃឹមប្រជែងកៅអីលេងពានរង្វាន់កំពូលអឺរ៉ុប UCL។
ក្នុងអំឡុងពេលសវនាការរយៈពេល ៣ ម៉ោង កាលពីថ្ងៃចន្ទ សេចក្តីសម្រេចផ្លូវការមួយ បានប្រកាសថា “តុលាការឧទ្ធរណ៍សហព័ន្ធ បានសម្រេចដកលោក Pavel Nedved, Paolo Garimberti, Assia Grazioli Venier, Caitlin Mary Hughes, Daniela Marilungo, Francesco Roncaglio, និង Enrico Vellano ពីបទល្មើសដែលបានចោទប្រកាន់ និងកាត់ចេញ ១០ពិន្ទុលើ Juventus ក្នុងក្របខណ្ឌ Serie A ដែលត្រូវអនុវត្ត សម្រាប់រដូវកាលបច្ចុប្បន្ន”។
គួររំលឹកថា កាលពីខែមករា Juventus ត្រូវបានកាត់ចេញ ១៥ពិន្ទុ ក្នុងតារាងក្របខណ្ឌ Serie A សម្រាប់ការចោទប្រកាន់ភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ និងគណនេយ្យមិនពិត ប៉ុន្តែក្រោយមកវាត្រូវបានដកចេញ៕