Close

គិតត្រឹមខែឧសភា គម្រោងវិនិយោគ ២៩៦ មានទុន ៧ពាន់លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 9:54 am ព័ត៌មានជាតិ
គិតត្រឹមខែឧសភា គម្រោងវិនិយោគ ២៩៦ មានទុន ៧ពាន់លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស គិតត្រឹមខែឧសភា គម្រោងវិនិយោគ ២៩៦ មានទុន ៧ពាន់លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស

ព្រះសីហនុ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ជំរុញឱ្យវិនិយោគិនផ្តល់មតិយោបល់ និងបញ្ហាប្រឈម ដើម្បីងាយស្រួលដោះស្រាយ ខណៈ គិតត្រឹមខែឧសភា ឆ្នាំនេះគម្រោងវិនិយោគចំនួន ២៩៦ ទុនវិនិយោគ ៧ពាន់លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល។

ការជំរុញរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បែបនេះ ធ្វើឡើងនៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥នេះ ក្នុងពេលសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុរៀបចំ សិក្ខាសាលា ស្តីពី «ការអនុវត្តគោលការណ៍លើកទឹកចិត្ត ក្រោមវិសាលភាពកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ។ សិក្ខាសាលានេះ មានគោលបំណងពិនិត្យមើលវឌ្ឍនភាព របស់ម្ចាស់គម្រោងដែលទទួលការលើកទឹកចិត្តផ្នែកពន្ធ និងការសម្រួលនីតិវិធី, ស្តាប់បញ្ហាប្រឈម និង ស្វែងរកដំណោះស្រាយជូនវិនិយោគិន ដើម្បីធានាបានថា ម្ចាស់គម្រោង/វិនិយោគិន អាចអនុវត្តគម្រោងរបស់ខ្លួនបានដោយរលូន និងឆាប់រហ័ស។

ថ្លែងនាឱកាសនោះ, លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី, ប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុបានគូសបញ្ជាក់ថា «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» គឺជាគំនិតផ្ដួចផ្ដើមដ៏ប្រពៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គិតត្រឹមខែឧសភា គម្រោងវិនិយោគ ២៩៦ មានទុន ៧ពាន់លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស

លោកបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា កម្មវិធីពិសេសនេះ មិនត្រឹមតែផ្តល់ការលើកទឹកចិត្តតាមរយៈការអនុគ្រោះពន្ធដារ និង ពន្ធគយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការសម្របសម្រួលគ្រប់ជ្រុងជ្រោយ តាមរយៈការសម្រួលនីតិវិធី និងផ្តល់ការគំាទ្រដោយផ្ទាល់ តាមយៈក្រុមការងារពិសេសរបស់រាជរដ្ឋាភិបាល ដែលមានតំណាងពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ។

លោកបណ្ឌិតសភាចារ្យបានបន្ថែមថា ភាពជោគជ័យនៃកម្មវិធីនេះ នឹងក្លាយជាគំរូដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍខេត្តផ្សេងទៀត ។ ជាមួយនេះ, លោកបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យវិនិយោគិន និងអ្នកចូលរួមទាំងអស់ ចូលរួមលើកមតិយោបល់ និង អំពីបញ្ហាប្រឈមដែលកំពុងជួបប្រទះ ក៏ដូចជាធ្វើការរាយការណ៍ជាប្រចាំ មកក្រុមការងារជំរុញការវិនិយោគ ដើម្បីក្រុមការងារមានព័ត៌មាន និង ធាតុចូលគ្រប់គ្រាន់ដើម្បីកំណត់បញ្ហា និង ដោះស្រាយជូន។

លើសពីនេះ, ក្រុមការងារនឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាប្រឹក្សាយោបល់, ការពន្យល់ច្បាស់ៗ, ការពិនិត្យ និង សម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ, ការសម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងការថែទាំវិនិយោគ ដោយឥតគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ និង ទំនុកចិត្ត តាមយន្តការ «ច្រកចេញចូលតែមួយ» ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធ ផ្តល់នូវការសម្របសម្រួលកិច្ចសហការ និងការគាំទ្រផ្សេងៗ។

នៅក្នុងខែមិថុនានេះ, ក្រុមការងារនឹងគ្រោងកិច្ចប្រជុំលើកទី១៧ ដើម្បីពិនិត្យ និងអនុម័តលើគម្រោងចំនួន ៣៥បន្ថែមទៀត។ សម្រាប់រយៈពេល ៥ខែដើមឆ្នាំ ២០២៥ មានគម្រោងសរុបចំនួន ៨៦ ដែលមានទំហំទុនគ្រោងវិនិយោគសរុប ៩៩៧.៥ លានដុល្លារអាមេរិកទទួលបានការលើកទឹកចិត្តធៀបនឹង ៥ខែដើមឆ្នាំ ២០២៤ ក្នុងរយៈពេលដូចគ្នា ដែលមានតែ ៤១គម្រោង ប៉ុណ្ណោះដែលទទួលការលើកទឹកចិត្ត ដែលនេះជាសញ្ញាបង្ហាញថា វិនិយោគិនកាន់តែមានទំនុកចិត្តលើក្រុមការងារ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ផ្អែកតាមនេះ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រួមទាំងក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏នឹងត្រូវបន្តខិតខំប្រឹងប្រែងថែមទៀត, ទ្វេដង និងជាបន្តបន្ទាប់ឥតដាច់ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច សំដៅទាក់ទាញ និងជំរុញការវិនិយោគថែមទៀត មកក្នុងខេត្តព្រះសីហនុ តាមរយៈ «ថែរក្សាអ្នកចាស់ និង ស្វែងរកអ្នកថ្មី» និង ការដោះស្រាយបញ្ហាជាកញ្ចប់ក្នុងអភិក្រម ««ជវភាព នៃប្រព័ន្ធតួអង្គតែមួយ»» ដើម្បីបង្កើតបានជាសហថាមពលដ៏រឹងមាំ រវាងរដ្ឋ និង វិស័យឯកជន ដែលជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការសម្រេចចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជា។

គិតត្រឹមខែឧសភា គម្រោងវិនិយោគ ២៩៦ មានទុន ៧ពាន់លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស

ទាក់ទិននឹងបញ្ហានេះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការជំរុញដល់ម្ចាស់សំណង់ទាំងអស់ក្នុងខេត្ត ជួយរៀបចំសាងសង់សំណង់ផ្នែកខាងក្រៅរបស់ខ្លួនឱ្យបានស្អាត មានស្តង់ដារត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាពសំណង់រឹងមាំ។

លោក ម៉ាង ស៊ីណេត បន្តថា “តាមរយ:ការជួបប្រជុំក្នុងនាមរដ្ឋបាលខេត្ត ជាមួយនឹងវិនិយោគគិនខេត្ត យើងបានរកឃើញនូវចំណុចមួយ ដែលក្នុងការជជែកពិភាក្សានោះគឺ រដ្ឋបាលខេត្តសូមឱ្យម្ចាស់សំណង់ទាំងអស់ នៅក្នុងក្របខ័ណ្ឌខេត្តព្រះសីហនុនេះ ជួយរៀបចំសាងសង់ផ្នែកខាងក្រៅ ដើម្បីធានាគុណភាពសំណង់ ដើម្បីចូលរួមលើកកម្ពស់សោភណ្ឌភាព នៅក្នុងក្របខ័ណ្ឌខេត្តព្រះសីហនុរបស់យើង និងជារូបភាពមួយបំផុសការវិនិយោគ នៅក្នុងក្របខ័ណ្ឌខេត្តព្រះសីហនុយើង”។

ជាមួយគ្នានេះ លោក អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់អ្នកវិយោគទាំងអស់ រួមគ្នាសហការជាមួយរដ្ឋបាលខេត្ត ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

សូមជម្រាបថា រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ជាលទ្ធផល ក្រុមការងារជំរុញការវិនិយោគ ទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣២៣គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» មានចំនួន ២៩៧គម្រោង មានទុនវិនិយោគសរុបប្រមាណជាង ៧ពាន់លានដុល្លារ (៧.០២៨.២៧២.០០០ដុល្លារ)៕

គិតត្រឹមខែឧសភា គម្រោងវិនិយោគ ២៩៦ មានទុន ៧ពាន់លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស