BYD ចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសចិននៅក្នងឆ្នាំនេះ
បរទេស: បន្ទាប់ពីលេចឮព័ត៌មានមកថា លោក Elon Musk គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ ស្រាប់តែលោក Wang Chuanfu សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានចេញមុខមកប្រកាសថា មានគោលបំណងចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសចិននៅឆ្នាំ ២០២៣។
BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយរបស់ចិន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងនៅក្នុង និងក្រៅប្រទេស ហើយថ្មីៗ ក៏កំពុងអភិវឌ្ឍន៍ និងពង្រីកខ្លួនទៅកាន់ទីផ្សារបរទេសឲ្យកាន់តែច្រើន។
កាលពីខែមីនាកន្លងទៅនេះ BYD ត្រូវបានគេរកឃើញថា បានជាប់ចំណាត់ថ្នាក់លេខពីរ ជាក្រុមហ៊ុនលក់រថយន្ដអគ្គិសនីបានច្រើនជាងគេបំផុតបន្ទាប់ពីក្រុមហ៊ុន Tesla របស់លោក Elon Musk។
ត្បិតតែនៅក្នុងខែមីនា ជាខែមួយដែលក្រុមហ៊ុនផលិតរថយន្តផ្សេងៗ បានជួបប្រទះនូវបញ្ហាក្នុងការលក់ក្ដី ប៉ុន្តែសម្រាប់ BYD បានជួបនូវរឿងល្អ ដោយតួលេខនៃការលក់មានចំនួនទ្វេដងបើធៀបទៅនឹងខែមីនា ឆ្នំាមុន៕