កីឡាករ និងគ្រូបង្វឹកអ៊ូសបេគីស្ថាន ទទួលបានរថយន្ត BYD ម្នាក់មួយគ្រឿង ក្រោយមានកៅអីទៅលេង FIFA World Cup 2026

បន្ទាប់ពីទទួលបានជ័យជំនះ ៣-០ លើ ប្រទេសកាតា ក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន ទទួលបានបានកៅអីទៅលេង FIFA World Cup ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ដោយមានសិទ្ធទៅលេងនៅព្រឹត្តិការណ៍ FIFA World Cup 2026 ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។
សមិទ្ធិផលជាប្រវត្តិសាស្ត្រនេះ បានជំរុញឱ្យប្រធានាធិបតីអ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីប្រគល់ពានរង្វាន់កិត្តិយស និងមេដាយ និងគ្រឿងតុបតែងលម្អដល់កីឡាករ និងគ្រូបង្វឹកជាច្រើននៃក្រុមជម្រើសជាតិ។ ក្នុងនោះ ក៏បានប្រគល់រថយន្តអគ្គិសនី BYD ចំនួន ៤០គ្រឿងដល់កីឡាករ និងគ្រូបង្វឹកទាំងអស់នៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ូសបេគីស្ថាន ផងដែរ។
បើតាមរូបភាពដែលបានផ្សព្វផ្សាយ គេឃើញថា រថយន្តទាំងនោះ បានចតនៅជាប់នឹងទីលានប្រកួត។ ក្នុងការប្រារព្ធពិធីអបអរនេះ ពិតជាមិនធម្មតា សូម្បីតែនាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico និងប្រធានាធិបតីប៊ុលហ្គារី Rumen Radev ក៏មកចូលរួមផងដែរ។
គួរបញ្ជាក់ថា អ៊ូសបេគីស្ថាន បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូល។ អ៊ីរ៉ង់ ដែលស្ថិតក្នុងពូលដូចគ្នា ក៏បានកៅអីទៅលេង FIFA World Cup 2026 ដូចគ្នា។ គួរបញ្ជាក់ថា ការប្រកួត FIFA World Cup 2026 ដែល សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ធ្វើជាសហមចាស់ផ្ទះ នឹងធ្វើឡើងចាប់ពីថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា។ នេះជាលើកដំបូង ដែល World Cup មានក្រុមជម្រើសជាតិ ចំនួន ៤៨ក្រុម ៕