ជ្រូកគូលេន ងាយស្រួលចិញ្ចឹម នៅតែមានទីផ្សារខ្ពស់សម្រាប់ប្រជាជន
ជ្រូកគូលេន ជាពូជជ្រូកកណ្ដុរដែលបានមកពីការបង្កាត់រវាងជ្រូកស្រុក និងជ្រូកព្រៃ និងមានប្រភពចេញពីកសិដ្ឋានចិញ្ចឹមសត្វ និងកសិកម្មអភិរក្សនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលេន។
ដើម្បីធានាការអភិរក្សនៅក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ការផ្ដល់ពូជជ្រូកគូលែនទៅដល់ប្រជាសហគមន៍ចិញ្ចឹមនេះ គឺជាការផ្ដល់ជម្រើសការងារដ៏ល្អមួយ ខណៈដែលពួកគេ មានទម្លាប់ធ្វើស្រែចំការ និងចិញ្ចឹមសត្វតាំងពីដើមមកស្រាប់។
យ៉ាងណាមិញ មុននឹងផ្ដល់ពូជទៅដល់ប្រជាសហគមន៍ចិញ្ចឹម ក្រសួងបរិស្ថានបានបង្កើតជាកសិដ្ឋាន មួយដើម្បីស្រាវជ្រាវ បន្សុទ្ធពូជជ្រូកគូលែន ក៏ដូចជាសិក្សាពីបច្ចេកទេសក្នុងការចិញ្ចឹមជាដើម។
លោក លៀង សេង ដែលជាទីប្រឹក្សាអមនៃក្រសួងបរិស្ថានបានរៀបរាប់អំពីកសិដ្ឋានបន្សុទ្ធពូជជ្រូក ក្នុងទីតាំងខាងលើនេះថា ការបន្សុទ្ធពូជជ្រូកនេះខាងកសិដ្ឋានទទួលបានភាពជោគជ័យជាបន្តបន្ទាប់។
លោកបានបន្តគូសបញ្ជាក់ថា ដោយសារតែជ្រូកគូលែននេះ ជាសត្វប្រចាំភូមិសាស្ត្រ ដូច្នេះប្រជាសហគមន៍ ព្រមទាំងមន្ត្រីឧទ្យានុរក្សដែលរស់នៅក្នុងតំបន់នេះ ជាអ្នកមានអាទិភាពចិញ្ចឹមជ្រូកនេះ មុននឹងចែកចាយពូជទៅក្រៅសហគមន៍។
តាមរយៈបទពិសោធន៍ចិញ្ចឹមជ្រូកគូលែន ឬជ្រូកកណ្ដុរនេះ លោកបន្តឲ្យដឹងថា កូនជ្រូករស់មួយក្បាល ដែលមានទម្ងន់ ៥ទៅ៦គីឡូ គឺអាចលក់បានហើយ។ ម្យ៉ាងដោយសារតែជ្រូកប្រភេទនេះ មិនសូវមានខ្លាញ់ ទើបមានការនិយមចូលចិត្តច្រើនពីប្រជាពលរដ្ឋក្នុងស្រុក។
ក្រៅតែពីបានជួយថែរក្សា អភិរក្សធនធានធម្មជាតិទៅ ការចិញ្ចឹមជ្រូកគូលែននេះក៏ស័ក្តិសមបំផុតសម្រាប់បងប្អូនប្រជាកសិករចិញ្ចឹម ព្រោះថាវាងាយស្រួលចិញ្ចឹម មិនរើសចំណី និងមានភាពសុំាជាមួយនឹងអាកាសធាតុ។
ការចិញ្ចឹមជ្រូកគូលែន ប្រជាកសិករមានត្រឹមតែកាកសំណល់ផ្ទះបាយ លាយជាមួយកន្ទក់ ស្មៅ ស្លឹកឈើ ត្រកួន ឬកំប្លោកប៉ុណ្ណោះ ពោលគឺមិនចាំបាច់ត្រូវចំណាយប្រាក់សម្រាប់ទិញចំណីនោះទេ រីឯទីផ្សារវិញ លោកអះអាងថាមិនមានអ្វីជាបញ្ហាឡើយ។
គួរឲ្យដឹងផងដែរថា បើគិតពីមេបង្កាពេញវ័យ ដល់បង្កាត់ពូជ គេត្រូវការរយៈពេល៦ខែតាំងពីតូចមក រហូតដល់ពេលជ្រូកពពោះគឺត្រូវការជិត៤ខែដើម្បីកើតកូន។ ចំពោះប្រាក់ចំណេញ បើចិញ្ចឹមជ្រូកមានកូនលើសពី៣ក្បាលឡើងទៅគឺអាចទទួលបានប្រាក់ចំណេញហើយ ដោយមិនបាច់ភ័យរឿងគ្មានទីផ្សារនោះទេ ពោលគឺផ្គត់ផ្គង់ពូជមិនគ្រប់គ្រាន់ផង៕