រដ្ឋាភិបាលថៃកំពុងជំរុញការទាញយកប្រេងរួមគ្នាជាមួយកម្ពុជាដែលមានតម្លៃជិត 150 ពាន់លានដុល្លារ
បាងកក ៖ រដ្ឋាភិបាលថៃបានលើកឡើងថា ខ្លួនកំពុងមានផែនការរយៈពេលច្រើនឆ្នាំសម្រាប់ការផលិតប្រេងនៅឈូងសមុទ្រថៃរួមគ្នាជាមួយប្រទេសកម្ពុជា ខណៈផលិតប្រេងរួមគ្នានេះ ត្រូវបានប៉ាន់ស្មានថាមានតម្លៃគិតជាទឹក ជិត 150 ពាន់លានដុល្លារ។ នេះបើយោងតាមចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។
ប្រភពព័ត៌មានបានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីថៃ លោក Prawit Wongsuwon បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ។ លោកបានពិភាក្សាជាមួយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា នៅទីក្រុងបាងកក កាលពីថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2022។ ភាគីទាំងពីរបានចាត់ទុកកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ជាដំណោះស្រាយចំពោះបញ្ហាកង្វះថាមពលនាពេលបច្ចុប្បន្ន។
គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារ កន្លងមកនេះ មានការពិភាក្សាក្រៅផ្លូវការមួយស្តីពីការសម្រេចបាននូវការផលិតរួមគ្នា នៃធនធានប្រេងដែលប៉ាន់ស្មានថាមានតម្លៃគិតជាទឹកប្រាក់ប្រមាណ 5 ទ្រីលានលានបាត ឬ ស្មើនឹងប្រមាណជិត 150 ពាន់លានដុល្លារ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ការពិភាក្សានេះត្រូវបានធ្វើឡើង បន្ទាប់ពីមានសញ្ញាវិជ្ជមានពីកម្ពុជាក្នុងការចរចាឡើងវិញលើការផលិតប្រេងរួមគ្នាលើតំបន់ទាមទារត្រួតស៊ីគ្នា (OCA) នៃប្រទេសទាំងពីរ ហើយវានឹងផ្អែកលើតំបន់អភិវឌ្ឍន៍រួមម៉ាឡេស៊ី-ថៃ (JDA) ។
ក្រសួងការបរទេសថៃបានបង្កើតក្រុមការងារមួយ ដើម្បីជំរុញការចរចានេះ។ នាយករដ្ឋមន្ត្រី Prayut Chan-o-cha ធ្លាប់និយាយថា បញ្ហានេះមានសារៈសំខាន់ និងមានភាគីពាក់ព័ន្ធជាច្រើន ហើយក្រសួងការបរទេស និងក្រសួងថាមពលកំពុងត្រួតពិនិត្យការចរចានេះ៕