ព័ត៌មានអន្តរជាតិ «ជំហានបន្ទាប់នៃសង្គ្រាមត្រជាក់ដ៏ក្តៅគគុក»
បន្ទាប់ពីរយៈពេល 1 ឆ្នាំនៃភាពភ្ញាក់ ផ្អើលដ៏ធំៗដែលបង្ក ដោយការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន, ការហក់ឡើងជាសកលនៃអត្រាអតិផរណា និងការដួលរលំនៃរូបិយបណ្ណ crypto នោះ តើឆ្នាំ2023 នឹងមានរឿងអ្វីកើតឡើងទៀត? -សំណួរដ៏ខ្លីនេះគឺពិតជាពិបាកក្នុងការស្វែងរកចម្លើយ ដោយហេតុតែផលវិបាកនៃព្រឹត្តិការណ៍ នានាបានរីកសាយយ៉ាងលឿននិងមិនអាចប៉ាន់ស្មានបាន នៅទូទាំងពិភព លោកទាំងមូល ។
ប៉ុន្តែព្រឹត្តិការណ៍ នៅក្នុងរយៈពេល 12ខែកន្លងមកនេះ ពិតជាបានឆ្លុះបញ្ចាំង នូវចរន្តដ៏ធំមួយដែល នឹងកំណត់នូវអ្វីដែល នឹងកើតឡើងនៅក្នុងឆ្នាំ2023 និងនៅឆ្នាំខាងមុខទៀត នោះគឺការធ្លាក់ចុះរបស់ប្រទេសរុស្ស៊ី។
សកម្មភាពដ៏កម្រោលរបស់រុស្ស៊ី គឺមិនមែនជារឿងថ្មីនោះទេ។ ទីក្រុងម៉ូស្គូ បាននិងកំពុងឈ្លានពានចូលប្រទេសផ្សេងៗ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ1990 មក និងបានធ្វើការគ្រប់គ្រងផ្នែកខ្លះនៃ ទឹកដីអ៊ុយក្រែនចាប់តាំងពីឆ្នាំ2014 មកម្លេះ។ ប៉ុន្តែសកម្មភាពឃោរឃៅនៃការវាយប្រហាររបស់រុស្ស៊ីតាំងពីចុងខែកុម្ភៈមកនោះ គឺហួសឆ្ងាយពីអ្វីដែល បណ្តាប្រទេសភាគ ច្រើនអាចទទួល យកបាន ។
សកម្មភាពបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិលរបស់អ៊ុយក្រែននៅពេលថ្មីៗនេះ ត្រូវបានគេ មើលឃើញយ៉ាងទូលាយថាជាសកម្មភាពឧក្រឹដ្ឋកម្មនៃសង្គ្រាម ហើយវាមិនអាចផ្លាស់ប្តូរដំណើរនៃសង្គ្រាម ដែលរុស្ស៊ីកំពុងតែចាញ់នោះបានទេ។ នៅក្នុងបរិការណ៍កាន់តែទូលាយ ជាថ្មីម្តងទៀត រុស្ស៊ីបានឈានចូលក្នុង សម័យកាលនៃការធ្លាក់ចុះដោយសន្សឹមៗដោយសារតែភាពមានកម្រិតក្នុងការទទួលបាននូវការវិនិយោគ, បច្ចេកវិទ្យា ឬមុខ ទំនិញប្រើប្រាស់របស់លោក ខាងលិច។
អាណាចក្ររបស់រុស្ស៊ីធ្លាប់បានដួលរលំកាលពីពេលមុន នៅឆ្នាំ1917-1918 និងម្តងទៀតនៅ ពេលសហភាព សូវៀតបានផ្ទុះបែកនៅឆ្នាំ 1989-1991។ នៅក្នុងករណីទាំង 2ខាងលើ ការដួលរលំនោះ ត្រូវការរយៈពេលដំណើរ ការមួយរយៈ ហើយក្រោយមក ទើបឈានដល់ទីបញ្ចប់ទាំងស្រុងតែម្តង។ តាមពិត តាមប្រវត្តិសាស្ត្រប្រទេសរុស្ស៊ី ក៏អាចបង្កើនឥទ្ធិពល តាមរយៈការប្រើប្រាស់ធនធានផ្ទាល់របស់ខ្លួននៅក្នុងអំឡុងពេលសង្គ្រាមស៊ីវិលឆ្នាំ 1917-1922 និងទទួលបានការជួយយ៉ាងច្រើនពីបណ្តាក្រុមហ៊ុនលោកខាងលិចនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ1990 ផងដែរ។
នៅពេលនេះ យើងរំពឹងថានឹងមាន ការដណ្តើមអំណាចរយៈពេលវែង និងការដណ្តើមដើម្បីកាន់កាប់ទៅលើអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសរុស្ស៊ី ហើយវានឹងបង្កជាហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោក។ ហើយបញ្ហាដែលជាផលប៉ះពាល់ផ្ទាល់ដល់វិស័យសេដ្ឋកិច្ចនោះ គឺនឹងត្រូវលេច ឡើងនៅក្នុងទីផ្សារថាមពលពិភពលោកតម្រូវការសម្រាប់ឥន្ធនៈហ្វូស៊ីលរបស់ប្រទេសរុស្ស៊ីបានធ្លាក់ចុះ។ នៅមុនការឈ្លានពានចូលអ៊ុយក្រែន រុស្ស៊ីបាន ផលិតប្រេងប្រមាណ 10.8 លានធុងបារែលក្នុង មួយថ្ងៃ ហើយមាន ប្រេងប្រមាណ 8 លានធុងបារែលត្រូវ បាននាំចេញជា ប្រេងឆៅឬជាផលិតផលចំរាញ់រួច។
ការធ្លាក់ចុះយ៉ាងគំហុកនៃសកម្មភាព សេដ្ឋកិច្ចរបស់រុស្ស៊ី មានន័យថា ប្រេងកាន់តែច្រើនត្រូវ ការនាំចេញ ខណៈ ដែលសហភាពអឺរ៉ុប, សហរដ្ឋអាមេរិកនិងបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់គេ ពេលនេះ កំពុងទិញ ប្រេងឆៅពីអ្នកផ្គត់ផ្គង់ផ្សេង ហើយផលិតផលប្រេងចំរាញ់របស់រុស្ស៊ីក៏នឹងត្រូវជួបប្រទះនឹងស្ថានភាពដូចគ្នានេះដែរ ចាប់ពីខែកុម្ភៈ ឆ្នាំ2023 តទៅ។ ទីភ្នាក់ងារថាមពលអន្តរជាតិ បានព្យាករថា ការនាំ ចេញប្រេងរុស្ស៊ីនឹងធ្លាក់ចុះមកនៅត្រឹមប្រមាណ 6 លានធុងបារីលក្នុងមួយថ្ងៃនៅឆ្នាំ 2023-2024។ នៅក្នុងរយៈពេលមធ្យម ប្រទេសឥណ្ឌាប្រហែលជាអាចជួយទិញបន្ថែមក្នុងចំនួន 1 ទៅ 2 លានធុងបារែល ហើយប្រទេសចិន អាចប្រមូលយកប្រេងដែលនៅសេសសល់ នេះបើគេសន្មត់ថាប្រទេសទាំង2នោះចង់ពឹង ផ្អែកបន្ថែមទៀតមក លើប្រទេសជាដៃគូ មួយដែលមិនគួរឱ្យទុកចិត្ត និងមានភាព ឃោរឃៅ។ ការទិញប្រេងពី សំណាក់ប្រទេសឥណ្ឌា, ចិន និងប្រទេសផ្សេងៗខ្លះ ទៀតនឹងធ្វើឱ្យរុស្ស៊ីមានលំហូរសាច់ប្រាក់និងថវិកាពន្ធជាច្រើន។ មិនថានរណាជាអ្នកដឹកនាំប្រទេសរុស្ស៊ីនោះឡើយ គេនឹងប្រើប្រាស់ចំណែកភាគច្រើន នៃថវិកាទាំងនោះដើម្បីយកទៅកសាងនិងទិញសព្វាវុធដែលរួម មានទាំងគ្រាប់មីស៊ីលដែលអាចឱ្យរុស្ស៊ីធ្វើការវាយប្រហារប្រទេសជា ច្រើននៅក្នុងរយៈចម្ងាយឆ្ងាយផងដែរ។
គេសង្ឃឹមថា បណ្តាប្រទេសជាសមាជិក NATO នឹងទទួលបានការការពារនៅក្នុងកម្រិតមួយពីការគំរាមសងសឹក ខណៈរុស្ស៊ីក៏នឹងធ្វើវិទ្ធង្សនានិងចូលរួមធ្វើការវាយប្រហារជាយថាហេតុផ្សេងៗ ទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់លោកខាងលិច ដូចគ្នា។ រុស្ស៊ីកំពុងស្ថិតនៅក្នុងដំណើរឆ្ពោះទៅជារដ្ឋដែលផ្តាច់ការឃោរឃៅ (pariah state) ហើយនៅតែអាចទទួលបានហិរញ្ញប្បទានយ៉ាង ល្អបំផុតដែលគេមិនធ្លាប់បានឃើញមាន នៅពេលកន្លងមក។ កាលពីអំឡុងពេលនៃសង្គ្រាមត្រជាក់ អតីតសហភាពសូវៀត មានភាពប្រយ័ត្ន ប្រយែង មិនវាយប្រហារអឺរ៉ុបខាង លិចនិងឋអាមេរិក ដោយផ្ទាល់នោះទេ ហើយអឺរ៉ុបខាងលិច និងអាមេរិកក៏បានធ្វើដូចគ្នានេះដែរ។ ជាជំនួសវិញ ភាគី ទាំង2 បានប្រើប្រាស់សង្គ្រាមកូនជឹងនិងទម្រង់នៃសម្ពាធផ្សេងៗ ទៀត។
ទោះជាបែបនោះ ក្តី នៅពេលនេះ យើងរំពឹងថានឹងមាន ការប្រឈមមុខដាក់ គ្នាដោយផ្ទាល់ ។ ពួកឥស្សរជនរុស្ស៊ី បានបង្កើតបញ្ហាសម្រាប់ខ្លួនឯង ហើយពួកគេមានជំនឿយ៉ាងចម្លែកជាច្រើនអំពីជាតិនិយមបែបស្តាំនិយមជ្រុល និងសព្វាវុធរយៈចម្ងាយឆ្ងាយ។ ការផ្តល់កម្លាំងដល់ពួកជ្រុលនិយម ទាំងនេះនឹងក្លាយជាការផ្តល់សន្ទុះកាន់តែ ច្រើនបន្ថែមទៀត ដល់ពួកគេ។
ការកំណត់តម្លៃនាំចេញប្រេងរុស្ស៊ី គឺមានភាពចាំបាច់ក្នុងការកាត់បន្ថយចំនួនសាច់ប្រាក់ ដែលរុស្ស៊ីអាចយក ទៅចំណាយលើសកម្មភាពកម្រោល ទាំងនេះបាន។ ភស្តុតាងនៅពេលកន្លងមកនេះបានបង្ហាញថា អ្វីៗទាំងអស់បានដំណើរការដូចមានការគ្រោង ទុក ដោយប្រទេសឥណ្ឌានិងចិនអាចទិញប្រេងពីរុស្ស៊ីក្នុងតម្លៃទាបខ្លាំង បើប្រៀបធៀបទៅនឹងតម្លៃលើទីផ្សារពិភពលោក។ គេចាំបាច់ត្រូវមានការដាក់ចេញ នូវវិធានការបន្ថែម ទៀតដែលរួមមានទាំងការពន្លឿនការ វិនិយោគលើថាមពលកកើតឡើងវិញដើម្បីកាត់បន្ថយតម្រូវការប្រេង ពិភពលោក។ ប្រសិនបើយើងបន្តពឹងផ្អែកទៅលើរុស្ស៊ីនិងសម្ព័ន្ធមិត្តរបស់ពួកគេនៅក្នុងក្រុមប្រទេស OPEC+ នោះសមត្ថភាពនិង ចេតនាក្នុងការបន្ទច់បង្អាក់ដល់សេដ្ឋកិច្ចរបស់យើងនឹងនៅតែកើតមានឡើង។ នៅពេលនេះ វាពិតជាមានតម្រូវ ការក្នុងការបង្វែការ យកចិត្តទុកដាក់ផ្នែកសន្តិសុខជាតិកាន់តែខ្លាំងឆ្ពោះទៅរកអន្តរកាលថាមពល។
អត្រាអតិផរណាខ្ពស់នៅទសវត្សរ៍ឆ្នាំ1970 បណ្តាលមកពីមូលហេតុជា ច្រើន ដោយរាប់ចាប់តាំងពីភាពតានតឹងផ្នែកសេដ្ឋកិច្ចនៅទសវត្សរ៍ឆ្នាំ1960 និងសង្គ្រាមនៅវៀតណាម។ ប៉ុន្តែកត្តាដែលធ្វើឱ្យបញ្ហានោះកាន់តែ មានសភាពអាក្រក់បន្ថែមទៀតនោះគឺ ដោយសារតែវិបត្តិតម្លៃប្រេងចំនួន 2លើក គឺនៅឆ្នាំ 1973 ម្តង និងនៅឆ្នាំ1979 ម្តង។ សមាជិកក្រុមប្រទេស OPEC+ យល់ថា ពួកគេអាច មានអំណាចក្នុងការ បង្កើតរឿងនេះម្តងទៀត ទៅតាមពេលវេលាដែលពួកគេជ្រើសរើស ឬនៅពេលក្រោយដែលរុស្ស៊ីស្នើសុំឱ្យជួយ។ តម្រូវការនិងការផ្គត់ផ្គង់ប្រេង ពិតជាមិនអាចឆ្លើយតបទៅនឹងតម្លៃប្រេងនៅក្នុងរយៈ ពេលខ្លីទេ ប៉ុន្តែតាមប្រវត្តិសាស្ត្រ វាពិតជាមានលក្ខណៈសម្បត្តិឆ្លើយតបក្នុងរយៈពេលចន្លោះពី 5 ទៅ 10 ឆ្នាំ។ នៅឆ្នាំ2023 និងឆ្នាំខាងមុខ លោកខាងលិច ចាំបាច់ត្រូវផ្តោតកាន់តែខ្លាំងបន្ថែម ទៀតលើការកាត់ បន្ថយតម្រូវការឥន្ធនៈហ្វូស៊ីល ជាពិសេស គឺប្រេង ហើយត្រូវបង្កើនការផ្គត់ផ្គង់ប្រភពថាមពលផ្សេងដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី និង OPEC៕
*ប្រែសម្រួលពី គេហទំព័រ Project Syndicate ថ្ងៃទី04/01/2023