Close

មើលឃើញពីកង្វះខាតផ្គត់ផ្គង់នៅក្រុងភ្នំពេញ យុវជនម្នាក់ចិញ្ចឹមក្ដាមថ្ម រកចំណូលបានមិនគួរឲ្យជឿ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ សង្គម
មើលឃើញពីកង្វះខាតផ្គត់ផ្គង់នៅក្រុងភ្នំពេញ យុវជនម្នាក់ចិញ្ចឹមក្ដាមថ្ម រកចំណូលបានមិនគួរឲ្យជឿ មើលឃើញពីកង្វះខាតផ្គត់ផ្គង់នៅក្រុងភ្នំពេញ យុវជនម្នាក់ចិញ្ចឹមក្ដាមថ្ម រកចំណូលបានមិនគួរឲ្យជឿ

ជាទូទៅការផ្គត់ផ្គង់គ្រឿងសមុទ្រដូចជា ក្ដាម មឹក បង្គារជាដើម ច្រើនតែមានប្រភពចេញពីខេត្តដែលនៅជាប់សមុទ្រ ដោយសារតែការដឹកជញ្ជូន ត្រូវចំណាយពេលរាប់ម៉ោង ម្លោះហើយគ្រឿងសមុទ្រ​ទាំងនោះត្រូវបានគេរៀបចំដាក់កេះ ក្លាសេទឹកកកឲ្យត្រជាក់ ដែលការធ្វើបែបនេះ តិចឬច្រើននឹងត្រូវប៉ះពាល់ដល់គុណភាពសាច់ និងភាពស្រស់របស់វា។

ដោយមើលឃើញនូវចន្លោះប្រហោងនេះ យុវជនមួយរូបក៏មានគំនិតចង់ចិញ្ចឹមសត្វសមុទ្រដើម្បីផ្គត់ផ្គង់នៅក្នុងក្រុងតែម្ដង ហើយយុវជនរូបនោះសម្រេចជ្រើសយកចិញ្ចឹមក្ដាម ព្រោះថាក្ដាមមិនសូវជាមាន អ្នកលក់ច្រើន បើធៀបទៅនឹង មឹក និងបង្គារ។

យុវជន ឧត្តម ទិត្យា ជាអ្នករស់​នៅ​រាជធានី​ភ្នំពេញស្រាប់ និងជាអ្នកដែលមិនមានជំនាញកសិកម្មអ្វីសោះ ប៉ុន្តែដោយសារចិត្តចង់ចាប់របរចិញ្ចឹមក្ដាម យុវជនរុបនេះបានខិតខំសិក្សារៀនសូត្រអំពីបច្ចេកទេសអស់រយៈពេលជាច្រើនឆ្នាំ ទម្រាំតែអាចបើកអាជីវកម្មជាលក្ខណៈគ្រួសារមួយបាន។

ការចិញ្ចឹមនេះ លោក ឧត្តម ទិត្យា មិនបានដាក់ក្នុងស្រះនោះទេ ពោលគឺចិញ្ចឹមនៅក្នុងប្រអប់ជ័រ ដែលដាក់ត្រួតលើគ្នា ហើយរៀបចំប្រព័ន្ធទឹកឲ្យមានអុកស៊ីសែនគ្រប់គ្រាន់សម្រាប់ការរស់នៅ​ របស់ក្ដាមថ្ម។

ដោយជោគជ័យក្នុងដំណាក់កាលដំបូង យុវជនរូបនេះក៏ចាប់ផ្ដើមពង្រីកការចិញ្ចឹមរបស់ខ្លួន ដែលមកដល់ពេលនេះគឺមានចំនួន ១ពាន់ប្រអប់ឯណោះ។ ប៉ុន្តែយ៉ាងណា លោកបានឲ្យដឹងថា ខ្លួនមិនបានបង្កាត់ពូជដោយខ្លួនឯងនោះទេ និយាយរួមគឺយកពូជមកពីនាយសមុទ្រ មកចិញ្ចឹមបន្ត នៅក្នុងប្រអប់ ហើយលក់ចេញទៅឲ្យភ្ញៀវដោយអាចរក្សាភាពស្រស់បាន។

លោក ឧត្តម​ ទិត្យា៖ « ទោះបីជាខ្ញុំមិនបានបង្កាត់ពូជនៅទីនេះផ្ទាល់ តែគុណភាព និងរសជាតិក្ដាម គឺមិនចាញ់ក្ដាមដែលលើកចេញពីទឹកសមុទ្រនោះទេ ព្រោះនៅទីនេះយើងបានមើលថែដិតដល់ ហើយអាចផ្គត់ផ្គង់បានភ្លាមៗ ដោយមិនបាច់ត្រូវការចាំយូរ។»

សម្រាប់​ក្ដាម​ថ្ម​ដែល​យើង​ចិញ្ចឹម​នៅ​ភ្នំពេញ​នេះ​ យើង​មិន​មែន​ចិញ្ចឹម​ និង​បង្កាត់​ពូជ​ថ្មី​ទេ យើង​គ្រាន់​តែ​យក​ក្ដាម​នៅ​សមុទ្រ​ខ្មែរ ដូច​ជា​ពី​ខេត្ត​ព្រះសីហនុ និង​ជា​ពិសេស​ខេត្ត​កោះ​កុង​ ពោល​គឺ​យើង​យក​ក្ដាម​ណា​ដែល​ស្ទើរ​សាច់​ ឬ​ក៏​ពេញ​សាច់​ហើយ​ យើង​មក​ដាក់​ក្នុង​ប្រអប់​ដូចជា​កន្លែង​ស្តុក​ទៅ​វិញ​ទេ វា​មិន​មែន​ជា​កន្លែង​ចិញ្ចឹម​រាប់​ខែ​ទើប​បាន​ផល​នោះ​ទេ បន្ទាប់​មក​បាន​យើង​យក​ទៅ​លក់​បន្ត​វិញ

លោកបានបន្តថា៖ «សម្រាប់​បច្ចុប្បន្ន​នេះ​ ខ្ញុំ​កំពុង​ពិនិត្យ​ទីផ្សារ​បណ្តើរៗ​ផង​ និង​មាន​ម៉ូយ​ស្រាប់​ផង​ ដែល​ពួក​គាត់​ភាគច្រើន​ជា​ភោជនីយដ្ឋាន អ្នក​លក់​គ្រឿង​សមុទ្រ​ និង​ពិសេស​អតិថិជន​ដែល​គាត់​មក​ទិញ​ផ្ទាល់​តែ​ម្ដង​ ដូច​នៅ​ភ្នំពេញ​យើង​គាត់​រក​ភ្លាមៗ​គឺ​រក​មិន​បាន​ទេ​»។

ដោយមានអតិថិជនពីភោជនីយដ្ឋាន ការលក់របស់លោកក៏ធ្វើឡើងដោយទៀតទាត់ផងដែរ ហើយបើនិយាយពីចំណូលវិញ លោកអាចលក់បានដល់ខ្ទង់ពាន់ដុល្លារក្នុងមួយថ្ងៃក៏មាន។
តម្លៃដែល​​​លោកលក់គឺមានចាប់ពី ៤ម៉ឺន៥ពាន់រៀលឡើងទៅ ហើយខាងភោជនីយដ្ឋានអាចកម្មង់ពី ១០០គីឡូ ទៅដល់ ៣០០គីឡូឯណោះ៕

អត្ថបទទាក់ទង