Close

មជ្ឈមណ្ឌលភស្តុភារកម្មថ្មីរបស់កម្ពុជាតម្លៃ ២០០ លានដុល្លារ នឹងលើកកម្ពស់ការធ្វើការសមាហរណកម្មក្នុងតំបន់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ សង្គម
មជ្ឈមណ្ឌលភស្តុភារកម្មថ្មីរបស់កម្ពុជាតម្លៃ ២០០ លានដុល្លារ នឹងលើកកម្ពស់ការធ្វើការសមាហរណកម្មក្នុងតំបន់ មជ្ឈមណ្ឌលភស្តុភារកម្មថ្មីរបស់កម្ពុជាតម្លៃ ២០០ លានដុល្លារ នឹងលើកកម្ពស់ការធ្វើការសមាហរណកម្មក្នុងតំបន់

ភ្នំពេញ ៖  សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation -IFC) បានចុះកិច្ចព្រមព្រៀងថ្មីមួយ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើតភាពជាដៃគូរវាងវិស័យសាធារនៈ និងវិស័យឯកជន (PPP) សម្រាប់មជ្ឈមណ្ឌលភស្តុភារកម្មមួយក្នុងខេត្តព្រះសីហនុ និងដើម្បីជួយកម្ពុជាឱ្យសម្រេចបាននូវគោលបំណងរបស់ខ្លួន ដើម្បីក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រោមកិច្ចព្រមព្រៀងថ្មីនេះ ដែលត្រូវបានធ្វើឡើងនាថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣  IFC គឺជាទីប្រឹក្សាដឹកនាំផ្តាច់មុខ ក្នុងការរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការ PPP និងគាំទ្ររដ្ឋាភិបាលក្នុងការដេញថ្លៃដែលមានលក្ខណ:ប្រកួតប្រជែងជាអន្តរជាតិ ដើម្បីជ្រើសរើសក្រុមហ៊ុនវិនិយោគឯកជនដែលមានគុណវុឌ្ឍិស្របតាមច្បាប់ PPP របស់ប្រទេសកម្ពុជា។ គម្រោងនេះត្រូវបានគេរំពឹងថានឹងត្រូវបានដំណើរការឡើងជាដំណាក់កាលជាមួយនឹងដើមទុនសរុបប្រមាណជា ២០០ លានដុល្លារ។

Matt Hibbard (@matt_hibbard) / Twitter

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពមួយក្នុងចំណោម មជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពចំនួនពីរ ដែលត្រូវអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់យើង គឺយកប្រទេសកម្ពុជាធ្វើជាមជ្ឈមណ្ឌលផ្ទេរភស្តុភារកម្មប្រចាំតំបន់ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ឯកឧត្តមបានបន្តថា តាមរយៈការធ្វើការជាមួយ IFC កម្ពុជាអាចទាញយកផលពីជំនាញជាសាកលរបស់ពួកគេ នៅពេលដែលកម្ពុជាស្វែងរកជម្រើសដ៏ល្អបំផុត ដើម្បីជំរុញការចូលរួមពីវិស័យឯកជនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មដ៏សំខាន់នេះនៅក្នុងប្រទេសកម្ពុជា។

ជាមួយនឹងទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅភាគនិរតីតាមឆ្នេរសមុទ្រកម្ពុជា និងដោយមានការតភ្ជាប់ល្អ ជាមួយផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស មជ្ឈមណ្ឌលមណ្ឌលភស្តុភារកម្មនេះអាចបំពេញបន្ថែមទៅឲ្យកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់របស់កម្ពុជា ដែលគ្រប់គ្រងពីរភាគបីនៃចំនួនកុងតឺន័រទាំងអស់ដែលឆ្លងកាត់ប្រទេសកម្ពុជា ។ មជ្ឈមណ្ឌលភស្តុភារកម្មទំនើប រួមជាមួយការដឹកជញ្ជូនដែលគាំទ្រកំពង់ផែនេះ នឹងជួយពន្លឿនចលនានៃការនាំចេញ ការនាំចូល និងកាត់បន្ថយការកកស្ទះនៅកំពង់ផែ។ គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងកាត់បន្ថយ ថ្លៃដើមដឹកជញ្ជូននៅក្នុងប្រទេស ដែលបច្ចុប្បន្ននេះកម្ពុជាកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានថ្លៃដឹកជញ្ជូនខ្ពស់បំផុតនៅអាស៊ីបូព៌ា និងជាឧបសគ្គដ៏ធំមួយចំពោះការប្រកួតប្រជែង និងការធ្វើពិពិធកម្ម។

ក្រុមហ៊ុនវិនិយោគត្រូវបានរំពឹងថានឹងផ្តល់ហិរញ្ញប្បទាន អភិវឌ្ឍ និងដំណើរការហេដ្ឋារចនាសម្ព័ន្ធ គ្រឿង បរិក្ខារ និងប្រព័ន្ធនានានៅក្នុងមជ្ឈមណ្ឌលភស្តុភារកម្មក្រោមកិច្ចសន្យារយៈពេលវែងក្នុងភាពជាដៃគូររវាងរដ្ឋាភិបាល និងវិស័យឯកជន។ ការផ្តល់កិច្ចសន្យាទៅឲ្យអ្នកដេញថ្លៃឈ្នះ ទំនងជានឹងត្រូវធ្វើឡើងនៅចុងឆ្នាំ ២០២៤ ដោយមជ្ឈមណ្ឌលនេះនឹងត្រូវសាងសង់ក្នុងរយៈពេល ៣ ឆ្នាំ។

លោក Asad Yaqub តំណាងរបស់ IFC ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ការវិនិយោគទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់ក្នុងការជួយដល់វិស័យផលិតកម្មដែលផ្តោតលើការនាំចេញរបស់កម្ពុជា ជំរុញច្រវ៉ាក់ផ្គត់ផ្គង់របស់កម្ពុជា និងការតភ្ជាប់ផ្នែកដឹកជញ្ជូនជាមួយនឹងតំបន់។

លោកបានថ្លែងបន្តថា ៖«ដោយមានការគាំទ្រពី IFC នេះគឺជាគម្រោងមួយដែលនឹងត្រូវរៀបចំឡើងស្របតាមឧត្តម្មានុវត្តន៍សកល ដើម្បីបង្កើតទីផ្សារដែលមានលក្ខណ:ប្រកួតប្រជែង និងទាក់ទាញវិនិយោគិនដែលមានគុណវុឌ្ឍិគ្រប់គ្រាន់។ ការនាំមកនូវហិរញ្ញប្បទានពីវិស័យឯកជននឹងជួយកាត់បន្ថយបន្ទុកលើ ហិរញ្ញប្បទានរបស់ប្រទេស ហើយក៏ជាគំរូមួយសម្រាប់ការអភិវឌ្ឍប្រតិបត្តិការដឹកជញ្ជូន និងភស្តុភារកម្មក្នុងភាពជាដៃគូររវាង វិស័យសាធារណ: និង វិស័យឯកជន (PPP) នៅក្នុងប្រទេសផងដែរ»។

ជាង ២០ ឆ្នាំមកហើយ IFC គឺជាទីប្រឹក្សាដ៏គួរឱ្យទុកចិត្តដល់រដ្ឋាភិបាលនានាលើការរៀបចំរចនាសម្ព័ន្ធ ប្រតិបត្តិការ PPP ដោយធ្វើការលើគម្រោងជាង ៣៥០ នៅក្នុងប្រទេសចំនួន ៩៩ រួមទាំងប្រទេសក្រីក្រ បំផុតនៅលើពិភពលោកជាច្រើន ដែលជួយសម្រួលដល់ការវិនិយោគឯកជនដែលមានទឹកប្រាក់ប្រមាណជា ៤៥ ពាន់លានដុល្លារ ។ លើវិស័យកំពង់ផែ ការផ្តោតអារម្មណ៍របស់ IFC គឺជួយរដ្ឋាភិបាលនានាក្នុងការរចនាភាពជាដៃគូដែលនឹងបង្កើនប្រសិទ្ធភាពកំពង់ផែក្នុងការធ្វើសមាហរណកម្មជាមួយបណ្តាញដឹកជញ្ជូន ផ្លូវគោក ដោយគិតគូរពីតម្រូវការសង្គម និងសេដ្ឋកិច្ចដ៏ទូលំទូលាយរបស់ប្រទេស៕

អត្ថបទទាក់ទង