Close

បិតាបច្ចេកវិទ្យា AI ប្រកាសលាឈប់ពី Google និងត្រៀមទម្លាយហានិភ័យនៃបច្ចេកវិទ្យា​នេះទៅកាន់ពិភពលោក

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ បច្ចេកវិទ្យា
បិតាបច្ចេកវិទ្យា AI ប្រកាសលាឈប់ពី Google និងត្រៀមទម្លាយហានិភ័យនៃបច្ចេកវិទ្យា​នេះទៅកាន់ពិភពលោក បិតាបច្ចេកវិទ្យា AI ប្រកាសលាឈប់ពី Google និងត្រៀមទម្លាយហានិភ័យនៃបច្ចេកវិទ្យា​នេះទៅកាន់ពិភពលោក

បរទេស ៖ បិតាបច្ចេកវិទ្យា AI លោក Geoffrey Hinton (Godfather of A.I.) បានប្រកាសលាឈប់ពីការងារនៅក្នុងក្រុមហ៊ុន Google និងបានព្រមានពីហានិភ័យដែលនឹងកើតមានឡើងដោយសារតែបច្ចេកវិទ្យាមួយនេះនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

លោក Hinton ជាត្រូវបានគេស្គាល់ថា ជាបណ្ឌិតផ្នែកបច្ចេកវិទ្យា AI ដែលមានបទពិសោធន៍ជាង ៤៥ឆ្នាំ ដោយអស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ លោកបានបម្រើការងារក្រៅម៉ោងនៅក្នុងក្រុមហ៊ុន Google ហើយ​ថ្មីៗ​នេះ​លោកបានប្រកាសលាឈប់ពីការងារ និងបានថ្លែងប្រាប់កាសែត The New York Times ថា លោកនឹង​លើកឡើង​ពី​ហានិភ័យដែលនឹងកើតមានឡើងដោយបច្ចេកវិទ្យា AI សម្រាប់ពេលអនាគត ដល់ពិភពលោកអំពីការគំរាមកំហែងដ៏មានសក្តានុពល។

ជាមួយគ្នានោះផងដែរ លោក Hinton ក៏បានបន្ថែមឱ្យដឹងទៀតថា ការគំរាមកំហែងដ៏មានសក្តានុពលដែលបណ្ដាល​មកពី​បច្ចេកវិទ្យា AI នឹងមកដល់ឆាប់ជាងអ្វីដែលលោកបានគិតពីមុន។

លោកបានបញ្ជាក់ថា ៖ «ខ្ញុំបាន​គិត​ថា​វា​មាន​រយៈ​ពេល​ពី ៣០ ទៅ ៥០ ឆ្នាំ ឬ​យូរ​ជាង​នេះ ប៉ុន្តែសម្រាប់ពេលនេះ ច្បាស់ណាស់ ខ្ញុំលែងគិតបែបនេះទៀតហើយ។ វា មានហានិភ័យ ឬការគំរាមកំហែង ដែលអាចនឹងមកដល់លឿនជាងនេះ»។

ជាមួយគ្នានេះ លោក Hinton ក៏បានលើកឡើងអំពី GPT-4 ឬ ChatGPT របស់ក្រុមហ៊ុន OpenAI ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពី​ចុងឆ្នាំមុន ប៉ុន្តែមកដល់ពេលនេះ វាផ្ទុះការគាំទ្រខ្លាំង ហើយក៏ជារឿងថ្មីមួយដែលលោកនឹកស្មានមិនដល់។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CNBC លោក Hinton ត្រូវបានគេចោទសួរថា តើបច្ចេកវិទ្យា AI អាចបំផ្លាញ់មនុស្សជាតិបានដែរឬទេ? ចម្លើយពីលោក Hinton គឺថា «វាមិនអាចនឹកស្មានដល់ ហើយនោះជាអ្វីដែល​ខ្ញុំ​នឹងនិយាយទៅកាន់ពិភពលោកនាពេលឆាប់ៗខាងមុខនេះ»។

Artificial intelligence pioneer leaves Google and warns about technology's future

គួរបញ្ជាក់ផងដែរថា លោក Hinton មិនត្រូវបានគេទម្លាយឱ្យដឹងច្បាស់ពីប្រវត្តិចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Google ជាមួយនឹងមុខតំណែងអ្វីនោះទេ គ្រាន់តែដឹងថា កាលពីដើមឆ្នាំ២០២២ លោកបានបន្ថយចំនួនម៉ោង​ធ្វើ​ការងាររបស់លោកនៅក្នុងក្រុមហ៊ុន Google ចំនួន ២០ភាគរយ ហើយចំពោះមូលហេតុដែលលោកលាឈប់ពី Google នោះគឺប្រហែលមកពីលោកចង់បានសេរីភាពក្នុងការនិយាយពីហានិភ័យនៃ AI៕

អត្ថបទទាក់ទង