Close

ក្ដៅៗ! ថៃ នឹងរឹតបន្តឹងចំពោះ «អត្តពលិកចូលសញ្ជាតិ» នៅស៊ីហ្គេមលើកទី ៣៣

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ កីឡា
ក្ដៅៗ! ថៃ នឹងរឹតបន្តឹងចំពោះ «អត្តពលិកចូលសញ្ជាតិ» នៅស៊ីហ្គេមលើកទី ៣៣ ក្ដៅៗ! ថៃ នឹងរឹតបន្តឹងចំពោះ «អត្តពលិកចូលសញ្ជាតិ» នៅស៊ីហ្គេមលើកទី ៣៣

បាងកក ៖ អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ លោក Chaiyaphak Siriwat នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ប្រទេសថៃ នឹងកាត់បន្ថយចំនួនអត្តពលិកចូលសញ្ជាតិនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣ ឆ្នាំ២០២៥ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមការចេញផ្សាយរបស់ Vietnam Post។

ជាការពិតណាស់ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ មានប្រទេសជាច្រើន បានប្រើប្រាស់កីឡាករចូលសញ្ជាតិ ដើម្បីអាចទទួលបានលទ្ធផលល្អនៅក្នុងការប្រកួតដ៏អស្ចារ្យនេះ។ និន្នាការនៃការចូលសញ្ជាតិអាចត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយក្នុងការលើកកម្ពស់ការប្រកួតប្រជែងរបស់ពួកគេ ដោយមិនចាំបាច់មានការវិនិយោគច្រើនក្នុងការបណ្តុះបណ្តាលយុវជន។ អ្នកជំនាញជាច្រើនជឿថា វានឹងទាញថយក្រោយការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃកីឡាស៊ីហ្គេម។

ជុំវិញបញ្ហានេះ អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ លោក Chaiyaphak Siriwat ឱ្យគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសថៃ នឹងកំណត់អត្តពលិកចូលសញ្ជាតិ។ ប្រទេសនីមួយៗ នឹងមានគោលនយោបាយផ្សេងគ្នា សម្រាប់អត្តពលិកចូលសញ្ជាតិ។ យើងត្រូវតែគោរពចំពោះប្រការនេះ។ ការបញ្ចូលសញ្ជាតិ ដើម្បីប្រកួតនៅក្នុងវិស័យកីឡាក៏មិនមែនជារឿងថ្មីនោះដែរ»។

លោក Chaiyaphak Siriwat បានសង្កត់ធ្ងន់ថា៖«ក្នុងស៊ីហ្គេមលើកទី៣២ មានក្រុមដែលនាំអត្តពលិកចូលសញ្ជាតិរហូតដល់ ៥នាក់ចូលរួមប្រកួត។ ខ្ញុំមិនដឹងថា គេធ្វើបែបនេះដោយរបៀបណាទេ។ ប៉ុន្តែវាប្រាកដជានឹងមិនកើតឡើងនៅស៊ីហ្គេមលើកទី៣៣ នៅពេលដែលថៃ ធ្វើជាម្ចាស់ផ្ទះនោះទេ»។

មន្ត្រីរូបនេះក៏បានបញ្ជាក់ផងដែរថា កីឡាក្នុងស្រុកនឹងត្រូវបានបង្រួមអប្បបរមា។ ផ្ទុយទៅវិញ វិញ្ញាសារនៃការប្រកួតប្រជែងអន្តរជាតិ នឹងត្រូវបានផ្តល់អាទិភាពនៅក្នុងហ្គេមបន្ទាប់។ លោក Chaiyaphak Siriwat បានសង្កត់ធ្ងន់ថា៖«នឹងមិនមានមេដាយមាសច្រើន សម្រាប់ប្រភេទកីឡាក្នុងស្រុកទៀតឡើយ។ យើងចង់ផ្តោតលើការជំរុញ និងលើកកម្ពស់កីឡា ASIAD ឬ Olympic»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី ៣៣ នឹងត្រូវបានរៀបចំឡើងនៅក្រុងចំនួន៣ រួមមាន ក្រុងបាងកក ឈុនបុរី និង សុងក្លា ដោយចាប់ពីថ្ងៃទី ៩ដល់ ២០ធ្នូ ឆ្នាំ ២០២៥។ នេះបើយោងតាមការបញ្ជាក់របស់ស្ថាប័នគ្រប់គ្រងវិស័យកីឡារបស់ប្រទេសថៃ (SAT) ដែលបានប្រកាសកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទទាក់ទង