ថ្ងៃនេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រូវប្រកួតដណ្ដើមមេដាយសំរិទ្ធ ជាមួយថៃ
នៅរសៀលថ្ងៃ ចន្ទ ទី១៥ ខែឧសភានេះ វេលាម៉ោង ៤៖០០នាទី ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ នឹងធ្វើការប្រកួតដណ្ដើមមេដាយសំរិទ្ធ ឬចំណាក់ថ្នាក់លេខ៣ ជាមួយក្រុមជម្រើសជាតិនារីថៃ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាពុកីឡដ្ឋានជាតិអូឡាំពិក។
មែនទែនទៅ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២នេះ ក្រុមទាំងពីរធ្លាប់ជួបគ្នាម្ដងហើយ ក្នុងវគ្គសន្សំពិន្ទុពូល B ដោយក្រុមជម្រើសជាតិនារីថៃ បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ក្នុងលទ្ធផល ៣ ទល់នឹង ០ ដើម្បីឡើងឈរកំពូលតារាង ខណៈកម្ពុជា ឈរនៅលេខ២ ដឹកដៃគ្នាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតវគ្គខ្វែងនេះ ទាំងក្រុមជម្រើសជាតិកម្ពុជា និងថៃ សុទ្ធតែបរាជ័យដូចគ្នា ពោលគឺចាញ់ក្រុមមកពីពូល A ដែលមានក្រុមជម្រើសជាតិវៀតណាម និងមីយ៉ាន់ម៉ា។ ក្រុមម្ចាស់ផ្ទះកម្ពុជា បានប្រកួតចាញ់ម្ចាស់ការពារដំណែងជើងឯកវៀតណាម ក្នុងលទ្ធផល ៤-០ ស្របពេលដែលជើងខ្លាំងថៃ ភ្លាត់ចាញ់ មីយ៉ាន់ម៉ា ក្នុងទលទ្ធផល ៤-២។
ដូច្នេះហើយទើបធ្វើឲ្យក្រុមជម្រើសជាតិនារីកម្ពុជា ត្រូវជួបជាមួយក្រុមជម្រើសជាតិនារីថៃ ម្ដងទៀត ដើម្បីដណ្ដើមមេដាយសំរិទ្ធ ខណៈក្រុមជម្រើសជាតិនារីវៀតណាម ត្រូវប្រកួតជាមួយ មីយ៉ាន់ម៉ា ដណ្ដើមមេដាយមាស៕