Close

កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ ចាប់ដំណើរការក្នុងជំហានដំបូង

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ ចាប់ដំណើរការក្នុងជំហានដំបូង កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ ចាប់ដំណើរការក្នុងជំហានដំបូង

ភ្នំពេញ​ ៖ ក្រសួងអប់រំ យុវជន និងកីឡា អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប ឬ KAPE) និងក្រុមហ៊ុន Meta (Facebook ) បានប្រកាសដាក់ដំណើរការកម្មវិធីសិក្សាថ្មីមួយ គឺកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ (Khmer Digital Literacy Programme) ដើម្បីលើកកម្ពស់ជំនាញឌីជីថលនៅក្នុងវិស័យអប់រំ និងក្នុងចំណោមសិស្សានុសិស្សកម្ពុជាដោយចាប់ផ្តើមនៅសាលាជំនាន់ថ្មី។

កម្មវិធីដាក់ដំណើរការជាផ្លូវការគម្រោងខាងលើ បានប្រព្រឹត្តទៅនៅថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០២៣ក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសនោះ លោកជំទាវ រដ្ឋលេខាធិការបានមានប្រសាសន៍ថា “វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជូនសាលារៀននូវជំនាញចាំបាច់ដើម្បីភាពរីកចម្រើនក្នុងយុគសម័យឌីជីថល ហើយយើងរង់ចាំមើលការលូតលាស់ និងភាពជោគជ័យរបស់ពួកគេ”។

សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល ដែលរួមបញ្ចូលគ្នានូវកម្មវិធីសិក្សាព័ត៌មានវិទ្យា ដែលមានស្រាប់នៅក្នុងសាលាជំនាន់ថ្មី និងកម្មវិធី We Think Digital នឹងផ្តល់ជូនគ្រូបង្គោលនូវចំណេះដឹងដើម្បីបង្រៀនក្នុងកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មនេះដល់សិស្សនៅតាមសាលាគោលដៅ។ កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងផ្តោតលើអ្នកដែលទើបនឹងប្រើប្រាស់អ៊ីនធឺណិត ឬអ្នកចង់លើកកម្ពស់ជំនាញឌីជីថលដែលមានស្រាប់។

លោកបណ្ឌិត ហេង ភក្តី ប្រធានគោលនយោបាយសាធារណៈនៃក្រុមហ៊ុន Meta ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា​ ៖ “ក្រុមហ៊ុន Meta យើងជឿថា អក្ខរកម្មឌីជីថលមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងពិភពឌីជីថល។ យើងមានមោទនភាព ដែលបានគាំទ្រដល់កម្មវិធីអក្ខរកម្មជីថលខ្មែរនិងកិច្ចប្រឹងប្រែងរបស់កម្មវិធីនេះក្នុងការផ្តល់ជូនពលរដ្ឋកម្ពុជានូវជំនាញដែលត្រូវការដើម្បីប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ យើងមានសេចក្តីរំភើប រីករាយដែលមើលឃើញលទ្ធផលជាវិជ្ជមានដែលកម្មវិធីនេះនឹងផ្តល់ជូនសហគមន៍ហើយយើងនឹងបន្តភាពជាដៃគូរបស់យើងជាមួយកម្មវិធីនេះទៅមុខទៀត”។

ដោយឡែក លោក ហ៊ីន ស៊ីមហួន នាយករងប្រតិបត្តិអង្គការ KAPE មានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Meta ដើម្បីដាក់ដំណើរការកម្មវិធីបណ្តុះបណ្តាលនេះ ដោយសារកម្មវិធីនេះនឹងជួយសិស្ស និងគ្រូបង្រៀនឱ្យបង្កើនជំនាញឌីជីថលរបស់ពួកគេ។

លោកបានបន្តថា​ គោលដៅរបស់កម្មវិធីអក្ខរកម្មឌីជីថលគឺដើម្បីផ្តល់ជូនចំណេះដឹង និងសមត្ថភាពដែលប្រជាពលរដ្ឋត្រូវការសម្រាប់ភាពរីកចម្រើនក្នុងយុគសម័យឌីជីថល នាពេលបច្ចុប្បន្ន តាមរយៈការផ្តល់ជូនមនុស្សគ្រប់គ្នានូវលទ្ធភាពទទួលបានចំណេះដឹងឌីជីថល តាមរយៈកម្មវិធីនេះ៕

អត្ថបទទាក់ទង