Close

កម្ពុជា-អូស្ត្រាលី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជា-អូស្ត្រាលី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កម្ពុជា-អូស្ត្រាលី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា

ភ្នំពេញ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅថ្ងៃទី​១២ ខែធ្នូ នេះ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTA Portal) ដើម្បីផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ ស្វែងរកព័ត៌មាន និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក។

ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមដោយតំណាងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា តំណាង CAPRED និងតំណាងវិស័យជននានាជាច្រើនរូប។

កម្ពុជា-អូស្ត្រាលីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា

ថ្លែងក្នុងពិធីសម្ពោធនេះ លោកស្រីវរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia Australia Partnership for Resilient Economic Development – CAPRED) ក្រុមការងារក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Cambodia FTA Portal) ដែលជាថ្នាលថ្មីស្រឡាងមួយបង្កើតឡើង ដែលអនុញ្ញាតឱ្យធុរជន វិនិយោគិន អ្នកនាំចេញ ផលិតករ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ អាចស្វែងរក និងជ្រើសយកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម/កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយ ដែលល្អសាកសមបំផុត ព្រមទាំងស្វែងយល់បន្ថែមនូវព័ត៌មានសំខាន់ៗនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក តាមរយៈមុខងារប្រៀបធៀបអត្រាពន្ធគយ និងវិធានដើមកំណើតទំនិញជាដើម ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធទាំងអស់នេះ។

កម្ពុជា-អូស្ត្រាលីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា

ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានអំពាវនាវដល់វិស័យឯកជនពាក់ព័ន្ធ ជាពិសេសអ្នកនាំចេញ ឲ្យប្រើប្រាស់ថ្នាលនេះឱ្យអស់លទ្ធភាព និងផ្សព្វផ្សាយបន្ថែមដល់សមាជិកសមាជិការបស់ខ្លួន ដើម្បីបញ្ចៀសនូវការបាត់បង់ផលប្រយោជន៍ដោយប្រការណាមួយ ព្រមទាំងអាចចូលរួមជាធាតុចូលបន្ថែមក្នុងករណីមានការខ្វះខាតដោយយថាហេតុផងដែរ។

ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTA Portal) គឺជាថ្នាលមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការចូលប្រើប្រាស់ ស្វែងរកព័ត៌មានដើម្បីទទួលបានការយល់ដឹង និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក។ ថ្នាលព័ត៌មាននេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជករ អ្នកនាំចេញនាំចូល និងភាគីពាក់ព័ន្ធរួមមាន៖ (១). ទទួលបានការយល់ដឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក (២). ទទួលបានការយល់ដឹងពីស្ថានភាព និងនីតិវិធីនៃការនាំចេញ និង (៣). ការជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៕

កម្ពុជា-អូស្ត្រាលីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា