CDC ៖ ឆ្នាំ២០២២ កម្ពុជាទាក់ទាញគម្រោងវិនិយោគ ១៨៦ គម្រោង មានទុនជាង ៤ ពាន់លានដុល្លារ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគសរុបចំនួន ១៨៦ គម្រោង ដែលបានបោះទុនវិនិយោគ ៤០៣២ លានដុល្លារអាមេរិក និងបង្កើតការងារបាន ១៤៤ ពាន់កន្លែងក្នុងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
គម្រោងវិនិយោគចំនួន ១៨៦ គម្រោង ក្នុងនោះមានគម្រោងថ្មីចំនួន ១៧៥ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន១១ គម្រោង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ១៨៦ នេះ មានគម្រោងវិនិយោគចំនួន ១៦៣ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម, ៩ គម្រោងស្ថិតនៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ៩ គម្រោងស្ថិតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ និង ៥ គម្រោងស្ថិតនៅក្នុងវិស័យទេសចរណ៍។
ចំនួនគម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ទៅប្រមាណ ៨៨% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៣៨% បានមកពីវិស័យនេះ។ ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ដែលមានតែប្រមាណ ៥% នៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ ៤៥% នៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះ ត្រូវការទុនវិនិយោគច្រើន។
ជាមួយនេះដែរ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), ការបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ការអនុម័តច្បាប់ ស្តីពីតំបន់សេដ្ឋកិច្ចពិសេសនាពេលដ៏ឆាប់ខាងមុខ, ការធ្វើឲ្យប្រសើរឡើង នូវប្រតិបត្តិការនៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ និងច្រកទ្វារព្រំដែន អន្តរជាតិ ស្ទឹងបត់-បានណងអៀង, ការរក្សាប្រាក់ឈ្នួលគោលអប្បបរមា ស្ថិតក្នុងកម្រិតសមរម្យ, ការពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា និងនវានុវត្តន៍, ការសាងសង់ផ្លូវល្បឿនលឿន, និងការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ជាដើមនឹងចូលរួមចំណែកលើកកម្ពស់បរិយាកាសវិនិយោគ និងភាពទាក់ទាញវិនិយោគរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៣ និងឆ្នាំខាងមុខៗទៀត។
សូមជម្រាបថា នៅឆ្នាំ២០២១ កម្ពុជាបានអនុម័តគម្រោងវិនិយោគ សរុបចំនួន១៦៩គម្រោង ក្រោមទំហំទឹកប្រាក់សរុបចំនួន៤,៣៥៥លានដុល្លារអាមេរិក៕