ឧត្តមសេនីយ៍ឯក ស រដ្ឋា ៖ សូមកុំចូលរួមបំរើសេវាកម្មបើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់
ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំចូលរួមបំរើសេវាកម្មបើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់ ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា « សូមប្រយ័ត្ន និងជៀសវាងការផ្តល់សេវាកម្មជួលរឺបើកបរយានយន្តបំពាក់ឧបករណ៍ FAKE BTS (Fake Base Transceiver Station) ដែលប្រើវិធីសាស្រ្តផ្តាច់សេវាក្រុមហ៊ុនទូរស័ព្ទរួចផ្ញើសារ SMS ផ្សាយពាណិជ្ជកម្មរំខាន ឬរាល់ប្រភេទសារ ដែលផ្តល់តំណភ្ជាប់ (link) ដោយមិនទាន់មានការពិនិត្យ»។
២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា បន្ថែមថា សមត្ថកិច្ចជំនាញ បានរកឃើញថា ឧបករណ៍ផ្ញើសារ SMS ដែលប្រើសម្រាប់ផ្សព្វផ្សាយសេវាកម្មទាំងនេះ គឺអាចផ្ញើតំណទៅកាន់គេហទំព័របោកប្រាស់ និងអាចភ្ជាប់កម្មវិធី malware ឬ hack ដែលត្រូវបានរចនាឡើងដើម្បីរំខាន បំផ្លាញ ឬទទួលបានសិទ្ធិចូលគ្រប់្រគងលើប្រព័ន្ធឧបករណ៍អេឡិចត្រូនិច ឬទូរស័ព្ទរបស់អ្នកដែលចុចចូលក្នុងសារនោះ ដោយពុំចាំបាច់មានការអនុញ្ញាតឡើយ— ហេតុនេះ សូមកុំចុច ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬលេខកូដ OTP ឲ្យសោះ ។
ជាក់ស្តែងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២៣និង៤៥នាទី ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះអនុវត្តការងាររដ្ឋបាលចំហ ដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ នៅចំណុចផ្លូវ៣០០ ក្បែរកាស៊ីណូ ប៉ឡាយ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ពេលត្រួតពិនិត្យ រថយន្ត Prius ពណ៌ស ស្លាកលេខ 2A-7170 ដែលបើកបរដោយឈ្មោះ ពៅ លីហាវ (ជនជាតិខ្មែរ, ភេទប្រុស, កើតថ្ងៃទី ៣០ ខែមករា ឆ្នាំ២០០១) ត្រូវបានរកឃើញមានឧបករណ៍ប្រើសម្រាប់ផ្ញើសារ SMS និងឧបករណ៍ផ្សេងៗទៀតដែលអាចប្រើសម្រាប់បង្កើត និងផ្ញើគេហទំព័បោកប្រាស់ ។
ឧបករណ៍ និងសម្ភារៈដកហូតបានរួមមាន ៖ ទូរស័ព្ទដៃ ៣ គ្រឿង (១. Tecno Spark — ពណ៌ទឹកប្រាក់, ២. Tecno Spark — ពណ៌ប្រផេះ, ៣. Oppo — ពណ៌ខ្មៅ), ឧបករណ៍ FAKE BTS (Fake Base Transceiver Station) ២ គ្រឿង ,អង់តែន FAKE BTS ២ គ្រឿង និងPower supply ៤ គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ សូមផ្តល់ព័ត៍មានមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំពោះករណីសង្ស័យរថយន្តដឹកឧបករណ៍ទាំងនេះ ៕