តោះ ! មកដឹងពីកីឡដ្ឋានដែលរៀបចំការប្រកួតវិញ្ញាសារបាល់ទាត់នៅស៊ីហ្គេម ២០២៣នេះ
ជាការពិតណាស់ នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ នឹងចាប់ផ្ដើមយុទ្ធនាការរបស់ខ្លួនលើសមរភូមិវាលស្មៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយក្នុងនោះកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ នឹងប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិទីម័រ អាយុក្រោម២២ឆ្នាំ។
មែនទែនទៅ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ចាប់ផ្ដើមប្រារព្ធឡើងនៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ នឹងបញ្ចប់ទៅវិញក្នុងថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែដោយសារវិញ្ញាសារបាល់ទាត់មានច្រើនក្រុម ហើយត្រូវប្រកួតច្រើន ដូច្នេះគណកម្មការរៀបចំការប្រកួតស៊ីហ្គេម(CAMSOC ) សម្រេចប្រកួតមុនការកំណត់។
អ្នកគាំទ្របាល់ទាត់កម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ជឿជាក់ថា ពហុកីឡដ្ឋានមរតកតេជោ ដែលចំណាយលើការសាងសង់អស់ ១៦០ លានដុល្លារ នឹងអាចផ្ទុកមនុស្សបាន ៦០,០០០នាក់នេះ នឹងជាកន្លែងដែលការប្រកួតកីឡាបាល់ទាត់បុរសស៊ីហ្គេមឆ្នាំនេះ។ ប៉ុន្តែបើតាមព័ត៌មានពីដែល ENN News ទទួលបាន វិញ្ញាសារបាល់ទាត់ទាំងបុរស និងនារី នឹងមិនប្រារព្ធធ្វើនៅទីនេះទេ រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទើបប្រើប្រាស់កីឡដ្ឋាននេះ ពោលគឺការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅទីពហុកីឡដ្ឋានមរតកតេជោ។
ព័ត៍មានដែលទទួលបាន វិញ្ញាសារបាល់ទាត់បុរស សម្រាប់ពូល A នឹងត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបានប្រហែល ៥០,០០០នាក់ ហើយនៅកណ្ដាលក្រុងភ្នំពេញតែម្ដង។ ចំណែកពូល B វិញ ត្រូវប្រកួតក្នុងកីឡដ្ឋាន Prince Stadium ដែលជាផ្ទះរបស់ក្លិបបាល់ទាត់វិសាខា ម្ចាស់ជើងឯកពានរង្វាន់ Hun Sen Cup ថ្នាក់ជាតិ ៣សម័យកាលជាប់គ្នា។ ជាមួយគ្នានេះ ក្រុមបាល់ទាត់នារី នឹងប្រកួតនៅកីឡដ្ឋាន RSN ដែលជាផ្ទះរបស់ក្លិបបាល់ទាត់សឹងក្រហមភ្នំពេញក្រោន និងកីឡដ្ឋានស្តាតចាស់ ដែលជាផ្ទះរបស់ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ(Tiffy Army)។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន និងទីម័រ ខណៈពូល B មានប្រទេសថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឡាវ៕