Close

ការធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព អំឡុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នឹងបង្ហាញពីកិត្យានុភាពជាតិកម្ពុជាទាំងមូល

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ សង្គម
ការធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព អំឡុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នឹងបង្ហាញពីកិត្យានុភាពជាតិកម្ពុជាទាំងមូល ការធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព អំឡុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នឹងបង្ហាញពីកិត្យានុភាពជាតិកម្ពុជាទាំងមូល

រាជធានីភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ និងប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា កងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ត្រូវតែរួមគ្នាដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានជាដាច់ខាត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្ថាប័នពាក់ព័ន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា ការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឱ្យយបានជាដាច់ខាតនេះ គឺដើម្បីលើកស្ទូយនូវកិត្តិយស និងកិត្យានុភាពជាតិកម្ពុជាទាំងមូល ទាំងក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានគូសបញ្ជាក់ថា «យើងខិតខំទាំងអស់គ្នាដើម្បីសម្រេចភារកិច្ច ប្រកបដោយមោទនភាពជាតិនេះ»។

ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានឯកភាពទាំងស្រុងចំពោះផែនការដែលបានគូសបញ្ជាក់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ហើយក៏បានលើកឡើងនូវយោបល់មួយចំនួនបន្ថែមទៀតផងដែរ ដែលឯកឧត្តម នាយឧត្តមសេនីយ៍ទាំងពីរ ចាត់ទុកថា ជាចំណុចសំខាន់ដើម្បីចូលរួមចំណែករក្សាការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ដ្រមួយនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា កិច្ចប្រជុំដែលធ្វើឡើងនៅនាយកដ្ឋានអង្គរក្សនេះ គឺដើម្បីធ្វើការត្រួតពិនិត្យវឌ្ឍនភាពកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីប្រកួតកីឡា SEA Games – ASEAN Para Games 2023 ព្រមទាំងស្វែងយល់បញ្ហាប្រឈមដើម្បីដាក់ចេញវិធានការរួមគ្នាដោះស្រាយបានសមស្រប និងទាន់ពេលវេលាផងដែរ។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានពិនិត្យឡើងវិញនូវបញ្ហាប្រឈមដែលកើតឡើង និងដាក់ចេញវិធានការដោះស្រាយ ក្នុងនោះគ្រប់កងកម្លាំងទាំងអស់ដែលពាក់ព័ន្ធកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ត្រូវយកចិត្តទុកដាក់លើការងារអាទិភាព រួមទាំងតម្រាយផ្លូវ កន្លែងស្នាក់នៅ ទីកន្លែងប្រកួត និងត្រៀមលក្ខណៈសម្បត្តិដើម្បីបង្ការហេតុការណ៍ដែលកើតឡើងជាយថាហេតុ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បន្ដទៀតថា កិច្ចប្រជុំក៏បានពិគ្រោះយោបល់គ្នាយ៉ាងយកចិត្តទុកដាក់ត្រៀមកម្លាំងអន្ដរាគមន៍ ការដាក់បន្ថែមកម្លាំងនូវគោលដៅដែលបារម្ភ។ អង្គប្រជុំបានឯកភាពគ្នាចំពោះគោលការណ៍ទាំងអស់ ដោយត្រូវពង្រឹងឱ្យបានជាដាច់ខាតនូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ពិសេសរាជធានីភ្នំពេញ ត្រូវទប់ស្កាត់អំពើល្មើសផ្សេងៗ រួមទាំងការរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ចរាចរណ៍ ជៀសវាងការកកស្ទះធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ។ ដោយឡែកសម្រាប់ទីតាំងប្រកួតត្រូវតែធានាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ព្រោះតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឱ្យចូលទស្សនាដោយសេរី ដូច្នេះចំនួនអ្នកចូលទស្សនាអាចមានចំនួនច្រើន ដែលត្រូវម្ចាការគ្រប់គ្រងស្ថានការណ៍ទាំងអស់នោះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានសង្កត់ធ្ងន់ទៀតថា អង្គប្រជុំបានឯកភាពគ្នាប្រើប្រាស់មធ្យោបាយសរុប វិធានការសរុប និងកម្លាំងសរុបដើម្បីសហការលើកស្ទួយកិត្តិយសជាតិ និងកិត្យានុភាពជាតិ តាមរយៈការក្សាឱ្យបានដាច់ខាតនូវស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍ទាំងមូល។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៨ ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។



អត្ថបទទាក់ទង