Close

សម្ដេចតេជោ ហ៊ុន សែន៖ ស្មារតី៧មករា បន្ដស្ថិតក្នុងបេះដូងខ្មែរគ្រប់រូប

ដោយ៖ Volak ENN ​​ | ថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ ស្មារតី៧មករា បន្ដស្ថិតក្នុងបេះដូងខ្មែរគ្រប់រូប សម្ដេចតេជោ ហ៊ុន សែន៖ ស្មារតី៧មករា បន្ដស្ថិតក្នុងបេះដូងខ្មែរគ្រប់រូប

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ នៅក្នុងពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» បានប្រសាសន៍ថា ស្មារតី៧មករា បន្ដស្ថិតក្នុងបេះដូងខ្មែរគ្រប់រូប និងបានប្រែក្លាយទឹកដីកម្ពុជាពីទឹកដីមរណៈ មកជាទឹកដីដ៏ស្រស់បំព្រង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ «ជ័យជម្នះ៧មករា បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកឡើងវិញនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយបានសង្គ្រោះអាយុជីវិតប្រជាជនរាប់លាននាក់ពីគ្រោះមរណៈ បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត ជាពិសេស សិទ្ធិនៃការរស់រានមានជីវិត បានធ្វើឲ្យរាល់តម្លៃខាងស្មារតី និងសម្ភាររបស់ប្រជាជាតិខ្មែរ ត្រូវបានកសាងពូនជ្រុំ នៅក្នុងប្រវត្តិសាស្ដ្ររាប់ពានឆ្នាំមកហើយរបស់ខ្លួននោះបានរស់ឡើងវិញ»។

សម្ដេចតេជោ ហ៊ុន សែន បន្ដទៀតថា ជ័យជម្នះ៧មករា បានផ្ដល់កំណើតទីពីរដល់ប្រជាជនកម្ពុជា បើគ្មានជ័យជម្នះ៧មករា គឺគ្មានកម្ពុជានៅថ្ងៃនេះទេ។ នេះជាសច្ចធម៌ប្រវត្តិសាស្ដ្រ ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ និងបំផ្លាញបានឡើយ គឺមានតែអ្នកស្រលាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ៧មករា។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ៤៤ឆ្នាំមកនេះ បានបង្ហាញច្បាស់ថា ផ្ដើមពីជ័យជម្នះ៧មករា ប្រទេសកម្ពុជាបាននិងកំពុងឈានទៅមុខឥតឈប់ឈរ តាមទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។ កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍, ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ, ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីមួយដែលខឿនសេដ្ឋកិច្ចជាតិត្រូវបានបំផ្លាញខ្ទេចខ្ទី ទៅជាទឹកដីដែលមានសន្ដិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យធ្វើឲ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ភាពពិតជាក់ស្ដែងទាំងនេះ បានបញ្ជាក់ច្បាស់អំពីការផ្លាស់ប្ដូរដ៏ធំធេងជាប្រវត្តិសាស្ដ្ររបស់ម្ពុជា ដែលកើតពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ចេញពីគណបក្សប្រជាជនកម្ពុជា, ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាក់ថ្នាក់, ពីការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយលើកទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ, ពីការចូលរួមនៃវិស័យឯកជន និងសង្គមស៉ីវិល ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្ដាប្រទេសជាតិមិត្តជិតឆ្ងាយ និងសហគមន៍អន្ដរជាតិ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍សង្កត់ធ្ងន់ផងដែរថា ស្មារតី ៧មករា ស្ថិតស្ថេរជាអមតៈក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត យើងទាំងអស់គ្នាប្ដេជ្ញាថែរក្សាពួនព្រុំស្មារតី ៧មករា ឲ្យកាន់តែរឹងមាំ និងភ្លឺចែងចាំងជានិច្ច។ ៤៤ឆ្នាំកន្លងទៅនេះ គឺជា៤៤ឆ្នាំ នៃសាមគ្គីភាព ជា៤៤ឆ្នាំ នៃការតស៊ូអនុវត្តគ្រប់កិច្ចការប្រកបដោយវីរភាព និងជា៤៤ឆ្នាំ នៃជ័យជម្នះរបស់ប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង