Google នឹងចាប់ផ្តើមលុបគណនីទាំងឡាយណាដែលទុកចោលយូរ ឬមិនប្រើប្រាស់ចាប់ពីចុងឆ្នាំនេះ
បរទេស: ក្រុមហ៊ុន Google បានប្រកាសឲ្យដឹងថា ខ្លួននឹងធ្វើការលុបគណនីទាំងឡាយណា ដែលមិនមានសកម្មភាព ឬគណនីដែលទុកចោលយូរ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា Google នឹងលុបគណនីទាំងឡាយណាដែលខានប្រើប្រាស់យូរ ពោលគឺខាន Login យ៉ាងតិច ២ឆ្នាំ។
ការកំណត់នេះ នឹងត្រូវអនុវត្តចាប់ពីខែធ្នូ ឆ្នាំនេះតទៅ ហើយក្រុមហ៊ុន Google ក៏នឹងធ្វើការជូនដំណឹងទៅដល់ម្ចាស់គណនីទាំងអស់ឲ្យបានដឹងផងដែរ។
ក្រុមហ៊ុន Google មិនបានបញ្ជាក់លម្អិតអំពីគោលការណ៍ថ្មីនេះឡើយ ប៉ុន្តែបើតាមអ៊ីម៉ែលដែល Google បានផ្ញើទៅកាន់បុគ្គលិកបានបញ្ជាក់ថា គោលការណ៍ថ្មីនេះគឺដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ ក្រុមហ៊ុន Google បានជូនដំណឹងស្តីអំពីការដាក់ចេញគោលការណ៍ថ្មីនេះម្ដងរួចទៅហើយ ប៉ុន្តែមិនបានបញ្ជាក់អំពីពេលវេលាដែលត្រូវអនុវត្តនោះទេ៕