អង្គការពាក់ព័ន្ធសហការគ្នាបង្កើតកម្មវិធីកសិកម្ម ដើម្បីលើកស្ទួយជីវភាពកសិករខ្នាតតូចនៅខេត្តមណ្ឌលគិរី
(មណ្ឌលគិរី)៖ ប្រជាកសិករ ដែលធ្វើកសិកម្មខ្នាតតូចចំនួន ១២០០នាក់ ដែលរស់នៅក្នុងស្រុកោះញែក ខេត្ត មណ្ឌលគិរីទទួលបានការគាំទ្រ តាមរយៈគម្រោងថ្មីមួយដែលមានទឹកប្រាក់ជិត៣លានដុល្លារអាមេរិក។ គម្រោងថ្មីនេះកើតចេញពីការសហការគ្នារវាង កម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ (WFP) សហការជាមួយសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC)។
ជារួម គម្រោងនេះទទួលបានមូលនិធិពីកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកល (WFP) ចំនួន ១.៧៩លានដុល្លារ និងពីសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ចំនួន១.១លានដុល្លារ ក្នុងគោលបំណងលើកកម្ពស់ភាពធន់ និងជីវភាពរបស់កសិករ ខ្នាតតូចតាមរយៈកសិកម្មសរីរាង្គ និងលទ្ធភាពចូលទៅកាន់ទីផ្សារ។
ពាក់ព័ន្ធនឹងចំណុចនេះ នាយកប្រតិបត្តិ CACC លោក កាន់ គន្ធី បានមានប្រសាសន៍ឲ្យដឹងថា CACC នឹងបង្កើតខ្សែច្រវ៉ាក់តម្លៃអាហារសរីរាង្គមួយ ដែលប្រកបដោយបរិយាប័ន្ន និងលើកទឹកចិត្តកសិករខ្នាតតូច រួមទាំងស្ត្រីនិងជនជាតិដើមភាគតិច ឲ្យប្តូរមកអនុវត្ដកសិកម្មសរីរាង្គដោយប្រើតែជី និងថ្នាំកម្ចាត់សត្វល្អិតធម្មជាតិ និងការអនុវត្តដទៃទៀត ដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
លោកបានបន្តថា «អាហារសរីរាង្គមានទីផ្សារល្អ និងមានស្ថិរភាពជាងតម្លៃទំនិញដែលផលិតទៅតាមទម្លាប់ហើយវាមានឱកាសចំណេញខ្ពស់ និងមានស្ថិរភាពចំណូលផងដែរ»។
លោកកត់សម្គាល់ថា កសិករខ្នាតតូចក្នុងខេត្តមណ្ឌលគិរី ច្រើនដាំដុះតែស្រូវ ហើយភាគច្រើនធ្វើកសិកម្មវិលជុំបែបប្រពៃណី ដែលងាយរងគ្រោះដោយសារអាកាសធាតុ និងវិបត្តិផ្សេងៗ។
លោក គន្ធី បានបន្ថែមថា «គោលដៅរបស់យើង គឺដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករ ដែលចូលរួមឲ្យបានរហូតដល់២០ភាគរយ ធៀបនឹងប្រាក់ចំណេញរបស់កសិកម្មធម្មតា»។
លោកក៏បានបញ្ជាក់ដែរថា CACC នឹងជួយសម្របសម្រួលទំនាក់ទំនងទីផ្សារហើយកសិករនឹងអាចប្រើប្រាស់ចំណូលរបស់ខ្លួនក្នុងការទប់ទល់ជាមួយនឹង វិបត្តិផ្សេងៗដែលអាចកើតមាននាពេលអនាគត។
ទន្ទឹមនឹងនេះ លោកស្រី គ្លែរ កូណាន់ អ្នកតំណាងរបស់ WFP ប្រចាំនៅកម្ពុជា បានឲ្យដឹងថា គម្រោងនេះត្រូវបានគ្រោងរៀបចំឡើងក្នុងបរិបទកូវីដ-១៩ ដើម្បីកសាងភាពជាដៃគូរវាង វិស័យសាធារណៈ វិស័យឯកជន និងអ្នកផលិត។
លោកស្រី កូណាន់ បានបន្តថា «កំណើនប្រាក់ចំណូលនឹងដើរតួយ៉ាងសំខាន់ក្នុងការសម្រួលឲ្យក្រុមគ្រួសាររបស់កសិករខ្នាតតូចអាចទទួលបានអាហារូបត្ថម្ភកាន់តែល្អប្រសើរ ហើយនៅពេលដែលពួកគេអាចមានលទ្ធភាពទទួលបានអាហារសុខភាពចម្រុះ ពួកគេក៏អាចទប់ទល់នឹងបញ្ហាសុខភាពផ្សេងៗដែលបណ្ដាលមកពីការ មិនបានទទួលអាហារូបត្ថម្ភគ្រប់គ្រាន់»។
លោកស្រីក៏បានបង្ហាញការសម្គាល់ផងដែរថា ជីវភាព និងអាហារូបត្ថម្ភមានសារៈសំខាន់ណាស់ ដោយសារតំបន់គោលដៅនេះ មានកម្រិតនៃភាពក្រីក្រ និងមានកង្វះខាតអាហារូបត្ថម្ភខ្ពស់៕