Close

រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ទាំង៦ បានកើតឡើង ក្នុងជំនួបដណ្ដើមមេដាយមាស រវាងថៃ និង ឥណ្ឌូនេស៊ី

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ កីឡា
រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ទាំង៦ បានកើតឡើង ក្នុងជំនួបដណ្ដើមមេដាយមាស រវាងថៃ និង ឥណ្ឌូនេស៊ី រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ទាំង៦ បានកើតឡើង ក្នុងជំនួបដណ្ដើមមេដាយមាស រវាងថៃ និង ឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ កាលពីយប់ថ្ងៃ អង្គារ ទី១៦ ខៃឧសភានេះ គេបានរកឃើញម្ចាស់មេដាយមាសកីឡាបាល់ទាត់អាយុក្រោម២២ឆ្នាំ ផ្នែកបុរសហើយ បន្ទាប់ពីការប្រកួតដ៏ក្ដៅគគុក ដោយក្រុមម្ចាស់ជើងឯកបានទៅលើក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី ក្រោយយកឈ្នះ ក្រុមជម្រើសជាតិថៃនូវលទ្ធផល ៥ ទល់នឹង ២ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

យ៉ាងណាមិញ ក្នុងរាត្រីដ៏អស្ចារ្យនេះ ក៏មានរឿងហេតុមួយចំនួនផងដែរ បានកើតឡើងក្នុងអំឡុងពេលប្រកួត និងក្រោយបញ្ចប់ការប្រកួត ដែល ENN News បានលើកយកមកបង្ហាញទាំងអស់គ្នា។

១. អ្នកគាំទ្រកម្ពុជាជាច្រើន ទៅគាំទ្រក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ៖ ដ្បិតតែជាការប្រកួតរវាង ក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី ជាមួយក្រុមជម្រើសជាតិថៃ ប៉ុន្តែគេសង្កេតឃើញថា អ្នកគាំទ្រកម្ពុជាភាគច្រើនបានទៅគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់ក្រុមឥណ្ឌូនេស៊ី ដែលធ្វើឲ្យកីឡដ្ឋានជាតិអូឡាំពិក មានអ្នកទស្សនាផ្ទាល់ពេញស្ដាត និងមានទៅដោយទងជាតិឥណ្ឌូនេស៊ី ស្ទើគ្រប់កន្លែងអង្គុយ។

២. មានការប៉ះទង្គិចគ្នា រវាងក្រុមទាំងពីរ ៖ ការប្រកួតជិតនឹងបញ្ចប់ទៅហើយ បែបជាមានភាពចម្រោងចម្រាស់បានកើតឡើង ដោយក្រុមការងារទាំងសងខាង បានប៉ះទង្គិចគ្នាចំនួនពីរដង រហូតដល់មានការប្រើហិង្សាទៀតផង។ ក្នុងនោះ ក្រុមការងារគ្រូបង្វឹករបស់ ឥណ្ឌូនេស៊ី បានរងរបួស រហូតដល់មានការសែងចេញពីទីលានទៀតផង។ យ៉ាងណានេះ ជាសកម្មភាពមួយ ដែលមិនគួរកើតមានឡើងក្នុងកីឡា។

៣. កាតក្រហមកើតឡើងចំនួន៤សន្លឹក ៖ ការប្រកួតយប់មិញនេះ អាចនិយាយបានថា ជាការប្រកួតស៊ីសាច់ហុតឈាមមួយ ក្នុងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេមឆ្នាំ២០២៣នេះ ដែលមន្រ្តីអាជ្ញាកណ្ដាលកាត់សេចក្ដីលើទីលានចាយកាតក្រហមច្រើនបំផុត ពោលគឺចាយកាតក្រហមរហូតដល់៤សន្លឹក។ ក្នុងចំណោមកាតក្រហមទាំង៤នោះ ត្រូវបានផ្ដល់ឲ្យកីឡាករថៃ ចំនួន ៣សន្លឹក និងឥណ្ឌូនេស៊ី ចំនួន ១សន្លឹក។

៤. ការប្រកួតលេងដល់ម៉ោងបន្ថែម១៥នាទី ពីរដង (១២០នាទី) ៖ ការប្រកួតរវាង ក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី ជាមួយក្រុមជម្រើសជាតិថៃ ជាការប្រកួតតែមួយគត់ ដែលលេងដល់ម៉ោងបន្ថែម ១៥នាទី ពីរដង។ ដូច្នេះ មានន័យថា ការប្រកួតលេងដល់ ១២០នាទីពេញ ដែលធ្វើឲ្យកីឡាករមួយចំនួនរមួលក្រពើ និងចាញ់កំលាំង ពិសេសគឺកើតឡើងលើកីឡាករថៃ ខណៈកីឡាករ ឥណ្ឌូនេស៊ី លេងបាន ១២០នាទីពេញ ដោយមិនធ្លាក់កម្លាំងឡើង។

៥. ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មនុស្សជាង ២.៥ លាននាក់ ៖ ទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រលើ Youtube
យោងតាមការចេញផ្សាយរបស់ Asian Football បានបញ្ជាក់ថា ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មានមនុស្សជាង ២.៥លាននាក់ បានទស្សនាការប្រកួតបាល់ទាត់បុរសវគ្គផ្តាច់ព្រ័ត្រ SEA Games ឆ្នាំ ២០២៣ រវាង ថៃ និងឥណ្ឌូនេស៊ី នៅលើ Channel Youtube របស់ទូរទស្សន៍វៀតណាម (VTV)។

៦. កីឡាករថៃម្នាក់គប់មេដាយ និងរូបតុក្កតា(Mascot) ចោល ៖ កីឡាករថៃម្នាក់គប់មេដាយ និងរូបតុក្កតា(Mascot) ចោល ដែលអ្នកគាំទ្រកម្ពុជាគិតថា ជាទង្វើមិនគោរពម្ចាស់ផ្ទះ។ អ្នកគាំទ្របានលើកឡើងថា៖«កីឡាករបាល់ទាត់ថៃ ធ្វើបែបនេះគឺបាត់ចរិតជាកីឡាករ ជាការមើលងាយម្ចាស់ផ្ទះពេកហើយ។ មេដាយ និងតុក្តតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម ដែលបានផ្តល់ជូនកីឡាករនេះគឺមានតម្លៃកិត្តិយសធំធេងណាស់ មិនមែនគ្រប់មនុស្សចេះតែទទួលបានទេ គឺប្រគល់ដល់តែចំពោះអ្នកបានសាងស្នាដៃក្នុងព្រឹត្តិការណ៍ប៉ុណ្ណោះ។ សហព័ន្ធបាល់ទាត់ថៃ គួរអប់រំកីឡាកររូបនេះ»៕

អត្ថបទទាក់ទង