វេទិកាជាតិប្លាស្ទិកលើកទី៣ ធ្វើឡើងក្រោមប្រធានបទ «ការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅកម្ពុជា»
ភ្នំពេញ : ក្រសួងបរិស្ថានកាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣ បានប្រកាសបើកជាផ្លូវការនូវវេទិកាជាតិប្លាស្ទិកលើកទី៣ ដែលធ្វើឡើងក្រោមប្រធានបទ «ការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅកម្ពុជា»។ វេទិកានេះដែរ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ជួប បារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន។
ដោយឡែក កម្មវត្ថុចម្បងនៃវេទិកានេះ គឺដើម្បីផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់ការបំពុល ដោយប្លាស្ទិក ក៏ដូចជាបង្ហាញពីគំនិតផ្តួចផ្តើមលើកកម្ពស់ការយល់ដឹងប្រកបដោយភាពច្នៃប្រឌិតនានា ព្រមទាំងផ្សព្វផ្សាយអាជីវកម្មវិលជុំប្រកបដោយភាពច្នៃប្រឌិតដែលចូលរួមដល់ការដោះស្រាយការបំពុលដោយប្លាស្ទិក។
នាឱកាសវេទិកាជាតិប្លាស្ទិកលើកទី៣ នេះផងដែរ ឯកឧត្តម ជួប ប៉ារីស៍ បានសំណូមពរឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសយុវជនឱ្យជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងបន្តកិច្ចគាំទ្រសហការជាមួយក្រសួងបរិស្ថានបន្តទៀត ក្នុងការអនុវត្តកិច្ចការទប់ស្កាត់ការបំពុល ដោយប្លាស្ទិកនៅកម្ពុជា ឱ្យកាន់តែប្រសិទ្ធភាព។
ដើម្បីជាការលើកទឹកចិត្ត វេទិកាដដែលនេះក៏មាននូវការផ្តល់ជូនបណ្ណសរសើរដល់ រូបវន្តបុគ្គល និងនីតិបុគ្គលមួយចំនួន ដែលបានចូលរួមផ្តល់នូវគំនិតផ្តួចផ្តើម និងដំណោះស្រាយចំពោះបញ្ហា ប្រឈមនៃសំណល់ប្លាស្ទិក ដែលជាប្រយោជន៍ក្នុងកិច្ចគាំពារបរិស្ថាន ដើម្បី «ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ និងអនាគតរុងរឿង»។
ក្រៅពីនោះ ក៏មានផងដែរនូវការតាំងពិព័រណ៍ពី ផលិតផលដែលច្នៃពីប្លាស្ទិក ការសម្តែងអប់រំអំពីប្លាស្ទិក ដូចជា ការបង្ហាញម៉ូតសម្លៀកបំពាក់ កែច្នៃពីប្លាស្ទិក ការសម្តែងល្ខោនស្បែកតូច ការសម្តែងចម្រៀងចាប៉ីដងវែង ការសម្តែងរឿងអប់រំពីប្លាស្ទិក ការបង្ហាញពីសកម្មភាពនិងបទពិសោធនានា ក្នុងការកាត់បន្ថយប្លាស្ទិក ការផលិតសម្ភារៈពីប្លាស្ទិក និងការកាត់បន្ថយប្លាស្ទិកនៅកម្ពុជា។
គួរជាការរំលឹកដែរថា វេទិកាជាតិប្លាស្ទិកបានចាប់ធ្វើឡើងដំបូងនៅក្នុងឆ្នាំ២០១៩ ក្រោមប្រធានបទ «សកម្មភាពទប់ ស្កាត់សំណល់ប្លាស្ទិកនៅកម្ពុជា»។ លើកទី២ នៅក្នុងឆ្នាំ២០២១ ក្រោមប្រធានបទ «សកម្មភាពអាទិភាព ក្នុងការកាត់បន្ថយការបំពុលដោយប្លាស្ទិកនៅកម្ពុជា» ហើយនឹងលើកទី៣ ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «ការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅកម្ពុជា»៕