ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្លិបបាល់ទះសានតុង ប្រទេសចិន
ភ្នំពេញ ៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្លិបកីឡាបាល់ទះសានតុងរបស់ប្រទេសចិន ដើម្បីជាផ្នែកមួយនៃការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទើបតែត្រលប់មកពីចូលរួមលេងពានរង្វាន់ Tri-Nation Volleyball Cup 2023 ក្នុងរដ្ឋ Shah Alam, Selangor ប្រទេសម៉ាឡេស៊ី ដោយកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ក្រោយចាញ់ម្ចាស់ផ្ទះ ម៉ឡេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ១ ទល់នឹង ៣សិត។
ត្រលប់មកការប្រកួតមិត្តភាពអន្តរជាតិយើងវិញ នៅរសៀល ថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមបាល់ទះសានតុង របស់ប្រទេសចិន បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិ តទល់ក្រុមជម្រើសជាតិកម្ពុជា ។
បើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ការប្រកួតនេះ នឹងត្រូវធ្វើឡើងចំនួនពីរលើក ដោយការប្រកួតលើកទីមួយ ធ្វើឡើងនៅថ្ងៃទី៥ ខែមេសា និងប្រកួតលើកទី២ ធ្វើឡើងនៅពីរថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ខណៈការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក៏បានធ្វើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមបាល់ទះជម្រើសជាតិបារាំង អាយុក្រោម១៩ឆ្នាំ ផងដែរ កាលណោះ ការប្រកួតធ្វើឡើងពីរលើកដូចគ្នា ដោយប្រកួតលើកទីមួយ កម្ពុជា បានចាញ់បារាំង ហើយប្រកួតលើកទីពីរ កម្ពុជា បានយកឈ្នះបារាំងវិញម្ដង។
គួររំលឹកថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានឈ្នះមេដាយសំរឹទ្ធជាប្រវត្តិសាស្រ្តលើកដំបូង ហើយជាមួយជ័យជម្នះនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានដាក់មហិច្ឆតារួមគ្នាត្រូវដណ្តើមយកមេដាយមាសជូនជាតិ៕