រយៈពេល ៦ខែ ឆ្នាំ២០២៣ មានមនុស្សចំនួន ៤១នាក់បានស្លាប់ក្នុងករណីអគ្គីភ័យ
ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤១នាក់ បានស្លាប់ក្នុងករណីអគ្គិភ័យឆាប់ឆេះ ៥១៦លើក ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ នេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ កើនឡើង២៩នាក់ ។
ទិន្នន័យខាងលើនេះត្រូវបានលើកឡើងដោយឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិថ្លែងក្នុងពេលដឹកនាំបើកការធ្វើលំហាត់សមយុទ្ធបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅផ្សារទំនើបអ៊ីអន ១ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញនៅថ្ងៃទី ១២ ខែកក្កដាឆ្នាំ២០២៣។
ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា បញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ ករណីអគ្គិភ័យបានកើតឡើង ៥១៦លើក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ កើនឡើងចំនួន ១៤៤លើក និងបណ្តាលឲ្យមនុស្សស្លាប់ចំនួន៤១នាក់ កើនឡើង ២៩នាក់ ព្រមទាំងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀត។ មូលហេតុនៃគ្រោះអគ្គីភ័យគឺបណ្តាលមកពី ឆ្លងចរន្តអគ្គីសនី ប្រើប្រាស់ភ្លើង និងកត្ដាផ្សេងទៀត។
បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វត្ថា បានលើកឡើងពីវិធានផ្សេងៗរបស់នាយកដ្ឋាន ដើម្បីបង្ការអគ្គីភ័យ និងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចេះរបៀបពន្លត់បឋម នៅពេលមានហេតុការណ៍គ្រោះអគ្គិភ័យកើតឡើង មុនទំនាក់ទំនងមកនាយកដ្ឋាន តាមលេខទូរស័ព្ទ១១៧ ដោយគិតឥតថ្លៃ ២៤ម៉ោង ក្នុងមួយសប្តាហ៍។
ពាក់ព័ន្ធធ្វើលំហាត់សមយុទ្ធបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅផ្សារទំនើបអ៊ីអន ១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វត្ថា បានឲ្យដឹងថា ការធ្វើសមយុទ្ធនៅពេលនេះ គឺដើម្បីឲ្យបុគ្គលិកនៅក្នុងផ្សារ ទំនើបអ៊ីអន១ ចេះអំពីវិធានការបង្ការ និងពន្លត់អគ្គិភ័យបឋមដោយខ្លួនឯង និងចេះជម្លៀសខ្លួន ជាមួយភ្ញៀវចេញពីកន្លែងកើតហេតុ ព្រមទាំងផ្សាភ្ជាប់ជាមួយជំនាញរបស់សមត្ថកិច្ច។
ឯកឧត្តមបបន្តថា លំហាត់សមយុទ្ធក្នុងឱកាសនោះ រួមមាន៖ ទី១៖ ការប្រកាសអាសន្នជម្លៀសខ្លួន
ទី២៖ ការសង្គ្រោះជនដែលរងគ្រោះ ទី៣៖ ការពន្លត់អគ្គិភ័យ។ ឆ្លងកាត់សមយុទ្ធនេះ ឯកឧត្តមប្រធាននាយកដ្ឋាន បានមើលឃើញថា ប្រតិបត្តិការរបស់បុគ្គលិក និងមន្ដ្រីជំនាញ គឺអនុវត្តបានល្អស្មើដៃគ្នា និងមានជំនាញច្បាស់លាស់ ដូច្នេះឯកឧត្តមរំពឹងថា ក្នុងករណីមានហេតុការណ៍បន្ទាន់កើតឡើង បុគ្គលិកក្នុងផ្សារទំនើបរបស់ជប៉ុនមួយនេះ អាចមានលទ្ធភាពសង្គ្រោះបឋមដោយខ្លួនឯង រួមជាមួយភ្ញៀវរបស់ខ្លួនបាន ហើយក្នុងករណីតូចតាចក៏មានគ្រប់គ្រងបាន និងធ្វើឲ្យរីករាលដាលផងដែរ។
បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា បានសំណូមពរដល់ម្ចាស់ផ្សារទំនើបនានា, សហគ្រាស, គ្រឹះស្ថាន និងអគារធំៗជាដើម គួរបង្កើនកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ បង្ការ និងពន្លត់អគ្គិភ័យ ពិសេសការធ្វើលំហាត់សមយុទ្ធរួមគ្នា ដើម្បីបញ្ជ្រៀបការយល់ដឹងបន្ថែមពីដល់បុគ្គលិករបស់ខ្លួន អំពីវិធានការសង្គ្រោះបឋម, ការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ និងជម្លៀសខ្លួនចេញពីកន្លែងកើតហេតុ។
ឯកឧត្តមប្រធាននាយកដ្ឋាន ក៏បានកត់សម្គាល់ទៀតថា ផ្សារទំនើបអ៊ីអនគ្រប់សាខាទាំងអស់ គឺជាផ្សារទំនើបរបស់ជប៉ុនដ៏គំរូមួយ ដែលតែងផ្ដល់កិច្ចសហការល្អជាមួយកម្លាំងសមត្ថកិច្ច ពិសេសនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្នុងការធ្វើសមយុទ្ធរួមគ្នា និងអប់រំ ផ្សព្វផ្សាយដល់បុគ្គលិករបស់ខ្លួន ទាំង៣សាខាតែម្ដង។ ឯកឧត្តម ចាត់ទុកថា នេះជាគំរូមួយដែលម្ចាស់ទីតាំងដ៏ទៃទៀតគួរអនុវត្តតាម។ ឯកឧត្តម បន្តថា រហូតមកដល់ពេលនេះផ្សារទំនើបអុីអន បានចូលរួមក្នុងការធ្វើសមយុទ្ធនេះចំនួន១២លើករួចមកហើយ។
លោក ជូ សុវណ្ណារ៉ា អ្នកគ្រប់គ្រងទូទៅនៃផ្សារទំនើបអុីអន បានឲ្យដឹងថា ក្រៅពីការបញ្ជ្រៀបការយល់ដឹងដល់បុគ្គលិក ដែលធ្វើការនៅក្នុងផ្សារហើយនោះ គោលដៅមួយទៀត គឺដើម្បីគោរពតាមច្បាប់របស់កម្ពុជា និងលិខិតបទដ្ឋានគតិយុត្តផ្សេងដែលមានជាធរមាន សំដៅបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ។ មួយវិញទៀត ក៏ជាការបង្កើននូវទំនុកចិត្តជូនអតិថិជនដែលចូលមកផ្សារទំនើបអ៊ីអន ផ្ទាល់តែម្ដង។
ជាមួយគ្នានេះ លោក ជូ សុវណ្ណារ៉ា តាងនាមផ្សារទំនើបអុីអនខេមបូឌា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលតែងតែបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ ក៏ដូចជាផ្ដល់កិច្ចសហការជាមួយផ្សារទំនើបអុីអន ក្នុងការធ្វើសមយុទ្ធពន្លត់អគ្គិភ័យដែលមានសារៈសំខាន់នៅពេលនេះ។
លោករំពឹងថា ក្រោយធ្វើសមយុទ្ធបុគ្គលិកផ្សារ គឺមានការយល់ដឹងខ្ពស់អំពីវិធានការនានាក្នុងការបង្ការ និងពន្លត់អគ្គិភ័យ៕