មុនហោះមកកម្ពុជា ! គ្រូបង្វឹកម៉ាឡេស៊ី បោះសម្ដីថា ក្រុមរបស់លោកនឹងយកឈ្នះ វៀតណាម ហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ថ្វីត្បិតតែមិនមានវត្តមាននៅកម្ពុជាក៏ដោយ ក៏គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម ២២ឆ្នាំ លោក Elavarasan បានបោះពាក្យសម្ដីមុនការប្រកួតរវាង U22 ម៉ាឡេស៊ី និង U22 វៀតណាម ក្នុងពូល B នៃស៊ីហ្គេម ៣២ ថា ក្រុមរបស់លោកនឹងយកឈ្នះក្រុមជម្រើសជម្រើសជាតិវៀតណាម ហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
លោក Elavarasan បានថ្លែងប្រាប់អ្នកសារព័ត៍មាននៅព្រលានយន្តហោះ កូឡាឡាំពួ មុនហោះហើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅព្រឹកនេះថា ៖« យើងមានកីឡាករល្អបំផុត ដោយមានកីឡាករដែលទើបតែលេងពាន Merlion Cup ។ ម៉ាឡេស៊ី U22 មានការជួបជុំជាច្រើននៅឆ្នាំនេះ។ ដូច្នេះ ទោះបីមានកីឡាករមកយឺត ក៏ពួកគេដឹងពីគោលដៅ និងរបៀបដំណើរការការលេងរបស់ក្រុម។ ជាការពិតការផ្តោតអារម្មណ៍យឺត មិនបង្កឱ្យមានបញ្ហាអ្វីឡើយ។ ដូច្នេះគ្មានអ្វីជាបញ្ហាសម្រាប់យើងឡើយ ក្នុងដំណើរនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ»។
មែនទែនទៅ ក្នុងវគ្គចែកពូល U22 ម៉ាឡេស៊ី ស្ថិតក្នុងពូលមួយ ដែលត្រូវបានគេចាត់ទុកថាជាពូលមរណៈ ដោយសារមានការចូលរួមពី ម្ចាស់ការពារដំណែងជើងឯកវៀតណាម, ក្រុមជម្រើសជាតិថៃ ដែលជាក្រុមគីឡូធ្ងន់, ក្រុមជម្រើសជាតិ សិង្ហបុរី និង ក្រុមកំពុងឡើងជើង ឡាវ។ យ៉ាងណាក៏ដោយ គ្រូបង្វឹក Elavarasan មានទំនុកចិត្តជាមួយនឹងគោលដៅយកឈ្នះគូប្រកួត រួមទាំង វៀតណាម ដើម្បីកក់កៅអី ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសង្កត់ធ្ងន់ថា៖« “យើងបានធ្វើការហ្វឹកហាត់ច្រើន សម្រាប់កីឡាករដែលត្រូវបានកោះហៅ។ យើងបានរៀបចំយ៉ាងហ្មត់ចត់ និងត្រៀមរួចរាល់សម្រាប់ការប្រកួតទល់នឹងឡាវ នៅថ្ងៃទី 3 ឧសភា។ ចំណែកគូប្រកួតដែលនៅសល់ រួមទាំង វៀតណាម យើងមានបំណងឈ្នះ ព្រោះពួកគេជាក្រុមការពារតំណែងជើងឯក»។
មិនតែប៉ុណ្ណោះ គ្រូបង្វឹក Elavarasan បានប្រកាសដោយទំនុកចិត្តថា U22 ម៉ាឡេស៊ី នឹងមិនបញ្ឈប់ការប្រយុទ្ធជាមួយគូប្រជែងណាមួយឡើយ ដើម្បីមានឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនា ពេលខាងមុខនោះទេ៕