អូស្ត្រាលីជំរុញវិស័យគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក
ភ្នំពេញ៖ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេលើពិភពលោក ប៉ុន្តែភាគច្រើនត្រូវបាននាំចេញជាវត្ថុធាតុដើមមិនទាន់បានកែច្នៃ។ ការលើកកម្ពស់ការកែច្នៃក្នុងស្រុក អាចបង្កើតតម្លៃបន្ថែមសម្រាប់កសិករ និងពង្រឹងឧស្សាហកម្មមួយនេះ។
អូស្ត្រាលី បានគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈកម្មវិធី CAPRED ដោយបានគាំទ្រ ក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីកម្ពុជាចំនួនបួន និងតំណាងរាជរដ្ឋាភិបាល ក្នុងការចូលរួមសន្និសីទគ្រាប់ស្វាយចន្ទីពិភពលោកឆ្នាំ ២០២៥ នៅទីក្រុងឌូបៃ។
កម្មវិធីនេះ ជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតគ្រាប់ស្វាយចន្ទីជាមួយអ្នកវិនិយោគ អ្នកកែច្នៃគ្រាប់ស្វាយចន្ទី និងអ្នកបញ្ជាទិញមកពីជុំវិញពិភពលោក។
ការគាំទ្រនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើភាពជោគជ័យកាលពីឆ្នាំមុន នៅពេលដែលកម្មវិធី CAPRED បានគាំទ្រក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីចំនួន ១០ ដើម្បីចូលរួមនៅក្នុងសន្និសីទគ្រាប់ស្វាយចន្ទីពិភពលោកឆ្នាំ ២០២៤ នៅក្នុងខេត្តសៀមរាប ដែលនាំឱ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិថ្មីៗ។
តាមរយៈការពង្រឹងទំនាក់ទំនងទីផ្សារ និងសមត្ថភាពកែច្នៃ អូស្ត្រាលីកំពុងជួយកម្ពុជាក្នុងការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ៕