១១ខែ គ្រឹះស្ថានអង្គរ រកប្រាក់ចំណូលបានជាង ៤០លានដុល្លារ ពីការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរ
សៀមរាប៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបានបង្ហាញនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ មានភ្ញៀវទេសចរអន្តរជាតិទិញសំបុត្រដើរទស្សនារមណីយដ្ឋានអង្គរចំនួន ៨៦៧ ១៩៥នាក់ ដោយទទួលបានចំណូលចំនួន ៤០ ៤៨០ ៩៤៥ដុល្លារ ថយចុះ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។
របាយការណ៍ដដែលក៏បានបង្ហាញថា សម្រាប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរអន្ដរជាតិចំនួន ១០១ ៦៧៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ មានការថយចុះជាង១៨ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២៤ ដោយទទួលបានចំណូល ៤ ៩០៥ ១៦៤ដុល្លារអាមេរិក ថយចុះជាង ១៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

ដោយឡែកក្រៅពីចំណូលនៃការទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះការលក់សំបុត្រចូលទស្សនាប្រាសាទបេងមាលា មានចំនួន ១៤ ៦៩៩នាក់ ទទួលបានចំណូល ១៤៦ ៩៩០ដុល្លារ សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២៥ ខណៈការលក់សំបុត្រចូលទស្សនានៅភ្នំក្បាលស្ពានរកចំណូលបានចំនួន ៦ ៥៦០ដុល្លារ ផងដែរ៕
