Close

ជប៉ុន ជោគជ័យលើគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យា នៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ ព័ត៌មានជាតិ
ជប៉ុន ជោគជ័យលើគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យា នៅកម្ពុជា ជប៉ុន ជោគជ័យលើគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យា នៅកម្ពុជា

ភ្នំពេញ៖ វិនិយោគិនជប៉ុន បានបង្ហាញសាទរចំពោះភាពជោគជ័យនៃគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យា ដែលបច្ចុប្បន្នកំពុងផ្គត់ផ្គង់ក្នុងផ្សារទំនើប AEON និងភោជនីយដ្ឋានល្បីៗ នៅក្នុងប្រទេសកម្ពុជា។

ភាពជោគជ័យនេះ ត្រូវបានបង្ហាញនៅក្នុងគ្រាដែល ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំដោយ លោក Takahashi Fumiaki ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ។

ជប៉ុនជោគជ័យលើគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យានៅកម្ពុជា
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការជំរុញការវិនិយោគ និងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ក្នុងឱកាសនោះ លោក Takahashi Fumiaki ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា ក្រៅពីទទួលបាន ជោគជ័យនៃគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យានៅកម្ពុជា វិនិយោគិនជប៉ុនក៏ កំពុងសិក្សាលទ្ធភាពពង្រីកផលិតកម្មដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។

បន្ថែមពីនេះ ភាគីជប៉ុនក៏បានបញ្ជាក់ពីការបន្តការវិនិយោគលើ វិស័យស្វាយចន្ទី ដែលជាផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជា និងមានតម្រូវការកើនឡើងជាលំដាប់នៅទីផ្សារជប៉ុន។

ជាមួយគ្នានេះ លោកប្រធានសមាគម បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារូបឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងបានបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការបន្តកៀរគរវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។

ជប៉ុនជោគជ័យលើគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យានៅកម្ពុជា

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តឱ្យសមាគមពិនិត្យឱកាសវិនិយោគបន្ថែមលើ កសិដ្ឋានចិញ្ចឹមបង្គា និងមច្ឆជាតិផ្សេងៗទៀតដែលមានតម្រូវការទីផ្សារខ្ពស់។

ក្នុងគោលដៅបន្តសន្ទុះនៃការទាក់ទាញវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីផែនការរៀបចំ បេសកកម្មគោះទ្វារវិនិយោគនៅប្រទេសជប៉ុន នាពេលខាងមុខ ក៏ដូចជាការរៀបចំកម្មវិធីអាហារពេលព្រឹកធុរកិច្ច (Business Breakfast) ដើម្បីផ្តល់វេទិកាពិភាក្សាដោយផ្ទាល់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនវិនិយោគិន។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងសារជាថ្មីនូវការត្រៀមខ្លួនជាស្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួល និងគាំទ្រគ្រប់បែបយ៉ាងដល់វិនិយោគិនជប៉ុន ដើម្បីប្រែក្លាយឱកាសវិនិយោគឱ្យទៅជាផ្លែផ្កាសេដ្ឋកិច្ចជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

ជប៉ុនជោគជ័យលើគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យានៅកម្ពុជា
ជប៉ុនជោគជ័យលើគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យានៅកម្ពុជា