Close

អាល្លឺម៉ង់ ប្រកាសច្បាស់ៗ បន្ទាប់ពីបារាំងប្រកាសមិនផ្តល់យន្តហោះចម្បាំងឲ្យអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាល្លឺម៉ង់ ប្រកាសច្បាស់ៗ បន្ទាប់ពីបារាំងប្រកាសមិនផ្តល់យន្តហោះចម្បាំងឲ្យអ៊ុយក្រែន អាល្លឺម៉ង់ ប្រកាសច្បាស់ៗ បន្ទាប់ពីបារាំងប្រកាសមិនផ្តល់យន្តហោះចម្បាំងឲ្យអ៊ុយក្រែន

បរទេស៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិរបស់អាល្លឺម៉ង់កាលពីថ្ងៃអង្គារម្សិលមិញនេះបានប្រកាសថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងនឹងមិនផ្គត់ផ្គង់យន្តហោះចម្បាំងទៅឲ្យប្រទេសអ៊ុយក្រែនតាមការស្នើសុំជារឿយៗនោះមកទេ។

ទោះបីជាយ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់រូបនោះបានបញ្ជាក់ថា កន្លងមកអាល្លឺម់ង់បានផ្តល់ភ្លើងខៀវរួចទៅហើយក្នុងការអនុញ្ញាតឲ្យសមាជិកអង្គណាតូផ្សេងទៀតផ្គត់ផ្គង់យន្តហោះចម្បាំងចាស់ៗសល់ពីសម័យសូវៀតទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវជំនួសឲ្យយន្តហោះចម្បាំងទំនើបៗដែលអ៊ុយក្រែនចង់បាន។

មន្ត្រីជាន់ខ្ពស់ជាច្រើនរបស់អាល្លឺម៉ង់បានបញ្ជាក់ទៀតថា រដ្ឋាភិបាលប៊ែរឡាំងនឹងធ្វើអ្វីគ្រប់យ៉ាងក្នុងការគាំទ្រទៅដល់កងកម្លាំងយោធានៃប្រទេសអ៊ុយក្រែន ប៉ុន្តែនឹងមិនរំពឹងទុកទេថាអាចផ្គត់ផ្គង់បានគ្រប់សំណើសុំទាំងអស់នោះដែរ។

គួរឲ្យដឹងដែរថា កាសែត The Politico កាលពីចុងសប្តាហ៍ក៏បានចេញផ្សាយដែរថា ប្រធានាធិបតីបារាំងបានបញ្ជាក់ហើយដែរថា រដ្ឋាភិបាលក្រុងប៉ារីសនឹងមិនអាចធ្វើការផ្តល់ជូនយន្តហោះចម្បាំងទំនើបៗតាមការស្នើសុំរបស់អ៊ុយក្រែ និងលោកប្រធានាធិបតី Vladimir Zelensky បានឡើយ ហើយបន្ថែមថា ការពិភាក្សាណាមួយក្នុងការផ្តល់ឲ្យយន្តហោះចម្បាំងពីសំណាក់លោកខាងលិចគឺជារឿងដែលមិនគួរកើតឡើងឡើយក្នុងពេលនេះ។

រំលឹកដែរថា ប៉ុន្មានខែចុងក្រោយនេះ អ៊ុយក្រែនតែងតែបានធ្វើការស្នើសុំទៅកាន់បណ្តាសម្ព័ន្ធមិត្តអឺរ៉ុបក្នុងការផ្តល់ជូននូវយន្តហោះចម្បាំងមកឲ្យកងកម្លាំងរបស់ខ្លួន ប៉ុន្តែមកទល់ពេលនេះនៅមិនទាន់មានប្រទេសណាមួយហ៊ានសម្រេចចិត្តក្នុងការធ្វើផ្តល់ជូននេះនៅឡើយ ខណៈដែលរុស្ស៊ីក៏នៅតែបន្តធ្វើការព្រមានខ្លាំងៗដូចគ្នាប្រសិនបើមានប្រទេសណាមួយហ៊ានផ្គត់ផ្គង់យន្តហោះចម្បាំងឲ្យអ៊ុយក្រែន៕

អត្ថបទទាក់ទង