Close

គ.ជ.ប បើកវគ្គបណ្តុះបណ្តាលស្តីពី ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ សង្គម
គ.ជ.ប បើកវគ្គបណ្តុះបណ្តាលស្តីពី ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គ.ជ.ប បើកវគ្គបណ្តុះបណ្តាលស្តីពី ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន សំដៅធានាឱ្យដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នាពេលខាងមុខប្រព្រឹត្តទៅដោយរលូន មានភាពចាស់ទុំ ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ល្អ និងគ្មានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធាន លេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) សមាជិក គធ.ខប ដែលជាប្រធានផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត សមាជិក គធ.ខប ដែលជាប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ តំណាងក្រសួង ស្ថាប័នជាតិ តំណាងគណបក្ស នយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅទីស្ដីការ គ.ជ.ប។

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលនេះ បានថ្លែងថា ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយទៀត កម្ពុជាបានធ្វើការកែលម្អ និងកែទម្រង់ការបោះឆ្នោតជាបន្តបន្ទាប់ ពិសេសក្រោយការបោះឆ្នោត ឆ្នាំ២០១៣ កម្ពុជាធ្វើការកែទម្រង់ស៊ីជម្រៅមួយកម្រិតថែមទៀតទាំងលើទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស និងស្ថាប័នរៀបចំការបោះឆ្នោត។

ឯកឧត្តមបានបន្តថា តាមរយៈការកែទម្រង់នេះ នៅឆ្នាំ២០១៤ រដ្ឋសភាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយដាក់បញ្ចូលសា្ថប័ន គ.ជ.ប ទៅក្នុងជំពូក ទី១៥ ថ្មី(ពីរ) ហើយក្រោយមកច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានអនុម័ត និងប្រកាសឱ្យប្រើជាបន្តបន្ទាប់។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតថ្មី និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីការបោះឆ្នោតនានា ចាប់តាំងពីឆ្នាំ២០១៦ មក គ.ជ.ប បានរៀបចំចាត់ចែង និងគ្រប់គ្រងការងារចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតទទួលបានលទ្ធផលជោគជ័យ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍ពីការបោះឆ្នោតមុនៗ និងជោគជ័យ នៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងលទ្ធផល នៃអង្គសន្និបាតបូកសរុបការងារបោះឆ្នោតកន្លងទៅនេះ គ.ជ.ប បានពិនិត្យ និងកែលម្អការងារបច្ចេកទេសបោះឆ្នោតមួយចំនួន សំដៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត តាមរយៈការអនុម័តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការដាក់ឱ្យ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជាជំនួយដល់ដំណើរការបោះឆ្នោត។

ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប បានលើកឡើងថា ក្រៅពីការរៀបចំការងារបច្ចេកទេសបោះឆ្នោតបានល្អប្រសើរហើយនោះ ការងារបណ្ដុះបណ្តាល និងពង្រឹងសមត្ថភាពរបស់មន្ដ្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ដែលត្រូវអនុវត្តការងារបោះឆ្នោតនាពេលខាងមុខ គឺជាកត្តាចាំបាច់។ ហេតុនេះហើយ ទើប គ.ជ.ប តែងតែយកចិត្តទុកដាក់រៀបចំបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបោះឆ្នោត និងភាគីពាក់ព័ន្ធទាំងអស់អំពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត នៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត។ ជាក់ស្ដែងវគ្គបណ្តុះបណ្តាលនាពេលនេះ គឺមានគោលបំណងបង្កើនសមត្ថភាព ផ្តល់ចំណេះដឹង និងជំនាញបន្ថែមទៀតពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ព្រមទាំងនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលឃោសនាបោះឆ្នោតដល់សិក្ខាកាមដែលជាមន្ត្រី គ.ជ.ប និងភាគីពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈអនុវត្ត និងផ្តល់កិច្ចសហការតាមមុខការរៀងៗខ្លួន ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធានាឱ្យដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នាពេលខាងមុខប្រព្រឹត្តទៅដោយរលូន មានភាពចាស់ទុំ ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ល្អ និងគ្មានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ មានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទទាក់ទង