សេចក្តីព្រាងគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍខេត្តព្រះសីហនុនឹងត្រូវឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅចុងសប្តាហ៍នេះ
ភ្នំពេញ ៖ គណរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា លើសេចក្តីព្រាងគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨ ក្រោមអធិតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។
ការបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គនេះ ធ្វើឡើងបន្ទាប់ពីលោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូជាមួយវិទ្យាស្ថាននគររូបនីយកម្ម និងឌីសាញសិនជិន (UPDIS) ដើម្បីពិនិត្យធ្វើបច្ចុប្បន្នភាព និងពិភាក្សាលើខ្លឹមសារសំខាន់ៗជាយុទ្ធសាស្រ្ត និងកំណត់ទិសដៅ គោលនយោបាយអាទិភាព នៃសេចក្តីព្រាងរបាយការណ៍ផែនការមេ និងសេចក្តីព្រាងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង១២ នៅក្នុងដំណាក់កាលទី២នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តាមរយៈការប្រែក្លាយខេត្តព្រះសីហនុជាប៉ូលនៃការអភិវឌ្ឍថ្មីមួយ និងជាទីក្រុងឆ្លាតវៃ មានការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជាទីក្រុងបៃតង ព្រមទាំងជាមជ្ឍមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និងឡូជីស្ទីកដ៏រស់រវើក ក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុទៅនឹងខ្សែច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។
លោក ថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ សម្រាប់ដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បីទី១.អាចធានាបានថា ផែនការមេ និងផែនការសកម្មភាពមានសង្គតិភាពទៅនឹងផែនការអភិវឌ្ឍថ្នាក់ជាតិ, មានប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ព្រម ទាំងមានភាពជាក់ស្តែង និងអាចអនុវត្តបាន ប្រកបដោយប្រសិទ្ធភាព, ទី២. កំណត់បញ្ហាប្រឈម និងអាទិភាពគោលនយោបាយ លើទិសដៅអភិវឌ្ឍន៍សំខាន់ៗ ជាពិសេស វិស័យឧស្សាហកម្ម, វិស័យ ទេសចរណ៍, វិស័យហិរញ្ញវត្ថុ, ការកសាងហេរដ្ឋារចនាសម្ព័ន្ធគន្លឹះៗ និងការអភិវឌ្ឍធនធានមនុស្ស និងទី៣. សង្កត់ធ្ងន់លើការគ្រប់គ្រងការប្រើប្រាស់ដីធ្លី, ការរៀបចំក្របខណ្ឌស្ថាប័ន, និងយន្តការហិរញ្ញប្បទាន ដែលសម្រាប់គាំទ្រ និងជំរុញការអនុវត្តផែនការមេនេះ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដែលនឹងមាន បច្ច័យ ធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង ក៏ដូចជាការលើកកម្ពស់ជីវភាពរបស់ប្រជាជន។
សូមរំលឹកថា វិទ្យាស្ថាន UPDIS គឺជាវិទ្យាស្ថាន ដែលធ្លាប់បានធ្វើការសិក្សា និងរៀបចំផែនការមេ អភិវឌ្ឍន៍តំបន់សិនជិន (Shenzhen) របស់ប្រទេសចិន៕