Close

ធនាគារជាតិនៃកម្ពុជាប្រាប់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកតាមបណ្តាញសង្គម និងទូរស័ព្ទ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ សង្គម
ធនាគារជាតិនៃកម្ពុជាប្រាប់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកតាមបណ្តាញសង្គម និងទូរស័ព្ទ ធនាគារជាតិនៃកម្ពុជាប្រាប់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកតាមបណ្តាញសង្គម និងទូរស័ព្ទ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នាពេលថ្មីៗនេះមានជនខិលខូច មួយចំនួនបានព្យាយាមឆបោកប្រាក់តាមគ្រប់រូបភាពនៅតាមបណ្តាញសង្គម ដូចជា Telegram, Facebook និង TikTok ជាដើម ក៏ដូចជាតាមប្រព័ន្ធទូរស័ព្ទ ខណៈពេលដែលវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ជនខិលខូចបានឆបោកប្រាក់ជនរងគ្រោះ ដោយប្រើគណនីបណ្តាញសង្គមនៃសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្តាន ឬមិត្តភក្កិ ឬថ្នាក់ដឹកនាំសា្ថប័ននៃជនរងគ្រោះដែលពួកគេបានលួច រួចផ្ញើសារជាអក្សរ ឬជាសម្លេងបន្លំជាសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្តាន ឬមិត្តភក្ដិ ឬថ្នាក់ដឹកនាំស្ថាប័ន នៃជនរងគ្រោះ ឬទូរស័ព្ទផ្ទាល់ទៅកាន់ជនរងគ្រោះ ដើម្បីសុំខ្ចីប្រាក់ ឬផ្ទេរប្រាក់យកទៅប្រើប្រាស់បន្ទាន់ក្នុងរយៈពេលខ្លី ដោយផ្ទេរប្រាក់ឱ្យពួកគេតាមកម្មវិធីទូរស័ព្ទចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងាររបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ដែលអាចផ្ទេរប្រាក់បានងាយស្រួល និងឆាប់រហ័ស។

សេចក្តីដូចបានជម្រាបជូនខាងលើនេះ ធនាគារជាតិនៃកម្ពុជា បានស្នើឱ្យសាធារណជន រក្សាសុវត្ថិភាពព័ត៌មាននៃគណនីបណ្តាញសង្គមផ្ទាល់ខ្លួន និងស្វែងយល់ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនពេលផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងារ ដោយត្រូវផ្ទៀងផ្ទាត់តាមមធ្យោបាយអាចធ្វើទៅបាន ក្នុងការបញ្ជាក់ពីលេខទូរស័ព្ទ លេខគណនី និងអត្តសញ្ញាណអ្នកទទួលប្រាក់ ជាដើម ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់៕

អត្ថបទទាក់ទង