Close

ខេត្តព្រះសីហនុបង្ហាញសក្តានុពលជាច្រើនទាក់ទាញក្រុមហ៊ុន-សហគ្រាសចិនមកបណ្តាក់ទុន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ សង្គម
ខេត្តព្រះសីហនុបង្ហាញសក្តានុពលជាច្រើនទាក់ទាញក្រុមហ៊ុន-សហគ្រាសចិនមកបណ្តាក់ទុន ខេត្តព្រះសីហនុបង្ហាញសក្តានុពលជាច្រើនទាក់ទាញក្រុមហ៊ុន-សហគ្រាសចិនមកបណ្តាក់ទុន

ភ្នំពេញ ៖ ខេត្តព្រះសីហនុជាខេត្តតំបន់ឆ្នេរមានធនធានធម្មជាតិ និងសក្តានុពលជាច្រើនក្នុងវិស័យសេដ្ឋកិច្ច ដែលបានទាក់ទាញក្រុមហ៊ុន-សហគ្រាសជាច្រើនមកបណ្តាក់ទុន ពិសេសក្រុមហ៊ុនចិន បាន និងកំពុងធ្វើការវិនិយោគនៅខេត្តជាប់មាត់សមុទ្រមួយនេះ។

ជាក់ស្តែង នៅថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣ សហគ្រិនចំនួន ៥១ សហគ្រាសទូទាំងប្រទេសចិនមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុរយៈពេលមួយថ្ងៃ ក្នុងគោលបំណងអង្កេតទីផ្សារពាក់ព័ន្ធ និងកំពង់ផែតំបន់សេដ្ឋកិច្ចពិសេសមណ្ឌលកម្សាន្ត និងទេសចរណ៍ ក៏ដូចជាវិស័យសណ្ឋាគារ ហើយបង្ហាញការចាប់អារម្មណ៍ និងចូលមកបណ្ដាក់ទុនវិនិយោគក្នុងខេត្តមួយនេះ។

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងក្នុងជំនួបប្រតិភូនៃសមាគម HEHEHUI សាធារណរដ្ឋប្រជាមានិតចិនថា ខេត្តព្រះសីហនុជាខេត្តតំបន់ឆ្នេរ មានធនធានធម្មជាតិ សក្តានុពលជាច្រើនរួមមានវិស័យសេដ្ឋកិច្ច វិស័យឧស្សាហកម្មពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។

បច្ចុប្បន្នខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយសិក្សាបែងចែកជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្មឧស្សាហកម្ម រដ្ឋបាល ទេសចរណ៍ តំបន់សាសនា និងវប្បធម៌ ជាដើម។

ស្របជាមួយគ្នានេះ តាមរយៈការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចជាតិ ឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាតបំផុតនៅលើសកលលោក សម្រាប់ការសំរាកលំហែកំសាន្ត មជ្ឍមណ្ឌលគាំទ្រផលិតកម្មបរិច្ចេកវិទ្យា និងការឆ្នៃប្រឌិត ច្រកទ្វារអន្តរជាតិ និងភស្តុភារជាតិ សម្រាប់តភ្ជាប់ទៅកាន់ទីផ្សារអាស៊ាន និងពិភពលោក ទីក្រុងគំរូក្នុងការគ្រប់គ្រង និងអភិបាលកិច្ចល្អ ជាមួយសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធសម្ភារៈប្រើប្រាស់ និងឱកាសការងារ។

លោកបានឱ្យដឹងបន្ថែមថា នៅឆ្នាំ ២០១០ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរទៅជា “ទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នៅឆ្នាំ២០១៩ ប្រទេសទាំងពីរក៏បានចាប់ផ្ដើមរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

សម្រាប់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពអន្តរជាតិខេត្តព្រះសីហនុ បានបង្កើតសម្ព័ន្ធភាពខេត្ត-ក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុង នៅប្រទេសចិន បានចំនួន ១៧ ផងដែរ។

លោក អ៉ិន លីវពីង ប្រធានសមាគមហឺហឺហ៊ួយ (HEHEHUI) នៃសាធារណរដ្ឋប្រជាមានិតចិនបានដឹកនាំសហគ្រិន ៥១ សហគ្រាសទូទាំងប្រទេសចិនមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុរយៈពេលមួយថ្ងៃ ក្នុងគោលបំណងអង្កេតទីផ្សារពាក់ព័ន្ធ និងកំពង់ផែតំបន់សេដ្ឋកិច្ចពិសេសមណ្ឌលកម្សាន្ត និងទេសចរណ៍ក៏ដូចជាវិស័យសណ្ឋាគារ។

លោកបានលើកឡើងថា ខេត្តព្រះសីហនុគឺមានការអភិវឌ្ឍរីកចម្រើន និងជាកន្លែង ដែលអ្នកវិនិយោគចិនមានការចាប់អារម្មណ៍ និងចូលមកបណ្ដាក់ទុនវិនិយោគ ក្នុងនោះក៏មានអ្នកវិនិយោគក្នុងសមាគមរបស់លោកមួយចំនួនបានចូលមកវិនិយោគរួចមកហើយដែរនាពេលកន្លងមក។

លោកក៏បានបន្ថែមថា ខេត្តព្រះសីហនុក្នុងគោលការណ៍អនុវត្តផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន ជាក់ស្ដែងផ្លូវល្បឿនលឿនពីភ្នំពេញមកខេត្តព្រះសីហនុបាន និងកំពុងឲ្យដំណើរការ ដែលជាការអភិវឌ្ឍន៍របស់ប្រទេសចិនទាំងនេះ គឺជាការដកពិសោធន៍ដោយផ្ទាល់អំពីអត្ថប្រយោជន៍ ដែលយើងបានលើកឡើងថា ជោគវាសនារួមតែមួយរវាងប្រទេសចិនកម្ពុជាក្នុងការរឹតចំណងមិត្តភាពដែកថែប។

លោកសង្ឃឹមថា រដ្ឋបាលខេត្តជួយជ្រោមជ្រែងលើកទឹកចិត្តដល់សហគ្រិននៃគណៈប្រតិភូដែលមានជំនឿលើរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំខេត្តដូចនេះ សហគមន៍ និងចូលរួមភិវឌ្ឍន៍ជាមួយរដ្ឋបាលខេត្តធ្វើយ៉ាងណាឲ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍធ្វើឱ្យខេត្តក្លាយទៅជាទីក្រុងទំនើបឆ្លាតដូចចក្ខុវិស័យរបស់រដ្ឋបាលខេត្តដែលបានអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ៕

អត្ថបទទាក់ទង