ទេសរដ្ឋមន្រ្តី ថោង ខុន ស្នើឱ្យជំរុញការអភិវឌ្ឍន៍គោលដៅទេសចរណ៍ក្នុងខេត្តសៀមរាបកាន់តែទាក់ទាញបន្ថែម
សៀមរាប៖ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រី្ត នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) បានស្នើដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តជំរុញការអភិវឌ្ឍន៍គោលដៅទេសចរណ៍របស់ខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដើម្បីជាស្នូលនៃការបង្កើនចំនួនភ្ញៀវទេសចរចូលមកកម្សាន្ត។
លោក ទេសរដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា សម្រាប់ការតាមដាន និងត្រួតពិនិត្យក្នុងកិច្ចប្រជុំនាពេលនេះ គឺផ្ដោតសំខាន់លើការដាក់ឱ្យប្រើប្រាស់សូចនាករត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥, ឯកសារទស្សនទានគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍សម្រាប់សហគមន៍ធម្មជាតិកំពង់ភ្លុក, វឌ្ឍនភាព និងទិសដៅអភិវឌ្ឍន៍ទេសចរណ៍ភ្នំគូលែន, ចុងឃ្នៀស និងក្រុងសៀមរាប។
ឆ្លងកាត់ការពិនិត្យរួចមក លោកទេសរដ្ឋមន្ត្រី បានកោតសរសើរ ចំពោះរបាយការណ៍វឌ្ឍនភាពផែនការអភិវឌ្ឍន៍ទេសចរណ៍នៅចុងឃ្នៀស និងក្រុងសៀមរាប។ ជាមួយនោះ ក៏សូមស្នើឱ្យអង្គភាពគ្រប់គ្រងគោលដៅនីមួយៗ ជាពិសេសគ្រឹះស្ថានអង្គរ បន្តខិតខំជំរុញការងាររបស់ខ្លួនឱ្យស្របតាមទិសដៅដែលបានគ្រោងទុក។ ដោយឡែកចំពោះគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍សម្រាប់សហគមន៍ធម្មជាតិកំពង់ភ្លុក គម្រោងនេះ អង្គប្រជុំនឹងគោរពជូនសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ សំដៅឈានទៅរៀបចំប្លង់លម្អិត។
លោក បន្ថែមថា ចំពោះគោលដៅភ្នំគូលែន អង្គប្រជុំបានស្នើឱ្យក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ បន្តកិច្ចសហការ និងពិភាក្សាគ្នាលំអិតបន្ថែមទៀតទៅលើទិដ្ឋភាពនៃការថែរក្សា អភិរក្សធនធានធម្មជាតិ បរិស្ថាន និងការរៀបចំគ្រប់គ្រង និងអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍នៅទីនោះ។ គ.អ.ទ.ស. នឹងធ្វើការកោះប្រជុំដោយឡែកស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍតំបន់គោលដៅទេសចរណ៍ភ្នំគូលែននេះ។
ជាមួយគ្នានេះ លោកបាន ថ្លែងអំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងបានដាក់ចេញសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥។ អង្គប្រជុំប្ដេជ្ញាសហការបំពេញភារកិច្ច អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមការចង្អុលបង្ហាញក្នុងសកម្មភាពនីមួយៗនៃវិធានការគន្លឹះនេះ។
អង្គប្រជុំក៏បានឯកភាពគ្នារៀបចំបូកសរុបលទ្ធផល និងការងារសម្រេចបានសម្រាប់រយៈពេល ៩ខែ និង១២ខែ នៃការអនុវត្តវិធានការគន្លឹះនេះ។ ករណីប្រសិនបើមានសកម្មភាពណាដែលមិនទាន់អនុវត្តចប់ទាំងស្រុង ឬមិនទាន់បានអនុវត្ត ត្រូវស្នើសុំជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ដើម្បីធ្វើការរំកិលសកម្មភាពអនុវត្តទៅឆ្នាំ២០២៦ តាមលទ្ធភាពជាក់ស្ដែងផងដែរ៕