លោក កែវ រ៉េមី រិះគន់សមាជិក UNESCO មិនចេញមកថ្កោលទោសរាល់ការបំផ្លិចបំផ្លាញប្រាសាទពីសំណាក់ទាហានថៃ
ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញមុខមករិះគន់សមាជិក UNESCO ដែលមានចំនួន ១៩៤ ប្រទេស ដែលមិនចេញមុខមកថ្កោលទោស ឬ មានវិធានការចំពោះទាហានថៃដែលបានបំផ្លិចបំផ្លាញប្រាសាទដែលជាសម្បត្តិវប្បធម៌មនុស្សជាតិ។
លោក កែវ រ៉េ មី បានរិះគន់បែបនេះ បន្ទាប់ពីយោធាថៃបានបន្តបាញ់បំផ្លាញប្រាសាទតាក្របី បន្ថែមទៀត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងខេត្តឧត្តរមានជ័យ និងប្រាង្គប្រាសាទព្រះវិហារ សម្បត្តិវប្បធម៌កេរមរតកដូនតាខ្មែរជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ត្រូវបានរងការខូចខាតដោយសារតែសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា កាលពីខែកក្កដា និងនៅខែធ្នូ ឆ្នាំ២០២៥ នេះ។
លោក កែ រ៉េមី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ប្រទេសដែលជាសមាជិក UNESCO មានចំនួន ១៩៤ ប្រទេស។ នៅក្នុងអាណត្តិមុនៗនៃអ្នកដឹកនាំ UNESCO ក្រៅតែមានចំណេះជំនាញក៏មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចេះស្រឡាញ់និងឲ្យតម្លៃទៅលើប្រាសាទបុរាណទៅលើសម្បត្តិបេតិកភណ្ឌជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោក»។

លោកបន្តថា « រាល់ការប៉ះទង្គិចនូវជម្លោះផ្ទៃក្នុង ឬជម្លោះប្រទេសនិងប្រទេស UNESCO តែងតែចេញនូវសេចក្តីថ្លែងការណ៍ក្នុងការការពារ និងបង្កាទប់ស្កាត់ដែលនឹងអាចប៉ះពាល់ ឬឈានទៅបំផ្លាញដល់សម្បត្តិវប្បធម៌មនុស្សជាតិ»។
លោកទេសរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «តែឥឡូវទាហានថៃបានដៃបំផ្លិចបំផ្លាញនូវសម្បត្តិបេតិកភណ្ឌពិភពលោកតាំងពីដំណាក់កាលឈ្លានពានលើកទីមួយរហូតដល់ពេលនេះក៏គ្មានអ្នកជំនាញណា ឬអ្នកទទួលខុសត្រូវនៅក្នុងស្ថាប័នអន្តរជាតិណាបានចេញមុខទប់ស្កាត់ ឬថ្កោលទោសរាល់ការបំផ្លិចបំផ្លាញរបស់ទាហានថៃ»។
បើតាមលោកទេសរដ្ឋមន្ត្រី កែ រ៉េមី ផ្ទាំងថ្មទាំងឡាយដែលជាស្នាដៃនែបុព្វបុរសខ្មែរបាននិងកំពុងស្រែកការឈឺចាប់ដង្ហោយហៅអ្នកជួយសង្រ្គោះចេញពីពួកទមិឡឈ្លានពានដែលជាសត្រូវប្រវត្តិសាស្ត្រុំ

ទាក់ទិននឹងបញ្ហានេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា យោធាថៃមិនមែនត្រឹមតែរំលោភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងយន្តហោះទម្លាក់គ្រាប់លើទីតាំងជនស៊ីវិលនោះទេ យោធាថៃបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោក។
លោករដ្ឋមន្ត្រីបន្ថែមថា យោធាថៃបានបន្តបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងខេត្តឧត្តរមានជ័យ។ចំណែក ប្រាង្គប្រាសាទព្រះវិហារ សម្បត្តិវប្បធម៌កេរមរតកដូនតាខ្មែរជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ត្រូវបានរងការខូចខាតដោយសារតែសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា កាលពីខែកក្កដា និងនៅខែធ្នូ ឆ្នាំ២០២៥ នេះ។

លោករដ្ឋមន្ត្រី បានថ្កោលទោសចំពោះអំពើឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា និងសូមសហគមន៍អន្តរជាតិចាប់បង្ខំភាគីថៃឱ្យអនុវត្តនូវសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី និងបញ្ឈប់ការធ្វើយុទ្ធនាការមួលបង្កាច់កម្ពុជា។
កម្ពុជាជាជនរងគ្រោះនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ ថៃបានបង្កហេតុគ្រប់បែបយ៉ាងដើម្បីមួលបង្កាច់និងចោទប្រកាន់កម្ពុជាដើម្បីរកលេសឈ្លានពានកម្ពុជា៕
