រុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការរថក្រោះទំនើបរបស់ខ្លួន T-14 ក្នុងសង្គ្រាមនៅអ៊ុយក្រែន
បរទេស ៖ របាយការណ៍ព័ត៌មានក្នុងស្រុករបស់ប្រទេសរុស្ស៊ី RIA ថ្មីៗនេះបានចេញផ្សាយថា រថក្រោះទំនើបចុងក្រោយបំផុតរបស់រុស្ស៊ី T-14 Armata បានចាប់ផ្តើមដាក់ឲ្យប្រតិបត្តិការនៅក្នុងសង្គ្រាមអ៊ុយក្រែនហើយក្រោយពេលដែលធ្លាប់បានសន្យាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
កន្លងមកនេះគេនៅចាំបានថា ប្រហែលជាមួយទសវត្សរ៍មុន រដ្ឋាភិបាលទីក្រុងមូស្គូធ្លាប់បានអះអាងថា ខ្លួននឹងដាក់ឲ្យប្រតិបត្តិការនូវរថក្រោះប្រភេទ T-14 ប្រមាណជា ២,៣០០ គ្រឿងឲ្យបានត្រឹមនៅត្រឹមឆ្នាំ២០២០ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គេជឿជាក់ថា ផែនការនេះហាក់ដូចជាមិនបានទទួលជោគជ័យឡើយ ហើយត្រឹមឆ្នាំ២០២១មានរបាយការណ៍ជាច្រើនអះអាងថា T-14 មានប្រមាណជា៤០គ្រឿងប៉ុណ្ណោះដែលមានវត្តមាននៅក្នុងជួរកងទ័ពរុស្ស៊ី។
ក្រៅពីនោះ T-14 ក៏បានបង្ហាញខ្លួននៅក្នុងសមយុទ្ធយោធា និងការដើរក្បួនយោធាអស់រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះផងដែរ ប៉ុន្តែគិតចាប់តាំងតែពីបានសម្រេចចិត្តបើកប្រតិបត្តិការពិសេសលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ខែមេសា ឆ្នាំ២០២៣នេះ នៅមិនទាន់មានរថក្រោះ T-14 ណាមួយត្រូវបានដាក់ឲ្យប្រើប្រាស់នៅឡើយនោះទេ ខណៈដែលរថក្រោះជួរមុខដែលត្រូវបានបំផ្លាញក្នុងសមរភូមិមានទៅដល់ ១,៩០០គ្រឿងមកហើយ ដោយក្នុងនោះមានដូចជា T-54 និង T-62 ជាដើម។
ដោយឡែក កាលពីពេលថ្មីៗកន្លងមកនេះ មានព័ត៌មានចចាមអារ៉ាមបានផ្ទុះឡើងសាជាថ្មីថា រុស្ស៊ី បានបញ្ចូនរថក្រោះ T-14 ចូលទៅក្នុងប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែនៅមិនទាន់មានភស្តុតាងណាមួយអាចបញ្ចាក់ច្បាស់លាស់នៅឡើយ។
បន្ថែមពីនេះ សារព័ត៌មានក្នុងស្រុករបស់រុស្ស៊ីក៏បានចេញផ្សាយផងដែរថា រថក្រោះប្រភេទ T-14 គឺបានបញ្ជូនទៅដល់សមរភូមិរួចរាល់ និងត្រូវដាក់ឲ្យប្រតិបត្តិការជាមួយនឹងមុខងារសំខាន់គឺការជួយគាំទ្រការប្រយុទ្ធក្នុងរយៈចំងាយជិតនៅក្នុងតំបន់ប្រយុទ្ធជួរមុខ៕