Close

ផ្ដើមចេញពីការជួបបញ្ហាសុខភាពខ្លួនឯង ស្ត្រីម្នាក់បានបង្កើតសិប្បកម្មកែច្នៃកសិផលទៅជាអាហារ សុខភាព រកចំណូលបាន៤ពាន់ដុល្លារក្នុងមួយខែ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ សង្គម
ផ្ដើមចេញពីការជួបបញ្ហាសុខភាពខ្លួនឯង ស្ត្រីម្នាក់បានបង្កើតសិប្បកម្មកែច្នៃកសិផលទៅជាអាហារ សុខភាព រកចំណូលបាន៤ពាន់ដុល្លារក្នុងមួយខែ ផ្ដើមចេញពីការជួបបញ្ហាសុខភាពខ្លួនឯង ស្ត្រីម្នាក់បានបង្កើតសិប្បកម្មកែច្នៃកសិផលទៅជាអាហារ សុខភាព រកចំណូលបាន៤ពាន់ដុល្លារក្នុងមួយខែ

(បាត់ដំបង)៖ បញ្ហាសុខភាព នៅតែចោទជាបញ្ហាចម្បងសម្រាប់ប្រជាជនកម្ពុជាទូទៅ។ បញ្ហាទាំងនោះបណ្ដាលមកពីកង្វះការយកចិត្តទុកដាក់ថែទាំសុខភាព កង្វះអនាម័យ និងរបបអាហារ មិនគ្រប់គ្រាន់ជាដើម។ ក្នុងនោះ ជំងឺក្រពះ ពោះវៀន ជាករណីដែលមានច្រើនក្នុងស្រទាប់ប្រជាជនយើង។

លោកស្រី សេង សំណាង ដែលបច្ចុប្បន្នជាម្ចាស់សិប្បកម្មកែច្នៃផលិតផលក្នុងស្រុកទៅជាអាហារសុខ​ភាព ក៏ជាម្នាក់ក្នុងចំណោមប្រជាជនផ្សេងទៀតដែលមានបញ្ហាឈឺក្រពះ ពោះវៀនផងដែរ។ ដោយការទទួលទានថ្នាំហើយមិនជា លោកស្រីក៏បានសាកល្បងប្រើប្រាស់ហូបចេកខ្ចី​ ហើយក៏ទទួលបានផល។

ក្រោយពីនោះមក លោកស្រីក៏មានគំនិតចង់កែច្នៃកសិផលខ្មែរមួយនេះ ឲ្យទៅជាប្រភេទអាហារសុខភាពតែម្ដង ដែលអាចប្រើប្រាស់សម្រាប់ព្យាបាលជំងឺក្រពះ ពោះវៀន។ បង្កើតឡើងដំបូងកាលពីដើមឆ្នាំ ២០២១ លោកស្រី សេង សំណាង បានឲ្យដឹងថា ពេលនោះលោកស្រីផលិតម្សៅចេកជាលក្ខណៈ​គ្រួសារប៉ុណ្ណោះ រីឯទីផ្សារគឺពឹងសុទ្ធសាធលើប្រព័ន្ធអនឡាញ។

ក្រោយពីទទួលបានការគាំទ្រ ព្រមទាំងការសំណូមពរច្រើនពីសំណាក់អតិថិជន លោកស្រីក៏សម្រេច​ពង្រីកអាជីវកម្មរបស់ខ្លួនឲ្យទៅជាសិប្បកម្មមួយតែម្ដង​ ដែលមានឈ្មោះថា «សិប្បកម្ម MLH»។
ផ្គួបផ្សំនឹងការកត់សម្គាល់ឃើញប្រជាកសិករជាច្រើនមិនមានទីផ្សារលក់កសិផលរបស់ខ្លួនផង លោកស្រី ក៏បានបន្ថែមផលិតផលរបស់ខ្លួនទៀត។ រហូតមកដល់បច្ចុប្បន្ន សិប្បកម្មលោកស្រីមានផលិតផល​ដូចជា៖ ម្សៅចេក ម្សៅរមៀត ម្សៅខ្ញី​ម្សៅពន្លៃ ម្សៅរំដេង ម្សៅខ្ជាយ តែខ្ញីទឹកឃ្មុំ
និងផលិត​ផល​​ថ្មីៗថែមទៀតដូចជា ប្រេងល្ងខ្មៅ ម្សៅចេកសម្រាប់ទារក ក្រមួនលាបរឹត។

បើតាមការឲ្យដឹងពីលោកស្រី សេង សំណាង ផលិតផលសុខភាពទាំងនេះបានរួមចំណែកជួយកសិករ មួយផ្នែក ថ្វីត្បិតថាមិនច្រើន ប៉ុន្តែក៏បានជួយផ្សព្វផ្សាយកសិផលខ្មែរដែលមានប្រយោជន៍សម្រាប់សុខ ភាពដ៏មានប្រសិទ្ធភាព។

រីឯចំណូលវិញ លោកស្រី បានឲ្យដឹងថា៖ « សម្រាប់តម្លៃដូចជាម្សៅ​ចេក គឺមានតម្លៃ​២ខុសគ្នា ម្សៅចេក​​​ ៣០០ក្រាមយើងលក់8$ និងម្សៅ​ចេក ៥០០ក្រាម យើងលក់15$ ​ហើយបើគិតជាខែ​អាចលក់បាន ៤៥០​កំប៉ុង ហើយផលិតផលផ្សេងទៀតលក់បានរាយរង បូកចូលគ្នាទៅប្រហែលជា ៥០០កំប៉ុងក្នុងមួយខែ»។

បើទោះបីជាអាជីវកម្មរបស់លោកស្រីទើបតែចាប់ផ្ដើមបានប្រមាណជា ២ឆ្នាំក៏ពិតមែន ប៉ុន្តែលោកស្រី មានបំណងចង់ពង្រីកផលិតកម្មខ្លួនបន្តទៀត ជាពិសេសអាចចូលរួមចំណែកជួយបង្កើតទីផ្សារឲ្យកសិករ ខ្មែរបានកាន់តែច្រើនជាងនេះទៀត។

យ៉ាងណាមិញ ផលិតផលរបស់លោកស្រីក៏កំពុងមានវត្តមានតាំងលក់នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ ហើយប៉ុន្មានថ្ងៃមកនេះលោកស្រីក៏បានទទួលភ្ញៀវទាំងជាតិ និងអន្តរជាតិចូលមកទស្សនា និងជាវផលិត ផលពីស្តង់របស់លោកស្រី៕

អត្ថបទទាក់ទង