ដឹងទេថា តើលោក Félix Dalmás និយាយអ្វីខ្លះ ក្នុងការត្រលប់មកធ្វើជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាវិញ ?
កាលពីថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីសមាសភាពគ្រូបង្គោលថ្មី លោក Félix Dalmás ដែលនឹងដឹកនាំក្រុមជម្រើសជាតិកម្ពុជាឈុតធំ និងឈុតអាយុក្រោម២៣ឆ្នាំ ជំនួសតំណែងអ្នកចាត់ការសញ្ជាតិជប៉ុន លោក Keisuke Honda។
បើតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Félix Dalmás នឹងចូលមកកាន់តំណែងរបស់ខ្លួនជាផ្លូវការនៅក្រោយចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាមួយនឹងកុងត្រារយៈពេល ៤ឆ្នាំ។
មែនទែនទៅ នេះគឺជាលើកទីពីរហើយ សម្រាប់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះ ក្នុងការដឹកនាំក្រុមគោព្រៃកម្ពុជា ខណៈលោកដឹកនាំលើកដំបូងក្នុងឆ្នាំ ២០១៨។
ជុំវិញការត្រលប់មកសារជាថ្មីនេះ លោក Félix Dalmás បានគូសបញ្ជាក់ថា ៖« ខ្ញុំពិតជារីករាយដែលបានត្រឡប់មកវិញ។ ខ្ញុំពិតជានឹករលឹកប្រទេសកម្ពុជាជាខ្លាំង។ ខ្ញុំចង់អរគុណដល់លោកអគ្គលេខាធិការ ជាពិសេសប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ឯកឧត្តម សៅ សុខា និងអ្នករាល់គ្នា ដែលបានជឿទុកចិត្តលើខ្ញុំ។ ខ្ញុំមិនទាន់បានបញ្ចប់កិច្ចការរបស់ខ្ញុំនោះទេ ជាហេតុដែលខ្ញុំត្រូវតែត្រឡប់មកវិញ»។
លោកបន្តថា ៖«វាពិតជាល្អដែលឃើញលីគបច្ចុប្បន្នមានការអភិវឌ្ឍ។ គ្រូបង្វឹកចាស់ និងថ្មី បាននាំមកនូវបទពិសោធន៍ល្អៗ និងភាពជាកីឡាករអាជីពជូនដល់កីឡាករ។ ខ្ញុំក៏បានឃើញកីឡាករថ្មីៗល្អៗជាច្រើន ចំណែកកីឡាករ ដែលយើងមានពីមុនក៏មានការរីកចម្រើនផងដែរ។ វាពិតជារំភើបដែលឃើញនូវអ្វីទាំងអស់នេះ»។
លោក Félix បានបន្ថែមថា ៖ «យើងចង់បន្តធ្វើការងារឲ្យបានល្អដូចដែលយើងធ្លាប់ធ្វើពីមុន។ យើងចង់បង្កើតក្រុមមួយដែលតំណាងឲ្យអ្នកទាំងអស់គ្នា ជាក្រុមមួយដែលអ្នកអាចមានមោទកភាពទៅលើ និងនាំភាពរីករាយពេលដែលមើលយើងប្រកួត។ អ្វីដែលខ្ញុំបានរៀនសូត្រពីអតីតកាលគឺថា គ្មាននរណាម្នាក់អាចធ្វើវាដោយម្នាក់ឯង បាននោះទេ យើងត្រូវការចូលរួមពីអ្នកទាំងអស់គ្នា»៕