Close

កម្ពុជាគ្រោងបើកមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៥ បន្ថែមទៀតនៅប្រទេសចិន ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគកាន់តែស៊ីជម្រៅ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ សង្គម
កម្ពុជាគ្រោងបើកមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៥ បន្ថែមទៀតនៅប្រទេសចិន ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគកាន់តែស៊ីជម្រៅ កម្ពុជាគ្រោងបើកមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៥ បន្ថែមទៀតនៅប្រទេសចិន ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគកាន់តែស៊ីជម្រៅ

ភ្នំពេញ ៖ កម្ពុជាបានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន ១០ ទីតាំង និងគ្រោងបើកចំនួន ៥ បន្ថែម ទៀតដើម្បីជំរុញឱ្យកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំបន្ថែមទៀតរវាងប្រទេសទាំងពីរ។

របាយការណ៍នេះត្រូវបានលើកឡើងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនៅក្នុងវេទិកាស្តីពី “ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ចិន(ក្វាងស៊ី)” ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ឡាន ធានលី អភិបាលតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចូលរួមជាគណៈអធិបតី។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាបានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន១០ទីតាំង និងគ្រោងបើកចំនួន៥បន្ថែម ក្រោមការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើសហគ្រាស-ក្រុមហ៊ុនចិនពីខេត្តក្វាងស៊ីដែលអញ្ជើញមកទស្សកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ សូមធ្វើការបណ្តាក់ទុន និងវិនិយោគនៅប្រទេសកម្ពុជា លើការផលិត និងកែច្នែផលិតផលកសិកម្ម ដែលកម្ពុជាមានទីផ្សារនាំចេញទៅសហភាពអឺរ៉ុប បណ្តាប្រទេសនៅក្នុងតំបន់ និងលើពិភពលោក។

ឯកឧត្តម បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនបរទេស តាមរយៈការអនុគ្រោះពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មឱ្យកាន់តែមានភាពងាយស្រួល និងកាន់តែមានទំនុកចិត្តខ្ពស់។ ជាក់ស្តែង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមានមុនគេបង្អស់សម្រាប់ប្រទេសកម្ពុជា បន្ទាប់មកគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងRCEP ហើយថ្មីៗនេះបានបញ្ចប់ជាផ្លូវការនៃការចរចាកិច្ចព្រមព្រៀមភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ហើយគ្រោងនឹងចុះហត្ថលេខា នាពេលខាងមុខនេះ។

ជារួម ចំណងមិត្តភាពកម្ពុជា-ចិន បានក្លាយជាមិត្តភាពត្បួងពេជ្រ នាឆ្នាំ២០២៣នេះ គឺគម្របខួបទី៦០ នៃកិច្ចទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ ក្នុងការកសាងសហគមន៍ជោគវាសនាតែមួយ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន បានជំរុញឱ្យកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកសិកម្មកាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំបន្ថែមទៀត។

ជាក់ស្តែង តំបន់ស្វយ័តក្វាងស៊ី បានធ្វើការទំនាក់ទំនងយ៉ាងជិតស្និតជាមួយកម្ពុជា ដែលកម្ពុជាបានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាននៅទីក្រុងណានីងជារៀងរាល់ឆ្នាំ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សូមអញ្ជើញថ្នាក់ដឹកនាំកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ និងវេទិកាពាណិជ្ជកម្ម និងវិនិយោគ នៅទីក្រុងណានីង ប្រទេសចិន នៅខែកញ្ញា ឆ្នាំ២០២៣ នាពេលខាងមុខនេះ៕

អត្ថបទទាក់ទង