នាយករដ្ឋមន្ត្រីអូស្ត្រាលី ព្រមានពីវិបត្តិសេដ្ឋកិច្ច ដោយជំរុញឲ្យប្រើប្រាស់ដឹកជញ្ជូនសាធារណៈ
SYDNEY៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានព្រមានថា វិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា អាចបន្តរយៈពេលជាច្រើនខែ ហើយបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ក្នុងសុន្ទរកថាដ៏កម្រមួយទៅកាន់ប្រជាជាតិ កាលពីថ្ងៃពុធ។
ការព្រមាននេះត្រូវបានចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ និងវិទ្យុធំៗ នៅម៉ោង ៧យប់ (០៨០០ GMT) ហើយមានលក្ខណៈស្រដៀងនឹងសុន្ទរកថារបស់នាយករដ្ឋមន្ត្រីមុនៗ ក្នុងអំឡុងពេលវិបត្តិធំៗ ដូចជា ជំងឺរាតត្បាតកូវីដ-១៩ និងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨។
ប្រទេសអូស្ត្រាលី ដែលនាំចូលប្រេងឥន្ធនៈប្រហែល ៩០% បានជួបប្រទះការកើនឡើងតម្លៃប្រេង និងការខ្វះខាតក្នុងស្រុក ដោយសារសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ព្រមទាំងការបិទច្រកសមុទ្រ Hormuz។
លោក Albanese បាននិយាយថា ស្ថានភាពបច្ចុប្បន្នពិបាករកភាពវិជ្ជមាន ខណៈដែលសង្គ្រាមបានជំរុញឲ្យតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតកើនឡើងខ្លាំង។ ទោះបីអូស្ត្រាលីមិនបានចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមនេះក៏ដោយ ប៉ុន្តែប្រជាជនទាំងអស់កំពុងទទួលរងផលប៉ះពាល់ពីការកើនឡើងនៃថ្លៃចំណាយ។

លោកបានបន្ថែមថា វិបត្តិសេដ្ឋកិច្ចនេះអាចបន្តរយៈពេលជាច្រើនខែ។
ក្នុងន័យបន្ធូរបន្ថយសម្ពាធលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ លោក Albanese បានអំពាវនាវឲ្យប្រជាពលរដ្ឋ “ធ្វើភារកិច្ចរបស់ខ្លួន” ដោយជៀសវាងការស្តុកប្រេងលើសតម្រូវការ ជាពិសេសមុនថ្ងៃឈប់សម្រាកបុណ្យអ៊ីស្ទើរ និងជ្រើសរើសប្រើប្រាស់ដឹកជញ្ជូនសាធារណៈ។
លោកបានណែនាំថា ប្រសិនបើត្រូវធ្វើដំណើរ សូមបំពេញប្រេងត្រឹមត្រូវតាមតម្រូវការ និងគិតគូរដល់អ្នកដទៃក្នុងសហគមន៍ រួមទាំងវិស័យសំខាន់ៗផងដែរ។ ហើយនៅប៉ុន្មានសប្តាហ៍ខាងមុខ ប្រសិនបើអាចធ្វើទៅបាន សូមប្តូរទៅប្រើរថភ្លើង ឬឡានក្រុងក្នុងការធ្វើដំណើរ។
ជម្លោះដែលបន្តរយៈពេលមួយខែនេះ បានរាលដាលពេញតំបន់មជ្ឈិមបូព៌ា បណ្តាលឲ្យមានអ្នកស្លាប់រាប់ពាន់នាក់ រំខានដល់ការផ្គត់ផ្គង់ថាមពល និងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក។
លោក Albanese បានព្រមានថា ប៉ុន្មានខែខាងមុខ “មិនងាយស្រួលទេ” ប៉ុន្តែរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគាំទ្រប្រជាជន។
នៅដើមសប្តាហ៍នេះ រដ្ឋាភិបាលបានប្រកាសកាត់បន្ថយពន្ធលើប្រេងសាំង និងប្រេងម៉ាស៊ូតពាក់កណ្តាល និងលុបចោលបន្ទុកលើអ្នកប្រើប្រាស់ផ្លូវធ្ងន់រយៈពេល ៣ ខែ ដើម្បីជួយគ្រួសារកាត់បន្ថយចំណាយ។ វិធានការនេះមានតម្លៃប្រហែល ២.៥៥ ពាន់លានដុល្លារអូស្ត្រាលី (ប្រហែល ១.៧៥ ពាន់លានដុល្លារ)។
បើទោះបីអូស្ត្រាលីមានស្តុកប្រេងខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំក៏ដោយ ក៏នៅតែទាបជាងកម្រិតណែនាំ ៩០ ថ្ងៃ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Jim Chalmers បាននិយាយថា អាជីវកម្មខ្នាតតូចដែលរងផលប៉ះពាល់ នឹងទទួលបានភាពងាយស្រួលក្នុងការចូលដំណើរការឥណទាន។
លោកបានបន្ថែមថា ទោះបីស្ថានភាពនេះប៉ះពាល់ដល់មនុស្សគ្រប់គ្នាក៏ដោយ ប៉ុន្តែតាមរយៈការសហការរួមគ្នា ប្រជាជនអូស្ត្រាលីអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះបាន៕